ខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេថៃ បន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ទទួលជួបប្រជុំពិភាគ្សាការងារជាមួយប្រតិភូថៃ ដែលដឹកនាំដោយឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+ ចាន់បុរី) ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត បន្ទាប់ពីជម្ងឺកូវីដ-១៩ មានស្ថានភាពជាប្រក្រតីឡើងវិញ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណ ថ្នាក់ដឹកនាំខេត្តចាន់បុរី ដែលកន្លងមកបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់ ហើយជាក់ស្តែងនាពេលកន្លងមក បើទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៍សកម្មភាពការទំនាក់ទំនង និងកិច្ចសហការនានា រវាងខេត្តទាំងពីរ នៅតែមានដំណើរការធម្មតាលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងពលករ នៅតាមបណ្តោយព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា-ថៃឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានសំនូមពរ ដល់ភាគីថៃ បន្តសហប្រតិបត្តិការ នូវបញ្ហាមួយចំនួនដូចជា៖ បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល និងការធ្វើពាណិជកម្មឆ្លងដែន រវាងខេត្តចាន់បុរី-ប៉ៃលិន ជាពិសេស ជួយសម្រួលដល់ការនាំចេញផលិតកម្ម កសិកម្ម ទៅកាន់ប្រទេសថៃផងដែរ។

ជាការឆ្លើយតប ឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ក៍បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ច របស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត ឯកឧត្តមបានសន្យាថានឹងនាំយកនូវរាល់សំនូមពរ ទាំងអស់នេះ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងរាជរដ្ឋាភិបាលថៃ ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។ ក្នុងឱកាសនោះឯកឧត្តម ក៍បានមានប្រសាសន៍កោតសសើរ ដល់រដ្ឋបាលខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយខេត្តជាប់ព្រំដែន នៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍ របស់ប្រជាជន និងប្រទេសទាំង២ ដោយស្មើភាព និងស្មោះត្រង់ផងដែរ៕

CATEGORIES
Share This