ACUចេញលិខិតព្រមានផ្អាកជាបណ្ដោះអាសន្ននូវមុខងាររបស់អភិបាលស្រុកបសេដ្ឋ បើសិនមិនព្រមបញ្ឈប់សកម្មភាពប្រមូលទិញដីរដ្ឋជាង១៦០ហិកតាដោយខុសច្បាប់
កំពង់ស្ពឺ៖ លិខិតមួយច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ ផ្ញើរជូន អភិបាលស្រុកបសេដ្ឋ លោក ឈឺន សុធន ពាក់ព័ន្ធនាយករដ្ឋបាលស្រុក យកដីរដ្ឋជាង១០០ហិកតាលក់ឱ្យឈ្មួញដោយខុសច្បាប់ ពេលនេះត្រូវបានគេទម្លាយជាសាធារណៈ បើទោះបីជាអង្គភាពប្រឆាំងអំពើពុករលួយមិនបានបញ្ចេញឯកសារនេះក៏ដោយ។
អង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានផ្ញើរលិខិតជូន លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺឱ្យចាត់ចែងចំពោះមុខ ដោយឱ្យលោកស្រី វន់ ឈើវិនគីអាសាយណាវ ផ្អាកសកម្មភាពក្នុងការប្រមូលទិញដីដោយខុសច្បាប់ ដោយមានលោក សុិន សារុន នាយករដ្ឋបាលជាអ្នករៀបចំយកដីរបស់រដ្ឋដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តទៅលក់ឱ្យឈ្មួញ។នេះបើយោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។
នៅក្នុងលិខិតរបស់លោក ឱម យ៉ិនទៀង បានស្នើឱ្យលោក ស៊ិន សារុន នាយករដ្ឋបាលដែលបានចម្លងដៃម៉ារីវេន បើកទំនប់ទឹកពីឆ្មាំយាមទំនប់ដំណើរការបើកទឹកពង្រីងបង្ខះទឹកក្នុងទំនប់ ដើម្បីធ្វើការវាស់វែងដីយកលក់ ឱ្យបញ្ឈប់សកម្មភាពនេះ និងប្រគល់ដៃម៉ារីវេនចម្លងនេះមកឱ្យសាលាស្រុកបសេដ្ឋរក្សាទុក។
បើតាមលិខិតបានបញ្ជាក់ទៀតថា អង្គភាពប្រឆាំងអំពើពុករលួយសុំឱ្យលោកអភិបាលស្រុក បញ្ឈប់នៅសកម្មភាពទាំងពីរខាងលើនេះជាបន្ទាន់ ព្រោះទង្វើនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងករណីនេះ។
ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតថា ក្នុងករណីលោកអភិបាលស្រុកមិនព្រមបញ្ឈប់នូវសកម្មភាពទាំង២នេះឬសកម្មភាពទាំង២នៅតែបន្ត នោះនឹងអនុវត្តតាមមាត្រា២៦(បុព្វសិទ្ធិពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយ)នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ខ្ញុំនឹងស្នើអាជ្ញាធរឋានានុក្រមពាក់ព័ន្ធឱ្យផ្អាកជាបណ្ដោះអាសន្ននូវមុខងាររបស់លោកអភិបាលស្រុក។
ពាក់ពន្ធ័និងលិខិតខាងលើរបស់អង្គភាពប្រឆាំងអំពើរពុករលួយ(ACU)អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅថ្ងៃទី១៨ ខែមករានេះបានប្រាប់ថា កន្លងមកខេត្តបានស៊ើបអង្កេតលើរឿងនេះដែរបន្ទាប់ពីលេចឮព័ត៌មានមិនប្រក្រតីមួយចំនួន។តែទោះជាបែបណាក៏ដោយចុះ ករណីនេះរដ្ឋបាលខេត្តមិនបានបញ្ជាឱ្យទៅធ្វើរឿងនេះទេ អ្នកណាធ្វើ អ្នកនឹងទទួល និយាយរួមសក់អ្នកណាក្បាលអ្នកនោះហើយ។ចំពោះបទល្មើសព្រហ្មទណ្ឌ បើគាត់ប្រព្រឹត្តឱ្យមានបទល្មើស អាហ្នឹងគាត់ទទួលខុសត្រូវខ្លួនគាត់ទៅ រដ្ឋបាលមិនបានណែនាំអីឱ្យគាត់ទៅធ្វើខុសច្បាប់ទេ ។ ការពិតទៅយើងបានចាត់វិធានការមួយចំនួនហើយ ដោយមានក្រុមស៊ើបអង្កេតចុះទៅធ្វើកន្លងមក។
អ្នកនាំពាក្យសាលាស្រុក បសេដ្ឋ លោក សៅ រិទ្ធ បានប្រាប់ថា ក្រោយទទួលលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU គណៈអភិបាលស្រុកបានបើកកិច្ចប្រជុំភ្លាមនិងបានឱ្យឈ្មួញរួមនិងនាយករដ្ឋបាល បញ្ឈប់សកម្មភាពទាំងនេះហើយ។លោកថាដីនេះជាដីរបស់រដ្ឋទំហំប្រមាណ១៦៥ហិកតា ។ កន្លងមក លោក ស៊ុម ផល្លី អភិបាលស្រុកស្ដីទីត្រូវបាន ACU កោះហៅទៅបំភ្លឺម្ដងហើយដែរជុំវិញការចុះហត្ថលេខាលើដីទាំងនេះទៅឱ្យឈ្មួញ ប៉ុន្តែក្រោយមកក៏ត្រូវបានចេញលិខិតលុបចោលទៅវិញ ។
ពាក់ពន្ធ័និងករណីនេះដែរលោក សៅ រិទ្ធ មិនបានបរិយាយបញ្ជាក់ឱ្យច្បាស់ទេថា រឿងនេះនឹងអាចមានការពាក់ព័ន្ធជាមួយ អភិបាលស្រុកឬយ៉ាងណានោះទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ករណីនេះគឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោកអភិបាលស្រុកបសេដ្ឋ ៕