ទឹកស្ទឹងព្រែកត្នោត បន្តហក់ឡើងខ្លាំង អាជ្ញាធរសម្រេចបិទចរាចរណ៍លើស្ពានព្រែកត្នោត ជាបណ្តោះអាសន្ន

កំពង់ស្ពឺ ៖ អាជ្ញាធរក្រុងច្បារមន បានសម្រេចបិទចរាចរណ៍លើស្ពានព្រែកត្នោតបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ក្រោយជំនន់ទឹកភ្លៀងខែប្រាំង នៅក្នុងស្ទឹងនេះបន្តហក់ឡើងខ្លាំង ។

លោក ទឹម ផានូ អភិបាលក្រុងច្បារមន បាននិយាយថាការបិទចរាចរណ៍លើស្ពាននេះ គឺ ដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗ ដែលនឹងអាចកើតមានឡើងជាយថាហេតុ ។ ហើយការបិទនេះដែរ ដោយមើលឃើញថា សន្ទុះនៃទឹកជំនន់ហក់ឡើងលឿនលើសពីការប៉ាន់ស្មាន រហូតមកទល់ព្រឹកនេះ ទឹកបានឡើងដល់ចំនុចធ្នឹមស្ពានព្រែកត្នោតហើយ រីឯស្ពានដទៃទៀត ក៏កំពុងគៀកនឹងធ្នឹមផងដែរ ។

អភិបាលក្រុងរូបនេះ បានបញ្ជាក់ឱ្យដឹងផងដែរថា សម្រាប់ច្បារមន គឺ បានរងផលប៉ះពាល់ក្រោយស្រុកដទៃ តែទំហំនៃការរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលគិតមកដល់ថ្ងៃនេះ មានភូមិចំនួន២ បានរងការលិចលង់ និងមានភូមិជាច្រើនទៀត កំពុងរងផលប៉ះពាល់ ។ ដោយក្នុងនោះមានប្រជាពលរដ្ឋរងគ្រោះក្នុងភូមិថ្មី សង្កាត់កណ្តោលដុំ ចំនួន១៨១គ្រួសារ កំពុងត្រូវបានសង្គ្រោះ និងនាំចេញពីផ្ទះសម្បែងមកកាន់ទីទួលសុវត្ថិភាព និងមាន៦៥គ្រួសារ កំពុងរងផលប៉ះពាល់ ។ ជាមួយនោះ ភូមិកោះវៀន នៃសង្កាត់កណ្តោលដុំ ដូចគ្នាក៏មានពលរដ្ឋរងគ្រោះប្រមាណ២០៥គ្រួសារ ដែលត្រូវជួយសង្គ្រោះ និងមានពលរដ្ឋច្រើនគ្រួសារផ្សេងទៀត រងផលប៉ះពាល់ដែរ ។ ហើយស្ថានភាពទឹកជំនន់ដែលមិនមានការថមថយនេះ នឹងបន្តប៉ះពាល់ដល់ពលរដ្ឋនៅភូមិផ្សេងទៀត នៃក្រុងច្បារមនផងដែរ ។

ជាមួយនេះលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ស្ថានភាពទឹកនៅថ្ងៃនេះ គឺ នៅផ្នែកខាងលើបានថមថយបន្តិចវិញ ខណៈភ្លៀងនៅតែបន្តធ្លាក់បន្តិចបន្តួច នៅតាមស្រុកខ្លះ ។ ទ្វារទឹកស្វយ័ត ចំនួន៥នៃ ទំនប់អន្លង់ជ្រៃក្នុងស្រុកថ្ពង បានទម្លាក់ចុះមួយម៉ែត្រមកវិញហើយ ដែលធ្វើឱ្យជំនន់នៃផ្នែកខ្លះ បានធូរស្រាល តែទឹកស្រុងមកជន់លិចនៅផ្នែកខាងក្រោម នៃស្រុកទំនាបមួយចំនួនពិសេសក្រុងច្បារមន និងស្រុកសំរោងទង ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This