យុវជនជំនាន់ក្រោយប្ដេជ្ញាថែរក្សាគុណតម្លៃថ្ងៃ៧មករា និងការពារសុខសន្តិភាពដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើន
ប៉ៃលិន ៖ យុវជនជំនាន់ក្រោយបានបង្ហាញការចូលរួមអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា និងបានប្ដេជ្ញាថែរក្សាគុណតម្លៃ ថ្ងៃ៧មករា ដែលផ្ដល់នូវជីវិតទី២ជូនដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបានរស់រានមានជីវិត និងជាមូលដ្ឋាន នៃការធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រហូតមកដល់ពេលបច្ចុប្បន្ន ។
កញ្ញា អាន លីណា ជាយុវជនកាកបាទក្រហមសាខាខេត្តប៉ៃលិន បានឱ្យដឹងថា កញ្ញាបានយល់ដឹងច្រើននូវប្រវត្តិរបបខ្មែរក្រហមតាមរយៈការប្រាប់ពីមនុស្សចាស់ៗកើតទាន់ជំនាន់នោះ និងការសិក្សាដែលរបបនោះ បានធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនលាននាក់ រងទុក្ខវេទនាហួសបរិយាយ និងបានកាប់សម្លាប់ជាតិសាសន៍ឯងអស់ជាងបីលាននាក់យ៉ាងសាហាវព្រៃផ្សៃ ។
លោក សៀ សុខុម អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន បាឱ្យដឹងថា ទោះជាលោកមិនបានកើតទាន់ជំនាន់នោះក៏ដោយ ប៉ុន្តែតាមរយៈតឹកតាងជាច្រើន ដែលបានបង្ហាញ និងសាក្សីដែលនៅរស់ គឺពួកគេមិនចង់ជួបនូវរបបបែបនោះទេ ហើយអរគុណយ៉ាងក្រៃលែងចំពោះគុណបំណាច់ នៃថ្ងៃ៧មករា ដែលបានជួយសង្គ្រោះប្រជាជនខ្មែរឱ្យគេចផុតពីរបបនោះ ។
លោក ង៉ា លីហុង ជាយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានឱ្យដឹងដែរថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃរំដោះប្រជាពលរដ្ឋ ចេញពីរបបខ្មែរក្រហម ជាថ្ងៃបង្កើតជីវិតទី២ ជូនប្រជាពលរដ្ឋខ្មែរជាច្រើនលាននាក់ តាមរយៈការបូជានូវសាច់ស្រស់ ឈាមស្រស់ និងការតស៊ូរបស់យុទ្ធ ជន នៃរណសិរ្សសង្គ្រោះជាតិកម្ពុជា ។ទិវាជ័យជម្នះ ៧ មករា បានជួយឱ្យមាតុភូមិកម្ពុជា និងប្រជាជាតិខ្មែរទាំងមូលបានរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧មករា,កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន ហើយអត្ថន័យនៃគុណបំណាច់ ៧ មករា នេះ ក៏នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិតឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង។
លោកក៏បានបន្តថា អរគុណ “នយោបាយឈ្នះ ឈ្នះ” ដែលបានបង្ហាញពីវឌ្ឍនភាព របស់ខេត្តប៉ៃលិន ក្នុងរយ:ពេល២៤ឆ្នាំ បន្ទាប់ពីធ្វើសមាហរណកម្ម ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលរដ្ឋបាលខេត្តឥឡូវ នៅក្រោមការដឹកនាំ របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាពិសេស តែងតែទទួលបាន នូវការរួមចំនែកដឹកនាំគាំទ្រ ជាប្រចាំពី ឯកឧត្តមអ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងជាប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ជាប្រវត្តិសាស្រ្ត ជូនប្រជាជាតិទាំងមូល ក្រោមម្លប់នៃសន្តិភាព។