ស្គាល់គ្នាតាមហ្វេសប៊ុកបាន១អាទិត្យ ចាប់ក្មេងស្រីអាយុ១៣ឆ្នាំរំលោភបានសម្រេច ត្រូវនគរបាលចាប់ខ្លួន
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពរំលោភបានសម្រេចលើក្មេងស្រីអាយុ១៣ ដែលទើបស្គាល់គ្នាតាមហ្វេសប៊ុក បាន១អាទិត្យ ។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើ មានឈ្មោះ ផាន សុធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកកន្លែងវេរលុយ ស្នាក់នៅសព្វថ្ងៃភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅនឹងលំនៅដ្ឋាន ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈលើក្មេងស្រីជាអនីតិជន ។
តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះឈ្មោះ ស.ប.ល.ក ជនជាតិខ្មែរ (ឆ្នាំកំណើត ១០.១០.២០១០) មុខរបរសិស្ស ស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងពាក្យបណ្ដឹង បានឲ្យដឹងថា ខ្លួននិងជនសង្ស័យ បានស្គាល់គ្នារយៈពេល១សប្តាហ៍ តាមរយៈហ្វេសប៊ុក លុះនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង០០នាទី ជនសង្ស័យបានហៅខ្លួនចេញមកដើរលេង បន្ទាប់មកជនសង្ស័យបានមកយកខ្លួន នៅមុខផ្ទះ រួចឌុបខ្លួនទៅបន្ទប់របស់ជនសង្ស័យ ហើយបានហៅខ្លួនចូលក្នុងបន្ទប់ រួចបិទទ្វារ និងបិទភ្លើង និងបានធ្វើសកម្មភាពរំលោភលើខ្លួន បានសម្រេច ចំនួន២ដង បន្ទាប់ពីនោះ ក៏បានឌុបខ្លួនមកផ្ទះវិញ ។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាពដូចការរៀបរាប់របស់ជនរងគ្រោះ ពិតប្រាកដមែនប៉ុន្តែរំលោភបានសម្រេចតែម្តងប៉ុណ្ណោះ ។
យោងតាមតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទីស្នងការដ្ឋាននគរបាលខេត្តបន្ទាយ ដើម្បីបញ្ជូនបន្តទៅ តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕