ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៩គ្រួសារ រស់នៅឃុំគារ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី
ខេត្តបាត់ដំបង នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី ដឹកនាំដោយ លោក ទេព ហន ប្រធានគណ:កម្មាធិការអនុសាខាស្រុកនិងសហការីបានអញ្ចើញសំណេះសំណាលសួរសុខទុក និងបានផ្តល់អំណោយមនុស្សធម៌ជូនដល់ចាស់ឥតទីពឹង ជនមានពិការភាពសរុបចំនួន ៩គ្រួសារ ក្នុងភូមិចំនួន៣នៃឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាក ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។
បន្ថែមពីនេះ លោក ទេព ហនបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។
លោកប្រធានអនុសាខាស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ព្រោះថាអំណោយរបស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាកដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ ហើយសូមបងប្អូនទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ព្រោះមានតែសន្តិភាពទេដែលអាចឱ្យប្រទេសយើងមានការអភិវឌ្ឍ រីកចម្រើនរុងរឿងបាន និងបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន និងបង្ការពីការរីករាលដាល ពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម ,មី១កេស និងថវិកាមួយចំនួនផងដែរ ។