ដកនាយផ្នែកចរាចរណ៍នៃស្នងការខេត្តកំពង់ស្ពឺ ក្រោយមានការរិះគន់ផាកពិន័យ២០០ដុល្លារមិនចេញវិក័យបត្រ
កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានសម្រេចដកបញ្ឈរបណ្តោះអាសន្នមន្រ្តីនគរបាលចរាចរណ៍ម្នាក់ ក្រោយមានការិះគន់តាមបណ្តាញសង្គមហ្វេសបុ៊កថាផាកពិន័យអ្នកបើកបររថយន្តមួយគ្រឿងទារចំនួន២០០ដុល្លារដោយមិនចេញវិក័យបត្រ។នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដែលទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថាមន្ត្រីនគរបាលដែលត្រូវទទួលវិន័យកងកម្លាំងគឺលោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ មានតួនាទីជានាយផ្នែកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។មន្ត្រីនគរបាលរូបនេះត្រូវបានគេរិះគន់ ថាបានផាកពិន័យលើអ្នកបើកបរដោយមិនចេញវិក័យបត្រ។គណនីហ្វេសបុ៊កមួយមានឈ្មោះថា(គង្គារ លំអរ មង្គល)បានបង្ហោះរិះគន់ដោយមានខ្លឹមសារថា (ប្រយ័ត្នជិះផ្លូវជាតិលេខ៤ ប៉ូលីសកំពង់ស្ពឺ ផាកសាហាវណាស់ ដឹងថាយើងប្រញាប់ផាក២០០ដុល្លារឱ្យបាញ់លុយចូលកុងហើយបន្លំមិនឱ្យវិក័យបត្រទៀត ហើយប៉ូលីសឈ្មោះដូចក្នុង ABA (Khem Sothearith) បានយកទូរស័ព្ទខ្ញុំលុបរូបចេញទៀត គ្រាន់តែខ្ញុំសុំថតប្រាប់អ្នកផ្ទះថាប៉ូលីសចាប់)។
បន្ទាប់ពីមានការបង្ហោះសាររិះគន់នេះនៅលើបណ្តាញសង្គមហ្វេសបុ៊ក ភ្លាមនោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាទៅលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ដើម្បីរកឱ្យឃើញថាពិតជាមានករណីនេះកើតឡើងមែនឬយ៉ាងណា។
ក្រោយការស្រាវជ្រាវនិងសាកសួរលើសាមីខ្លួនរួចមកគឺរកឃើញថាពិតជាមានករណីដូចការបង្ហោះនោះមែន។អនុសេនីយ៍ឯក ខែម សុធារិទ្ធ បានអះអាងថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ស្ថិតក្នុងភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខ្លួនបានចុះប្រតិបត្តិការជាមួយក្រុមការងារដឹកនាំដោយលោកវរសេនីយ៍ទោ ជុន សំអាត នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ បានឃាត់រថយន្តមួយគ្រឿងស្លាកលេខភ្នំពេញ 2BP-4662 ដែលដឹកទំនិញសំពីងសំពោងក្នុងទិសដៅពីកើតទៅលិច។ពេលឃាត់រួចហើយពិនិត្យឃើញថា អ្នកបើករថយន្តមិនមានប័ណ្ណបើកបរនោះទេនិងដឹកសំពីងសំពោងទៀតផង ហើយក៏ត្រូវធ្វើការផាកពិន័យចំនួន១លាន២សែនរៀល (តាមច្បាប់គ្មានបណ្ណបើកបរត្រូវផាក1,200,000រៀល) និងផាកដឹកសំពីងសំពោងចំនួន១៥ម៉ឺនរៀលទៀត។តែដោយសារសម្រួលគ្នា ទើបអ្នកបើកបរសម្រេចបាញ់លុយចំនួន ២០០ដុល្លារមកក្រុមមន្រ្តីនគរបាល ដោយមិនចេញវិក័យបត្រ។
បន្ទាប់ពីទទួលបានចំលើយសារភាពរបស់មន្ត្រីនគរបាលរូបនេះ ស្នងការដ្ឋាននករបាលខេត្តបានសម្រេចវិធានការចំពោះមុខដោយដកបញ្ឈរជើងអនុសេនីយ៍ឯក ខឹម សុធារិទ្ធ ជាបណ្តោះអាសន្ននិងដកកម្លាំងនគរបាលដែលដាក់ប្រចាំការដើម្បីផាកពិន័យនៅចំណុចខាងលើចេញគោលដៅផងដែរ និងស្រាវជ្រាវរកម្ចាស់រថយន្តដែលរងការផាកពិន័យឱ្យមកទទួលថវិកា២០០ដុល្លារនោះវិញ។