ប្រជាពលរដ្ឋភូមិថ្មី និងភូមិកោះវៀន នៃក្រុងច្បារមន វិលទៅលំនៅដ្ឋានវិញ ក្រោយជំនន់ទឹកភ្លៀងបានស្រក
កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្មី និងភូមិកោះវៀន នៃក្រុងច្បារមន បានវិលទៅកាន់លំនៅដ្ឋានវិញហើយ ក្រោយជំនន់ទឹកភ្លៀងខែប្រាំង នៅក្នុងភូមិទាំងពីរនេះ បានស្រកទៅវិញ ។ នេះបើតាមការបញ្ជាក់របស់លោក ទឹម ផានូ អភិបាលក្រុងច្បារមន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ។
លោក ទឹម ផានូ បាននិយាយថា ពលរដ្ឋក្នុងភូមិថ្មី ចំនួន១៨១គ្រួសារ និងពលរដ្ឋក្នុងភូមិកោះវៀនប្រមាណ២០៥គ្រួសារ ដែលរងការលិចលង់នៅក្នុងជំនន់ទឹកភ្លៀង កាលពីពេលកន្លងទៅ ត្រូវអាជ្ញាធរក្រុងជួយសង្គ្រោះហើយនាំយកមកកាន់ទីទួលសុវត្ថិភាពដើម្បីបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុ ។
អភិបាលក្រុងច្បារមន បានបញ្ជាក់ថា ការលិចលង់មានរយៈពេល២ថ្ងៃ បានធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋទូទាំងភូមិ ប៉ះពាល់ស្រូវអង្ករ ខាតការងារនៅក្នុងរោងចក្រ តែមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស សត្វទេ ។ ហើយនៅថ្ងៃទី១៥ ខែមករានេះទឹកបានស្រកចេញពីភូមិស្ទើរតែ១០០% អ្នកភូមិបានវិលចូលផ្ទះរៀងៗខ្លួនវិញបណ្តើរៗហើយ ។
ជាមួយគ្នានេះលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា មន្ទីរជំនាញបានធ្វើការសម្រុតទ្វារទឹក កាន់តែទាបហើយ ខណៈអាងទំនប់សំខាន់ៗ កម្ពស់ទឹកបានវិលមកកាន់សភាពដើម ហើយទ្វារទឹក នឹងអាចបិទទាំងស្រុង នៅថ្ងៃស្អែកឬថ្ងៃខានស្អែកខាងមុខនេះ ។ ទ្វារទឹកចាប់ផ្តើមសម្រុតចុះ ទឹកក្នុងស្ទឹងព្រែកត្នោតក៏បានស្រកចុះច្រើន តែវានឹងបង្កជាហានិភ័យនៅតាមបណ្តាស្រុក និងខេត្ត ដែលស្ថិតជាប់តាមបណ្តោយនៃស្ទឹងនេះ ៕
ដោយ ៖ ប៊ុត សារុន