មន្ត្រីជាន់ខ្ពស់កាកបាទក្រហម ស្នើដល់ប្រធានថ្មីនៃគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តនិរន្តភាពតាមការប្តេជ្ញាចិត្តរបស់ខ្លួន

ពោធិ៍សាត់ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តជាប្រធានថ្មី នៃគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់កាលពីចុងសប្តាហ៍កន្លងទៅនេះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងខ្ពង់ខ្ពស់សម្តេចកិត្តិព្រិទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកក្រហមកម្ពុជា បានសម្តែងភាពកក់ក្តៅ និងមានទំនុកចិត្តមុតមាំលើស្មារតីទទូលខុសត្រូវប្រកបដោយប្រសិទ្ធិភាពចំពោះឯកឧត្តម ខូយ រីដា ដែលត្រូវបានតែងតាំងជាប្រធានថ្មីនៃគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់នាពេលនេះ។ លោកជំទាវសូមឲ្យលោកប្រធានថ្មីបន្តនិរន្តភាពសាខាតាមការប្តេជ្ញាចិត្តរបស់ខ្លួនទាំង១០ចំណុច។

លោកជំទាវអគ្គលេខាធិការរងទី១បានមានប្រសាសន៍ថាផ្អែកតាមប្រវត្តិការងាររបស់ឯកឧត្តមខូយ រីដា ចំពោះការងារកាកបាទក្រហមនេះមិនមែនការងារថ្មីនោះទេ កន្លងឯកឧត្តមបានធ្លាប់កាន់មុខតំណែងជាអនុប្រធានអចិន្ត្រៃយ៍នៃសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ផងដែរ។ ដូចនេះសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាពិតជាមានទំនុកចិត្តនិងជឿជាក់ចំពោះស្មារតីនិងឆន្ទៈ របស់ឯកឧត្តមក្នុងការរែកពុននូវអម្រែកមួយនេះបន្ថែមលើភារកិច្ចរបស់ឯកឧត្តមជាអភិបាលខេត្ត។

លោកជំទាវម៉ែន នារីសោភ័គ ក៏បានក្រើនរំលឹកដល់សាខា និងអនុសាខាទាំងអស់ត្រូវបន្តការផ្សព្វផ្សាយប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងដាំបន្លែប៉ៃតង ដើម្បីបង្ការអនាម័យ បរិស្ថាន ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ លើកកំពស់ការពាក់មួកសុវត្ថិភាព។ ខិតខំរួមគ្នាលុបបំបាត់ជំងឺអេដស្តិ៍ឲ្យអស់ក្នុងឆ្នាំ២០២៥។ លើកកំពស់សុខភាពមាតា ទារកនិងកុមារ ធ្វើយ៉ាងណាឱ្យអត្រាស្លាប់របស់មាតានិងទារកស្ថិតក្នុងកម្រិតទាបបំផុត។

ចូលរួមបំផុសប្រជាពលរដ្ឋ៣កុំ៣ការពារនិងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាកសាំងឱ្យបានគ្រប់គ្រាន់គឺ៦ខែម្តងការបរិឆ្ឆេតរបស់គ្រូពេទ្យនិងបន្តពង្រឹងសមត្ថភាពបន្ថែមទៀតដល់អ្នកស័គ្រចិត្តព្រមទាំងបន្តយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់សំដៅលើកកំពស់គោលការគ្រឹះតំលៃមនុស្សធម៌ដើម្បីដោះស្រាយបញ្ហាប្រឈមនានា៕

CATEGORIES
Share This