សាខាកាកបាទក្រហមកម្ពុជាបើកបណ្តុះបណ្តាលមូលដ្ឋានស្តីពីការងារស្ម័គ្រចិត្តសម្រាប់យុវជនកាកបាទក្រហមវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខាបានចាត់មន្ត្រីប្រតិបត្តិសាខា ដឹកនាំដោយ លោក យ៉ាន ឧត្តម នាយករងសាខា បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពីការងារស្ម័គ្រចិត្តសម្រាប់យុវជនកាកបាទក្រហកម្ពុជា ដែលបានដំណើរការអស់រយៈពេល១ថ្ងៃជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ចំនួន៦០នាក់  (ស្រី៣៦នាក់) នៅវិទ្យាល័យពេជ្រចិន្ដាស្រុកភ្នំព្រឹក។

ក្នុងពិធីបណ្ដុះបណ្ដាលនេះដែរលោកនាយករងសាខា បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង  ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា  ក្មួយៗយុវជន  និងសិស្សានុសិស្សទាំងអស់ ដែលបានលះបង់ពេលវេលាក្នុងការចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា  សំដៅជួយរំលែកនូវទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេង  ។

ហើយគោលបំណងនៃការបើកវគ្គនេះគឺ ដើម្បីពង្រឹង និងពង្រីកកម្លាំងមនុស្សធម៌ ក្នុងនោះឱ្យយុវជនកាកបាទក្រហមយើង  បានយល់ដឹងស៊ីជម្រៅពីចលនាកាកបាទក្រហម តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ ឬកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់  ។

សូមបញ្ជាក់ថា៖  សម្រាប់មេរៀនដែលយកមកបង្ហាត់បង្ហាញរួមមាន ៖ ១.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា ២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ ៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក ៤.តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ៥.វិធីសាស្រ្តក្នុងការផ្សព្វផ្សាយសកម្មភាពរបស់យុវជន ៦.វិជ្ជាសង្គ្រោះបឋម។

CATEGORIES
Share This