ស្វាព្រៃ​​ជិត​១០០​ក្បាល​ ដែល​គេ​ចិញ្ចឹម​​ធ្វើ​ជា​អាហារ​ ត្រូវ​​សមត្ថកិច្ច​​​ចុះ​រឹប​អូស​​យក​ទៅ​ប្រលែង​ភ្នំ​តាម៉ៅ​​

207

ព្រះវិហារ​៖ ​​ស្វា​ព្រៃ​ជិត​១០០​ក្បាល ​ដែល​ប្រជាពលរដ្ឋ​យក​មក​ចិញ្ចឹម ​ទុក​សម្រាប់​លក់​​ជា​អាហារ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ របស់​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ ខេត្តព្រះវិហារ ​ចុះ​ធ្វើការ​រឹបអូស​យក​ទៅ​ប្រលែង​ឲ្យ​មាន​សេរីភាព​វិញ​ នៅ​ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ​។

ករណីនេះ ធ្វើ​ឡើង​កាលពី​ថ្ងៃទី​៧​មិថុនា​ ម្សិលមិញនេះ​ នៅ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា ​សត្វ​ស្វា​ដែល​ដកហូត​បាន​ពី​ប្រជាពលរដ្ឋ​ ​មាន​ចំនួន​៩៥​ក្បាល ​សត្វ​ស្វា​ទាំងនេះ ​ត្រូវ​បាន​គេ​នាំយក​មក​ចិញ្ចឹម​ទុក​លក់​ដោយ​គ្មាន​ការអនុញ្ញាត រីឯ​ការ​នាំ​សត្វព្រៃ​មក​ចិញ្ចឹម​នោះ ត្រូវ​បាន​ច្បាប់​កម្ពុជា ​ហាមឃាត់​ជាដាច់ខាត​។​ ចំណែក គ្រួសារ​ដែល​ចិញ្ចឹម​សត្វ​ស្វា​លក់​នេះ ឈ្មោះ សេង គី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅក្នុង​មូលដ្ឋាន​ខាងលើ​។

សមត្ថកិច្ច បានបន្ដថា ​សត្វ​ស្វា​ដែល​ដកហូត​បាន​ទាំង​៩៥​ក្បាល​នោះ​ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល ​នាំយកទៅ​ដោះលែង​ឲ្យ​រស់រានមានជីវិត ​នៅក្នុង​ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ ស្ថិតនៅក្នុង​ស្រុក​បាទី ខេត្តតាកែវ​។

ដោយឡែក ស្ត្រី​ដែល​ចិញ្ចឹម​សត្វ​ស្វា​ទាំងនេះ ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​ បញ្ឈប់​ការទិញ លក់ និង​ការ​ចិញ្ចឹម​សត្វព្រៃ​ដោយ​ខុសច្បាប់ ។ បើ​ក្នុងករណី​មិន​រៀងចាល ​នៅ​ថ្ងៃក្រោយ​ សមត្ថកិច្ច​ជំនាញ​នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់ ​៕

ចំណែក