គយនិងរដ្ឋាករខេត្តកំពង់ស្ពឺ ក្របួចរថយន្តទំនើបមួយគ្រឿង របស់មន្ត្រីពន្ធនាគារ

កំពង់ស្ពឺ ៖ រថយន្តសេរីទំនើបមួយគ្រឿង ដែលចតចោលនៅមុខផ្ទះ ត្រូវបានមន្ត្រីគយនិងរដ្ឋាករសាខាខេត្តកំពង់ស្ពឺ រឹបអូស ក្រោយពិនិត្យឃើញថា មិនមានពន្ធនាំចូល ។

ការរឹបអូសនេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណជា៨ និង២០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំនុចមុខផ្ទះក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

លោក ប្រាក់ សុចិត្រា  ប្រធានការិយាល័យត្រួតពិនិត្យនៃសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយមានការសង្ស័យលើរថយន្តមួយគ្រឿង ប្រភេទលុចស៊ីស 400h បំពាក់ស្លាកលេខ(នប) ដែលចតចោលនៅមុខផ្ទះ កម្លាំងជំនាញបានចុះទៅពិនិត្យ និងសួរនាំរកឯកសារពាក់ពន្ធ័ ។ ក្រោយពិនិត្យ និងយោងតាមចម្លើយសារភាពរបស់ម្ចាស់យានយន្ត កម្លាំងជំនាញក៏បាននាំយករថយន្តនោះ មកកាន់សាខាគយនិងរដ្ឋាករខេត្ត ដើម្បីកសាងឯកសារ ឱម្ចាស់ចូលខ្លួនបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ។

សូមបញ្ជាក់ថា រថយន្តខាងលើមានឈ្មោះ អ៊ុន សុខុម មានឋានន្តរសក្តិថ្នាក់វរសេនីយ៍ទោ បម្រើការងារនៅពន្ធនាគារខេត្តកំពង់ស្ពឺ ។ ភរិយារបស់លោកបានប្រាប់ថា រថយន្តនេះ បានទិញមកជិះច្រើនឆ្នាំហើយ ដោយឃើញវាថោក ហើយស្អាត អាចជិះបំពេញការងារបាន ក៏សម្រេចទិញវាមកជិះ តែមិននឹកស្មានថា ត្រូវគយចាប់ដូច្នេះទេ ។ តែទោះជាយ៉ាងណា គាត់ថាមិនជំទាស់និងការចាប់របស់ក្រុមគយទេ បើគយគិតថា រថយន្តគាត់ជិះមិនស្របច្បាប់ គយចាប់ចុះ ហើយបើឱ្យបង់ពន្ធគាត់គ្មានលទ្ធភាពទេ មួយវិញទៀត បើបង់ពន្ធក៏មិនដឹងបង់ធ្វើអី បើរថយន្តកាត់តជាច្រើនកំណាត់អញ្ចឹងនោះ ។

ពាក់ពន្ធ័និងការចាប់រថយន្តស្លាកលេខ(នប) របស់មន្ត្រីពន្ធនាគារខាងលើ មហាជនបាននិយាយថា បច្ចុប្បន្ននេះនៅក្នុងខេត្តកំពង់ស្ពឺ មានរថយន្តអត់ពន្ធច្រើនណាស់ដែលបាននិងកំពុងចរាចរណ៍ ធ្វើអាជីវកម្មដោយរថយន្តភាគច្រើន ជ្រកក្រោមស្លាកលេខសមត្ថកិច្ច ពិសេសគឺរថយន្តធុនធំ ធ្វើអាជីវកម្មដឹកដី ដឹកខ្សាច់នៅតាមការដ្ឋាន ។

ជាមួយគ្នានេះ មតិមហាជនក៏បានបង្ហើបផងដែរថា ភូមិព្នៅ ស្ថិតនៅក្នុងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ បច្ចុប្បន្នបាននិងកំពុងក្លាយជាភូមិតំឡើងរថយន្តបែនដឹកដី គ្មានពន្ធតាំងលក់ពាស់ពេញភូមិ មន្ត្រីគយអត់ដែលចុះពិនិត្យ ឬបង្ក្រាបទេ គេសង្ស័យថា ប្រហែលជាមានការត្រូវរ៉ូវណាមួយហើយទើបសុខសាន្តយ៉ាងនេះ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This