សាខាពន្ធដារខេត្តកំពង់ស្ពឺផ្តើមចុះពិនិត្យនិងផាកពិន័យលើយានយន្តគ្រប់ប្រភេទដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធឆ្នាំ២០២២
កំពង់ស្ពឺ៖ សាខាពន្ធដារខេត្តកំពង់ស្ពឺបានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យនិងធ្វើការផាកពិន័យលើមធ្យោបាយដឹកជញ្ជូនផ្សេងៗដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋសម្រាប់ឆ្នាំ២០២២។ ការចុះត្រួតពិនិត្យនិងផាកពិន័យបានធ្វើឡើងនៅលើដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺដោយចាប់ពីថ្ងៃទី១៥ខែមករា ឆ្នាំ២០២៣តទៅ។
លោក ប៉ែត ចក់ ប្រធានសាខាពន្ធពន្ធដារខេត្តកំពង់ស្ពឺបានឱ្យដឹងថាសម្រាប់ឆ្នាំ២០២២នេះមានរថយន្តចំនួន៤៥៣៧៥គ្រឿងបានចូលមកបង់ពន្ធជូនរដ្ឋហើយចំនួននេះបានកើនឡើងជាង៧ពាន់គ្រឿងបើធៀបនិងឆ្នាំ២០២១។ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទនេះគឺជាពន្ធប្រចាំឆ្នាំដែលត្រូវអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទក្នុងនោះមាន រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉កសណ្ដោង ជលយានឬជលយានយន្ត ទាំងផ្លូវទន្លេ និងសមុទ្រ។ដោយឡែក ការយកពន្ធត្រូវបានលើកលែងលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទរបស់ស្ថាប័នបរទេស ដែលរួមមាន ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។
ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺលោក ប៉ែត ចក់ បានបញ្ជាក់ថាគ្រប់ម្ចាស់យានយន្តទាំងអស់ដែលអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២របស់ខ្លួនបាន លុះត្រាតែបានចុះបញ្ជីយានយន្តនៅក្រសួងសាធារណការនិងដឹកជញ្ជូនឱ្យបានរួចរាល់ជាមុនសិន។ហើយចំពោះករណីដែលសមត្ថកិច្ចជំនាញចុះអនុវត្តបានរកឃើញយានយន្តដែលម្ចាស់នៅមិនទាន់បានបង់ពន្ធប្រចាំឆ្នាំនោះ សមត្ថកិច្ចនឹងធ្វើការចាប់ឱ្យបង់ពន្ធនិងបង់ពន្ធបន្ថែមស្មើរប្រាក់ពន្ធដែលមិនបានបង់។
សូមបញ្ជាក់ថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទនិងចាប់ផ្តើមពីថ្ងៃទី១មិថុនារហូតដល់ថ្ងៃថ្ងៃទី៣០ ខែវិច្ឆិការៀងរាល់ឆ្នាំ ដោយមិនមានការពន្យាពេលបន្ថែមទៀតទេ។ ចំពោះម្ចាស់យានយន្តដែលខកខានមិនបានបង់ពន្ធទាន់ពេលវេលា នឹងត្រូវរងទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
អត្ថបទ៖ ប៊ុត សារុន