ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ

 

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាន ប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រោយធ្វើសកម្មភាព លួចម៉ូតូមួយគ្រឿង របស់ប្រជាពលរដ្ឋ នៅចំណុចភូមិកណ្ដោល ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ 

សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ មី កាន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃឃាត់ខ្លួន ជនសង្ស័យរូបនេះ ជាមួយបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាព លួចម៉ូតូមួយគ្រឿង របស់ជនរងគ្រោះឈ្មោះ រី ណើម ភេទប្រុស អាយុ៤១ឆ្នាំ មិនបានសម្រេច ត្រូវប្រជាពលរដ្ឋ ឃើញទាន់ និងចាប់ប្រគល់ឲ្យសមត្ថកិច្ច តែម្តង ។ 

ប្រភពបន្តថា ចំពោះសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួននិងបក្ខពួកឈ្មោះ លី លៀប ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជាមួយគ្នា ដែលរត់គេចខ្លួនបាត់ បានមកស្នាក់នៅវត្តកណ្ដោល ស្តិតនៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក  ដែលជិតរៀបចំបញ្ចុះសីម៉ា ហើយពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះ ប្រាកដមែន ។ 

ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅ តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ 

ដោយ ៖ KPN

CATEGORIES
Share This