ក្រុមចលនាម៉ូតូកង់បី និងម៉ូតូឌុប ចំនួន២០០នាក់បានធ្វើតេស្តស្វែងរកមេរោគកូវីដ១៩

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក្រោមការរៀបចំដោយមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្ត បានចុះពិនិត្យសំណាកដល់ក្រុមចលនាម៉ូតូកង់បី ខ្មែរសន្តិភាព និងម៉ូតូឌុបចំនួនប្រមាណ ២០០នាក់ដើម្បីតេស្តរហ័សស្វែងរកមេរោគកូវីដ១៩ គោលបំណងត្រៀមខ្លួនចូលរួមក្នុងកម្មវិធីចែករង្វាន់ម៉ូតូសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទេសA ឆ្នាំសិក្សា២០២១-២០២២ នឹងសំណេះសំណាលចែកអំណោយប្រជាពលរដ្ឋក្រីក្រចំនួន៥០០គ្រួសារ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។

លោក ដុស ផល្លា ប្រធានក្រុមម៉ូតូកង់បី ខ្មែរសន្តិភាពខេត្តបាត់ដំបងបានអោយដឹងថា ក្រុមម៉ូតូកង់បីខ្មែរសន្តិភាព ដែលបានមកតេស្តរហ័សស្វែងរកមេរោគកូវីដ១៩ នាពេលនេះភាគច្រើនពួកគាត់ជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលមកពីសង្កាត់ទួលតាឯក សង្កាត់ស្លាកែត សង្កាត់ក្តុលដូនទាវ សង្កាត់ស្វាយប៉ោ ស្រុកសង្កែ នឹងស្រុកថ្មគោល។

ហើយបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ ក្រោយបញ្ចប់ការតេស្តសំណាករួចមក ឃើញថា ក្រុមម៉ូតូកង់បីខ្មែរសន្តិភាព និងម៉ូតូឌុប ទាំង២០០នាក់ ក្នុងនោះស្រីចំនួន៦២នាក់ គឺមិនមានរកឃើញវិជ្ជមានកូវីដ១៩នោះទេ នេះសបញ្ជាក់អោយឃើញថាពលរដ្ឋយើងមានការយល់ដឹងខ្ពស់អំពីតម្លៃនៃវ៉ាក់សាំង ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបស់សម្តេចតេជោ ហ៊ុន សែន លោកបានខិតខំទិញ និងស្វែងរកដើម្បីយកមកចាក់ស្រោចជូន ហើយប្រជាពលរដ្ឋខ្លួនឯងក៏បានចូលរួមបន្តនាំគ្នាទៅចាក់វ៉ាក់សាំងដូសជុំរុញ ដូសទី៤ ទី៥ និងទី៦ផងដែរ។

ហើយក្រោយពីទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩ ក្រុមម៉ូតូកង់បី ខ្មែរសន្តិភាព នឹងម៉ូតូឌុប ក៏ទទួលបាននូវអាវយឺត១ នឹងប័ណ្ណចូលរួមកម្មវិធី១សន្លឹក ដែលជាការឧបត្ថមពីឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តបាត់ដំបងផងដែរ៕

CATEGORIES
Share This