អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនជនពិការ អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន ឃុំស្ទឹងកាច់

ប៉ៃលិន៖ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនដល់ជនពិការ ចំនួន២៩៤នាក់ ក្នុងសហគមន៍ មកពីឃុំស្ទឹងកាច់ ក្នុងស្រុកសាលា ក្រៅ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រង របបគោលនយោបាយចំពោះជនមានពិការក្រីក្រក្នុងសហគមន៍ខេត្តប៉ៃលិន។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ការផ្តល់ប្រាក់របបគោលនយោបាយ ពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងនិតិសម្បទាពេលនេះ គឺដើម្បីចូលរួមចំណែក ដោះស្រាយ លើកកំពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានមួយកំរិត តែមិនបានបំពេញតាមតំរូវការខ្វះខាតរបស់បងប្អូនទាំងអស់ទេ ហើយអ្វីដែលសំខាន់គឺ បងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិតដោយខ្លួនឯង ដោយត្រូវខិតខំបង្កបង្កើតផលដាំដំណាំ ចិញ្ចឹមសត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញរបស់បងប្អូន ដើម្បីបង្កើនជីវភាពគ្រួសារអោយបានប្រសើរឡើង។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមម្លប់សន្តិភាព រាជដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយមានការកសាងនូវមន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ យ៉ាងច្រើនខ្វាត់ខ្វែងទូទាំងប្រទេស សម្រួលដល់ការបង្ករបង្កើនផលដំណាំ ចិញ្ចឹមសត្វ ការធ្វើដំណើរ ដឹកជញ្ជូន សព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគបរទេស មកដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា បង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើនជាលំដាប់។

លោកជំទាវបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ចំពោះបងប្អូនជនមានពិការភាព រាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់ អំពីសុខទុក្ខ និងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូន និងគ្រួសារមានភាពប្រសើរឡើង និងការគាំពារដូចបងប្អូនប្រជាពលរដ្ឋយើងផងដែរ ដែលនេះជាការគិតគូរគួរសុខទុក្ខរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះលោកតាលោកយាយ និងបងប្អូនជនពិការយើង ជាពិសេសខេត្តប៉ៃលិនយើងត្រូវបានអនុញ្ញាតិឲ្យសាកល្បង និងដំណើរការផ្តល់ប័ណ្ណសង្គមកិច្ច និងផ្តល់របបគោលនយោបាយជនពិការក្រីក្រក្នុងសហគមន៍មុនខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

បើយោងតាមលោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានអោយដឹងថា៖
គណៈកម្មការបានធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ,សម្រាប់ឆ្នាំ២០២២បានធ្វើបច្ចុប្បន្នភាព លុបជនមានពិការដែលទទួល មរណៈភាពសរុបចំនួន៨១នាក់ ស្រី២៦នាក់ទូទាំងខេត្ត ក្នុងនោះឃុំស្ទឹងកាច់ លុបចំនួន១៥នាក់ ស្រី៦នាក់ និងបើក ផ្តល់ជូនថ្ងៃនេះ២៩៤នាក់ ស្រី៨៧នាក់ ទទួលរបប ៦ខែចំនួន១២៨នាក់ ស្រី៣៣នាក់ និងរបប១២ខែចំនួន ១៦៦នាក់ ស្រី៥៥នាក់។

គួររំលឹកថា ការផ្តល់ជូនរបបគោលនយោបាយនេះ គឺមិនផ្តល់ជូនរហូតមួយជីវិតទេ ការបន្ត ឬផ្អាកគឺអាស្រ័យលើការ ត្រួតពិនិត្យ និងវាយតម្លៃពីគណៈកម្មការគ្រប់គ្រងគោលនយោបាយដែលត្រូវធ្វើមួយឆ្នាំម្តង ៕

CATEGORIES
Share This