ដើមឈើធំៗក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្រុកអន្លង់វែង កំពុងរងការបំផ្លិចបំផ្លាញ

ឧត្តរមានជ័យ៖ ដើមឈើមានទំហំធំៗក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កំពុងរងការ​បំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញ ​សង្ស័យ​មានរួម​គំនិត​ពី​សំណាក់​អ្នក​ការពារ​ក្នុងដែនជម្រកនេះតែម្ដង។

តាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍មកថា ព្រៃតំបន់ការពាដែន​ជម្រកសត្វព្រៃគូលែន​ព្រហ្មទេព បច្ចុប្បន្ន​កំពុងរងការកាប់បំផ្លាញ​ព្រៃឈើធំៗ​ពី​សំណាក់​ក្រុមឈ្មួញ​យ៉ាង​អានាធិបតេយ្យ​ដោយ​ពុំមាន​ការទប់ស្កាត់​ពីសំណាក់អ្នកគ្រប់គ្រង់នៅតំបន់នោះឡើយ។ ​ពាក់ព័ន្ធ​បទល្មើសនេះ ប្រជាពលរដ្ឋ​ដាក់សង្ស័យថា ​មានការឃុបឃិតគ្នា​ពី​សំណាក់​អ្នក​ការពារ​ក្នុងដែន​ជម្រក​នោះតែម្ដង ទើប​ក្រុមខិលខូចធ្វើការ​កាប់បំផ្លាញព្រៃឈើបានយ៉ាងរលូន។

តាមប្រភពដដែល បានបង្ហើបទៀតថា ដីក្នុងតំបន់ដែនជម្រកគូលែនព្រហ្មទេព​ រាល់ថ្ងៃ​នាពេលយប់​មានឮសំឡេងម៉ាស៊ីន អារឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ក្នុងតំបន់​ដែន​ជម្រក​នេះ​រាល់ថ្ងៃយ៉ាងរលូន​ដោយមិនមានការរំខានពីមន្រ្តីជំនាញពាក់ព័ន្ធក្នុងតំបន់ខាងលើនោះទេ។

ប្រភពដដែល បានបន្តថា ដីព្រៃតំបន់អភិរក្សខាងលើនេះ ​គេមិនអនុញ្ញាត​ឲ្យប្រជាពលរដ្ឋដើរចូល​លេង​​នោះឡើយ​តែ​ពួកគាត់​ឆ្ងល់ថា ​បើអ្នកអារឈើអាចចូលបាន​ដោយ​មិន​មាន​ការហាមឃាត់​ឬរំខានពីនាក់ការពារនៅតំបន់ខាងលើនោះទេ។

ករណីនេះ ប្រជាពលរដ្ឋ​ស្នើសុំ​ដល់ក្រសួង មន្ទីរពាក់ព័ន្ធធ្វើយ៉ាង​ជួយ​ធ្វើការ​ចុះ​អង្កេត​ពិនិត្យមើលឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ករណីខាងលើ​នៅព្រៃតំបន់ដែន​ជម្រក ស្ថិតនៅក្នុងចំណុចភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនេះផង។

ពាក់ព័ន្ធព័ត៌មានខាងលើនេះ លោក ភួង លីណា ​ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឱ្យដឹងថា សព្វថ្ងៃនេះ​មានក្រុមការងារ​ពីក្រុមដែល​នៅបំពេញការងារ​នៅតំបន់​ដែន​ជម្រកគូលែន​ព្រហ្មទេព ទី១.មន្រ្តីឧទ្យានុរក្សរបស់បរិដ្ថាន។ ទី២.មន្រ្តីអង្គការអភិរក្សសត្វព្រៃកម្ពុជាជាអ្នកមើល និងការពារយ៉ាងយកចិត្តទុដាក់ក្នុងដែនជម្រកនោះ។លោក បន្តថា ឈើដែល​គេអារនោះ គឺយកទៅ​ធ្វើស្នាក់​យាម​នៅ​ទីនោះទេ​ ។ ចំពោះពលរដ្ឋថា​មានអ្នកចូលកាប់អារឈើ​នៅតំបន់នោះ ​គឺមិ​ន​មាន​ដូច​ដែល​ពលរដ្ឋ​និយាយ​នោះឡើយ។

ករណីខាងលើនេះ ប្រជាពលរដ្ឋ​យល់​ឃើញថា មិនខុសអីពី​កន្ទេលធំបន្លំដេក​នោះទេ៕

CATEGORIES
Share This