មន្ត្រីជំនាញ ឃាត់រថយន្តដឹកទំនិញមួយគ្រឿង ក្រោយសង្ស័យផ្ទុកលើសទម្ងន់ បានផ្អៀងចាក់ជីចោលពេញផ្លូវ

បាត់ដំបង ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានឃាត់យករថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង ក្រោយសង្ស័យថា បានផ្ទុកលើសទម្ងន់បណ្តាលអោយផ្អៀង ចាក់ជីចោលពេញផ្លូវនៅវេលាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវកោងមួយកន្លែងស្ថិតក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនកើតហេតុ គេឃើញរថយន្តដឹកទំនិញធុនធ្ងន់ម៉ាក HUYNDAI ពណ៌ខៀវ មួយគ្រឿងផ្ទុកជីពេញ បើកបរដោយបុរសម្នាក់ដែលអះអាងថា បានដឹកចេញពីខេត្តបន្ទាយមានជ័យ តាមបណ្តោយផ្លូវជាតិលេខ៥ ឆ្ពោះមកខេត្តបាត់ដំបង លុះមកដល់ចំណុចផ្លូវកោងក្នុងភូមិសាស្ត្រខាងលើ ក៏ស្រាប់តែរថយន្តផ្អៀងទ្រុងចង់ក្រឡាប់ និងជ្រុះជីពេញផ្លូវ ទើបតៃកុងបង្ខំចិត្តឈប់ចតចោល ដើម្បីរើទំលាក់ចុះមកខាងក្រោម ។

ក្រោយពេលកើតហេតុ ក្រុមមន្ត្រីជំនាញក្រោមការដឹកនាំបញ្ជារផ្ទាល់ពី ឯកឧត្តម ព្រួញ រិទ្ធថា ដែលជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះទៅពិនិត្យសួរនាំ ដោយខាងតៃកុងរថយន្តបានអះអាងថា ជីដែលខ្លួនដឹកផ្ទុកនៅក្នុងរថយន្តគឺមានចំនួន ១០០០ការ៉ុងតែមិនបានបង្ហាញវិក័យប័ត្រនោះទេ តែបើទោះបីយ៉ាងណា បើតាមការលើកឡើងពីមន្ត្រីជំនាញ សម្រាប់ចំនួនមួយនេះ បើយើងគុណទៅនិងទម្ងន់ក្នុងមួយការ៉ុង៥០គីឡូក្រាម បូករួមជាមួយទម្រង់កង់ វាមិនក្រោមពី៧០តោននោះទេ ដូច្នេះទើបមន្ត្រីជំនាញរឹបអូសយករថយន្តនិងទំនិញទៅថ្លឹងដើម្បីធ្វើការផាកពិន័យ និងឃាត់រថយន្តទុករយៈពេល០១ឆ្នាំផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This