មនុស្សជាង ៦ពាន់នាក់បានចូលរួមអបអរសាទរខួបលើកទី ៤៤ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៣)

ខេត្តបាត់ដំបង! នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៣)។

ពិធីនេះដែរប្រារព្ធធ្វើឡើងនៅខាងមុខបរិវេណសារមន្ទីរប្រវត្តិសាស្រ្ដ (អគារសាលាខេត្តចាស់) ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង០៦ពាន់នាក់បានចូលរួម។

នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងសុន្ទរកថាទាំងស្រុងរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីមីទ្ទីងរំលឹកខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៣) បន្ទាប់មកឯកឧត្តមបានគូសបញ្ជាក់ថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៤៤ឆ្នាំ ដែលប្រទេសកម្ពុជាយើងត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត  ហើយរបបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំងគ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាលជំងឺ គ្មានសាលារៀន ហើយគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់  ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ហើយកម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ជាបន្តបន្ទាប់។

បន្ថែមពីនេះដែរឯកឧត្តមក៏សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕

CATEGORIES
Share This