ថ្ងៃស្អែក! រូបព្រះពុទ្ធប្បដិមាខ្ពស់ជាងគេលើពិភពលោក នឹងបើកការដ្ឋានសាងសង់លើខ្នងភ្នំបូកគោ

កំពត ៖ រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលខ្ពស់ជាងគេលើពិភពលោក នឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹកស្អែកនេះ។

ជាមួយគ្នានោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ខេត្តកំពត។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងភូមិសាស្ត្រវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដោយគោរពទៅតាមប្លង់មេ និងរចនាប័ទ្មដែលក្រុមការងារអន្តរក្រសួង បានសម្រេចឯកភាព ដោយមានការគាំទ្រពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។ ការសាងសង់ព្រះពុទ្ធប្បដិមានេះ នឹងចូលរួមចំណែកលើកកម្ពស់ការគោរពព្រះពុទ្ធសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀត នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»៕

CATEGORIES
Share This