ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា០១ខ្នង០៥បន្ទប់ និងបង្គន់អនាម័យ០៤បន្ទប់

ខេត្តបាត់ដំបង! អគារសិក្សា០១ខ្នង០៥បន្ទប់និងបង្គន់អនាម័យ០៤បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការមូលនិធិអប់រំផ្កាចារ ត្រូវបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសាលាបឋមសិក្សារហាលសួង ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់លោក មិល សុផល អភិបាលស្រុកឯកភ្នំ។

ឋិតក្នុងឱកាសនោះ លោក មិល សុផល អភិបាលស្រុកឯកភ្នំ បានសម្តែងការត្រេកអរយ៉ាងខ្លាំងដោយទទួលបានអគារមួយខ្នងដ៏ថ្មីសម្រាប់ភូមិរហាលសួង សម្រាប់កូនក្មួយសិស្សានុសិស្សបានរៀនសូត្រ ព្រោះវិស័យអប់រំយើងនេះត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាយុទ្ធសាស្ត្រចតុកោណគឺដើរមុខគេ ព្រោះកម្ពុជាយើងពីដើមបានឆ្លងកាត់សង្គ្រាមធ្វើអោយប្រទេសយើងខ្ទេចខ្ទីទាំងអស់ ហើយក្រោយមានរាជរដ្ឋាភិបាលបានបោះឆ្នោតតាំងពីឆ្នាំ១៩៩៣មក រាជរដ្ឋាភិបាលបានដាក់យុទ្ធសាស្ត្រការអភិវឌ្ឍប្រទេសជាតិមាន០៤ ,ក្នុងនោះមាន ទឹក ,ភ្លើង ,ផ្លូវ ,និងធនធានមនុស្ស។

លោកបានបន្តថា ដោយការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល ក្រោយបញ្ចប់សង្គ្រាមគឺប្រទេសយើងត្រូវការអភិវឌ្ឍប្រទេស ហើយការអភិវឌ្ឍប្រទេសបើសិនជាគ្មានធនធានមនុស្សយើងមិនអាចអភិវឌ្ឍប្រទេសបានទេ ដូច្នេះវិស័យអប់រំពិតជាមានសារៈសំខាន់និងត្រូវឈានមុខគេ ព្រោះការរស់នៅក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺយើងទទួលបាននូវសុខសន្តិភាពពេញលេញ ហើយការទទួលបាននូវសុខសន្តិភាពពេញលេញនេះ យើងក៏មិនត្រូវភ្លេចការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំងប្រាំពីរចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងសូមអំពាវនាវអោយបងប្អូនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមទៅចាក់វ៉ាក់សាំងដូសជម្រុញអោយបានគ្រប់ៗគ្នាផងដែរ។

CATEGORIES
Share This