ចែកកញ្ចប់សម្ភារៈសិក្សា ដល់កុមារី នៃកម្មវិធីអប់រំកុមារីរបស់អង្គការរូមធូរីដកម្ពុជា
បន្ទាយមានជ័យ ៖ អង្គការរូមធូរីដប្រចាំកម្ពុជា បានផ្តល់កញ្ចប់សម្ភារៈសិក្សា និងកង់ ដល់កុមារី ដែលមានជីវភាពខ្វះខាត នៅស្រុកចំនួន២ ដោយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាល័យភ្នំធំ ក្រោមអធិបតីភាព លោកស្រី រស់ សុផានី អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ធ្វើនៅវិទ្យាល័យ ឈ្នួរមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី អភិបាលរងស្រុកព្រះនេត្រព្រះ មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក ហោ សុខៈ នាយកកម្មវិធីអំណាន នៃអង្គការរូមធូរីដ ប្រចាំប្រទេសកម្ពុជា មេឃុំ កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល ចូលរួមទាំង២សាលាសរុបចំនួនប្រមាណ ៧០០នាក់ ។
លោក ហោ សុខៈ នាយកកម្មវិធីអំណាន នៃអង្គការរូមធូរីដប្រចាំប្រទេសកម្ពុជា បានលើកឡើងថា គោលបំណងនៃការចែកកញ្ចប់សម្ភារៈសិក្សា និងកង់ដល់កុមារី គឺដើម្បីជួយសម្រួលអាណាព្យាបាលសម្រាប់ការចំណាយលើការសិក្សា និងដើម្បីបង្កើនលទ្ធភាពឱ្យក្មួយៗសិស្សានុសិស្សបន្ដការសិក្សា ក្រេបយកចំណេះដឹង។ ពិសេសជួយសិស្សដែលមានជីវភាពខ្វះខាត ដើម្បីជំរុញឱ្យពួកគេអាចបន្តការសិក្សាបានយូរអង្វែង និងកាត់បន្ថយការបោះបង់ការសិក្សា។
លោក ហោ សុខៈ បន្តថា ៖ អង្គការរូមធូរីនផ្តោតសំខាន់ទៅសកម្មភាពចម្បងធំៗដូចជា ការបណ្ដុះបណ្ដាលបំណិនជីវិត ការអប់រំណែនាំ ការគាំទ្រសម្ភារៈ និងការចូលពីសហគមន៍។ ជាពិសេស កុមារីមានទំនុបចិត្ត មានជំនាញ មានភាពក្លាហាន ចេះគ្រប់គ្រងខ្លួនឯង ចេះដោះស្រាយបញ្ហា និងចេះរៀបចំគោលដៅអនាគត នៃជីវិតការសិក្សាទទួលបានជោជ័យ។
លោកបានបន្តទៀតថា ៖ ពេលសព្វថ្ងៃនេះ អង្គការរូមធូរីដបាននិងកំពុងអនុវត្តកម្មវិធីចំនួន២ គឺ កម្មវិធីអំណាន និងកម្មវិធីអប់រំកុមារី ដោយបានអនុវត្តនូវខេត្តចំនួន៨ក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តបន្ទាយមានជ័យបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ននេះនៅក្នុងសាលាបឋមសិក្សា ចំនួន៩៥ សាលា ដែលស្ថិតនៅក្នុងក្រុងស្រុក ចំនួន ៦ រួមមាន ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ក្នុងគោលបំណងដើម្បីពង្រឹងបំណិនអាន និងសរសេរ បណុះទម្លាប់អានសម្រាប់កុមានៅបឋមសិក្សា។
នៅក្នុងឳកាសនោះផងដែរលោក លី សុវណ្ណារិទ្ធ និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត បានសំណេះសំណាលជាមួយសិស្សានុសិស្ស អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ និងកោតសសើរ មន្ទីរអប់រំ យុវជន និងកីឡា រួមនិង អង្គការរូមធូរីដកម្ពុជា ដែលតែងយកចិត្តទុកដាក់ជួយជ្រោមជ្រែងដល់ដំណើរការក្នុងវិស័យអប់រំ ផ្តោតលើការអប់រំកុមារី ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីជំរុញដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ទទួលបានផ្លែផ្កា។ លើសពីនេះទៅទៀត អភិបាលរងខេត្តបានធ្វើការជំរុញដល់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ ក្រុង/ស្រុក នាយកសាលា លោកគ្រូ-អ្នកគ្រូ បន្ដជំរុញការយកចិត្តទុកដាក់លេីការសិក្សាសិស្សានុសិស្ស ការប្រលង ការបង្រៀនក្នុងថ្នាក់ វិន័យសាលា និងការចូលរួមពីអាណាព្យលបាល ដើម្បីឱ្យការសិក្សារបស់ពួកគេទទួលបានលទ្ធផលដូចការរំពឹងទុក ។
សូមបញ្ជាក់ផងដែរថា អង្គការរូមធូរីដ បានផ្ដល់ជូនសិស្សានុសិស្ស ខ្វះខាតនៅវិទ្យាល័យ ភ្នំធំ ស្រុកមង្គលបូរី នូវកញ្ចប់សម្ភារៈសិក្សា ចំនួន ១៤៧កញ្ចប់ និងកង់ចំនួន ១២៥កង់ និងវិទ្យាល័យ ឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ទទួលបាននូវកញ្ចប់សម្ភារៈសិក្សា ចំនួន ៦៨ កញ្ចប់ និង កង់ចំនួន ៣២ កង់ផងដែរ ៕