ល្បែង​​ស៊ីសង​​ នៅស្រុក​ព្រៃកប្បាស ​បើក​​​លេង​ ស្រែក​ហ៊ោកញ្ជ្រៀវ​ទ្រហឹង​អឹងកង​​​ផ្អើល​​អ្នកភូមិ​សមត្ថកិច្ច​​ធ្វើ​មិន​ដឹង​…!​​

327

 

តាកែវ ៖ វង់ល្បែង​គ្រប់​ប្រភេទ​កំពុង​បើក​ដំណើរការ​យ៉ាង​រលូន​ទាំង​យប់ ​ទាំង​ថ្ងៃ ​​​ដោយ​​គ្មាន​ខ្លាច​ញញើត​​និង​សមត្ថកិច្ច​បង្ក្រាប​អី្វ​ឡើយ​ ​​ព្រោះ​​​ម្ចាស់​វង់ល្បែង​ទាំងនោះ ​បាន​បង់​ប្រាក់​ជូន​សមត្ថកិច្ច​​គ្រប់​ផ្នែក​អស់ហើយ ​តាំងពី​មូលដ្ឋាន​តូចតាច​ រហូតដល់​ថ្នាក់លើ​ ។

ប្រភព​ទម្លាយ​ប្រាប់​ បាន​ឲ្យដឹង​ថា ​ទីតាំង​ល្បែង​ ​ចាក់​ភ្នាល់​​ស៊ីសង​គ្នា​រាប់ពាន់​ដុល្លារ​នោះ ​មាន​ទីតាំងនៅ​ចំណុច​ភូមិ​បា​ណូយ ឬ​ ផ្សារ​ជ្រែ ​ស្រុក​ព្រៃកប្បាស ។ ​ទីកន្លែង​បន​ល្បែង​មួយ​នេះ ​បើក​ដំណើរ​យូរ​ឆ្នាំ​មកហើយ ​ដុះ​ស្លែ ចាក់ឫស​ជ្រៅ រឹងមាំ គ្មាន​សមត្ថកិច្ច​ថ្នាក់​ណា ​អាច​មក​បំបែក​បាន​ឡើយ ​។​ ឈ្មោះ វី ជា​ មេបន​ល្បែង​នៅ​ទីនេះ ​មិន​ខ្វល់ ​មិន​យល់​អ្វី​ដែល​គេ​ហៅថា ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ស្អី​គេ​នោះឡើយ ​គឺ​គេ​យល់​តែ​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​លុយ​ច្រក​ចូល​ហៅ​ប៉ៅ ។

ទីតាំង​មួយ​កន្លែង​ទៀត​ ​​នៅ​ចំណុច​ភូមិ រកា ស្រុក​ព្រៃកប្បាស ​ខេត្តតាកែវ​ បើក​លេង​ទាំង​យប់​ទាំង​ថ្ងៃ យូរលង់​មក​ហើយ ​។ ប្រជាពលរដ្ឋ​ឆ្ងល់​ថា ហេតុអ្វី​អាជ្ញាធរ​បណ្តែត​បណ្តោយ​ឲ្យ​មាន​ល្បែងស៊ីសង​បែបនេះ​កើតឡើង​ក្នុង​មូលដ្ឋាន​របស់ខ្លួន ​ខណៈដែល​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​កំពុង​ត្រូវ​បាន​ពង្រឹង​? ទីតាំង​ល្បែង​មួយ​នេះ មាន​មេ​ធំ ឈ្មោះ ឡេង បារាំង​ មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ ជា​អ្នកការ​កាង​បទល្មើស​នេះ ។ ​ឡេង បារាំង ជា​មន្ត្រី​នគរបាល​ផង​ និង​ជា​អ្នកកាង​បើក​បន​ល្បែង​ស៊ីសង​ផ្ទុយ​នឹង​ច្បាប់​ផង ។ បានន័យថា​ បុគ្គល​ម្នាក់​នេះ ​យក​ច្បាប់​ទ្រាប់​គូថ​អង្គុយ​ហើយ តើ​ថ្នាក់លើ​មាន​ដឹង​រឿងនេះ​ដែ រឬទេ ។​

វង់ល្បែង​មួយកន្លែង​ទៀត មាន​ទីតាំងនៅ​ចំណុច​ភូមិ​កា​ឈូក ស្រុក​ព្រៃកប្បាស ។ ទីតាំង​នេះ​មិន​ខុស​ពី​ទីតាំង​ផ្សេងទៀត​នោះទេ​ ក្រុម​អ្នកញៀន​ល្បែង​នាំគ្នា​សស្រាក់សស្រាំ​ចូល​ទៅ​សម្ងំ​លេង ​ស្រែក​ហ៊ោកញ្ជ្រៀវ​ទ្រហឹង​អឹងកង ​ដោយ​មិន​ខ្វល់​ពី​ការ​បង្ក្រាប​អ្វី​ឡើយ ​។ មេ​ធំ​បន​ល្បែង​មួយ​នេះ ​ត្រូវគេ​ស្គាល់​ឈ្មោះ ប៊ុន ​ជា​មនុស្ស​សម្តី​យក​មេឃ​ទ្រាំ​គូថ​អង្គុយ ​សុទ្ធតែ​អួតអាង​ហ៊ាន​ធានា​សុវត្ថិភាព​១០០​ភាគរយ​ជូន​អ្នក​ចូល​មក​លេង​នៅ​បន​ល្បែង​របស់ខ្លួន ​។ គេ​អួត​ទៀតថា ​បាន​បង់លុយ​គ្រប់ផ្នែក គ្រប់​ស្ថាប័ន​អស់ហើយ ថ្នូរ​នឹង​ការ​មិន​បង្ក្រាប ។

ប្រជាពលរដ្ឋ​ ​ឆ្ងល់​ថា អាជ្ញាធរ​ខេត្តតាកែវ​ ពិតជា​ មិនដឹងថា​ មាន​បន​ល្បែង​ត្រូវបាន​គេ​បង្កើត​ឡើង​នៅ​ចំណុច​ខាងលើ​មែន ឬ ​បានជា​មិនដែល​ឃើញ​វត្តមាន​ចុះ​បង្ក្រាប​សូម្បី​តែ​ម្តង​ទាល់តែសោះ ។ ពិតជា​ទង្វើ​ដែល​ធ្វើ​ឲ្យ​រាស្ត្រ​អស់សង្ឃឹម​ណាស់ ​តើ​អាជ្ញាធរ​ទាំងនេះ​ មាន​ភារកិច្ច​បម្រើ​រាស្ត្រ ​ឬ​ បម្រើ​មេបន​ល្បែងស៊ីសង​?

ដកស្រង់ ៖ គេហទំព័របាយ័ន​

ចំណែក