សំណង់អគារកាសុីណូ ដែលត្រូវភ្លើងឆេះនៅប៉ោយប៉ែត កំពុងចាប់ផ្តើមរុះរើហើយ អាចនឹងប្រើរយៈពេល ៤ខែ

បន្ទាយមានជ័យ ៖ ក្រុមម៉ៅការរុះរើសសំណង់ អគារចំនួន៣ នៃកាសុីណូ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលត្រូវអគ្គីភ័យឆាប់ឆេះ បណ្តាលអោយមនុស្សស្លាប់និងរបួសជាច្រើននាក់ កាលពីចុងឆ្នាំ២០២២កន្លងទៅ បានកំពុងចាប់ផ្តើមចុះរុះរើហើយ ហើយអាចនឹងប្រើរយៈពេលរហូតដល់ទៅ ៤ខែ ក្នុងការរុះរើនេះ ។

លោកវិស្វករ លី សារី អភិបាលរងខេត្តបន្ទាយមានជ័យដែលទទួលការងារ ជាអនុប្រធានសម្របសម្រួលក្រុមការងាររុះរើអគារ កាសុីណូខាងលើ បានអោយដឹងកាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ថា នៅថ្ងៃនេះ ក្រុមការងារបច្ចេកទេសរុះរើ ដែលខាងក្រុមហ៊ុនកាសុីណូ យកមកធ្វើការមានទាំងថៃ និងកម្ពុជា បាននិងកំពុង ចាប់ផ្តើមរុះរើហើយ ដោយចែកជាពីក្រុម ដោយមួយក្រុមរុះរើគ្រឿងដែក និងមួយក្រុមទៀតរុះរើប្រភេទបេតុង ។

លោកបន្តថា ក្នុងពេលរុះរើនេះ បានរកឃើញទូដែកដាក់ឯកសារ និងទ្រព្យសម្បត្តិ ចំនួន៧ទូ របស់ក្រុមហ៊ុនកាសុីណូទាំងពីរ ហើយសម្រាប់រយៈពេលនៃការរុះរើ លោកមិនអាចកំណត់ជាក់លាក់បានទេ តែតាមការវាយតំលៃរបស់ក្រុមម៉ៅការរុះរើ អាចប្រើពេល ៤ខែ ។

មុនការរុះរើសំណងអគារខាងលើ ផ្លូវចូលតំបន់ដែលត្រូវរុះរើ ត្រូវបានហ៊ុំព័ន្ទដោយស័ង្កសីបិទជិត ដោយក្នុងនោះផ្លូវចូលច្រកអន្តរជាតិប៉ោយប៉ែត ពីខាងកើត នៃរង្វងមូលក៏ត្រូវបានបិទដោយស័ង្កសី មិនអោយមានការចេញចូល ឬចរាចរក្រៅពីក្រុមការងាររុះរើឡើយ ។ ដើម្បីកុំអោយមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ។

តាមរយៈនៃការរុះរើ ដែលប្រើពេលយូរនេះ ក៏អាចធ្វើអោយការចរាចរណ៍រថយន្តដឹកទំនិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបង្វែរទៅចេញចូលតាមច្រកអន្តរជាតិស្ទឹងបត់ ដែលកំពុងតែស្ថាបនា ច្រកមិនទាន់រាល់ មានរយៈពេលយូរដែរ ៕

CATEGORIES
Share This