កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទិ​ក​ធំ​បំផុត ICBM ដោយ​ជោគជ័យ

កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​ប្រកាសថា ​ខ្លួន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទិ​ក​ដ៏​ធំ​បំផុត​របស់​ខ្លួន​ ICBM ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។​

សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​និយាយ​ថា ការ​បាញ់​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង​គឺជា​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក ​ICBM ដ៏​ធំ ​និង​ថ្មី​មួយ​ក្នុង​ការ​សាកល្បង​ចុងក្រោយដែល​លោក Kim Jong Un បាន​ហៅថា​ ជា​ការ​បង្ហាញ​អំណាច​របស់​កម្លាំង​នុយក្លេអ៊ែរ និង​រារាំង​សកម្មភាព​យោធា​របស់​សហរដ្ឋអាមេរិក​។

ការ​បាញ់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ក្លាយ​ជា​ការ​សាក​ល្បង​លើក​ដំបូង​ សម្រាប់​ប្រទេស​នេះ​ដែល​បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប ICBM ដែល​ត្រូវ​បាន​ហាមប្រាម​ដោយ​អង្គការសហប្រជាជាតិ​ចាប់​តាំង​ពី​ឆ្នាំ២០១៧​ មក។

មី​ស៊ី​ល​អន្តរទ្វីប ICBMs គឺជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយដែល​មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អាមេរិក។ កូរ៉េខាងជើង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​សាកល្បង​ប្រភេទ​មី​ស៊ី​ល​ទាំងនោះ និង​ត្រូវ​បាន​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការបំពាន​បម្រាម​នោះ​។ សារព័ត៌មាន​រដ្ឋ​និយាយ​ថា លោក Kim Jong-un បាន​ឈរ​បញ្ជា​ដោយ​ផ្ទាល់​ការ​បាញ់​សាកល្បង​នេះ ហើយ​អាវុធ​នោះ​គឺជា​វត្ថុ​ដ៏​សំខាន់​ក្នុង​ការ​រារាំង​សង្គ្រាម​នុយក្លេអ៊ែរ៕

CATEGORIES
Share This