ជំនន់ទឹកភ្លៀង កំពុងវាយលុកលើស្រុក-ក្រុង៤ ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង  បាននិយាយថា អាកាសធាតុមានការប្រែប្រួល ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅដើមខែមករានេះ ធ្វើឱ្យក្រុងស្រុកចំនួន៤ នៃខេត្តនេះ បានរងនូវការវាយប្រហារដោយទឹកជំនន់ ។

ការឱ្យដឹងដូច្នេះ គ្រាដែលលោកដឹកនាំក្រុមការងារ នៃមន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅតាមបណ្តាក្រុង-ស្រុកទាំងនោះ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។

លោក វ៉ី សំណាង មានប្រសាសន៍ថា ក្រុង-ស្រុក ដែលបានរងការវាយប្រហារនោះមាន ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច ។ បច្ចុប្បន្នអាជ្ញាធរស្រុកកំពុងចុះពិនិត្យយ៉ាងយកចិត្តដាក់បំផុត ជុំវិញករណីនេះ ហើយក៏បានត្រៀមគ្រប់មធ្យោបាយដើម្បីបង្ការ សង្គ្រោះ ពលរដ្ឋដែលរងគ្រោះ ។

ជាមួយនិងការលើកឡើងនេះដែរលោក វ៉ី សំណាង នៅមិនអាចបញ្ជាក់ពីចំនួនប៉ះពាល់ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម និងទ្រព្យសម្បត្តិពលរដ្ឋនៅឡើយទេ ខណៈក្រុមការងារស្រុក-ក្រុង ភូមិ-ឃុំកំពុងជាប់ដៃក្នុងជួយបង្ការសង្គ្រោះដល់ពលរដ្ឋ ចេញពីជំនន់នេះ តែទោះយ៉ាងណាមិនទាន់មានការរាយការណ៍ណាមួយជុំវិញគ្រោះថ្នាក់ផ្សេងៗ របស់មនុស្សសត្វក្នុងជំនន់នេះទេ ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ភ្លៀងនៅបន្តធ្លាក់នៅផ្នែកខាងលើ ទឹកបានហូរធ្លាក់មកផ្នែកខាងក្រោម បណ្តាលឱ្យអាងស្តុកទឹកមួយចំនួន មានការកើនឡើងកម្រិតទឹកគួរឱ្យព្រួយបារម្ភ ។ ទន្ទឹមនិងនេះមន្ទីរជំនាញ ក៏បានដាក់ពង្រាយមន្ត្រីរបស់ខ្លួន នៅតាមគោលដៅសំខាន់ៗ ដើម្បីពិនិត្យតាមដានពីការប្រែប្រួល នៃកម្ពស់ទឹកផងដែរ ។

ជាមួយនេះអាងស្តុកទឹកស្វយ័តអន្លង់ជ្រៃ នៃស្រុកថ្ពងទឹកឡើងខ្ពស់ ដល់កម្រិតប្រកាសអាសន្ន មន្ទីរជំនាញរួមជាមួយអាជ្ញាធរ បង្ខំចិត្តបើកទ្វារទឹកទាំង៥ ដើម្បីរំដោះទឹកចេញបញ្ជៀសការបាក់ធ្លាយទំនប់ជាយថាហេតុ ។ តែទន្ទឹមនឹងការបើកទ្វារទឹកនេះ នៅផ្នែកខាងក្រោមនឹងមានការជន់លិចនៅចំនុចមួយចំនួន រដ្ឋបាលខេត្តបានប្រកាសឱ្យពលរដ្ឋត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ និងបង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះមនុស្សចាស់និងកុមារតូចៗត្រូវតែបញ្ជូនទៅរកទីទួលសុវត្ថិភាព ។

លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ក៏បានឱ្យដឹងដែរថា ផ្លូវជាច្រើនខ្សែត្រូវបានលិចលង់ និងកាត់ផ្តាច់ដោយអន្លើៗ ពីជំនន់ទឹកភ្លៀងនេះ ។ ការចរាចរណ៍នៃយានយន្តគ្រប់ប្រភេទត្រូវបានជាប់គាំង មិនអាចទៅមកបានចំពោះផ្លូវមួយចំនួន ហើយប្រសិនជាភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នោះផ្លូវទាំងអស់នៅក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ អាចនិងបិទការធ្វើចរាចរណ៍បណ្តោះអាសន្នដោយរងចាំទឹកស្រកទៅវិញ ៕

ដោយ ៖ សារុន

CATEGORIES
Share This