សម្ដេចតេជោ ជំរុញឱ្យអភិបាលខេត្តផ្សេងៗដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដូចអ្វីដែលឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបាននឹងកំពុងធ្វើ
កំពត៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអាជ្ញាធរ គ្រប់រាជធានីខេត្ត ត្រូវខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លី ក្រៅប្រព័ន្ធតុលាការ ដោយគ្មានភាពលម្អៀង ហើយយកគំរូតាមឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កំពុងតែអនុវត្ត និងទទួលបានជោគជ័យជាបន្តបន្ទាប់ ។
ក្នុងធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង៥៣គីឡូ ម៉ែត្រ និងផ្លូវជាតិលេខ៣៣ ប្រវែងជាង៥២គីឡូម៉ែត្រ នៅក្នុងខេត្តកំពត នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បើអភិបាលរាជធានីខេត្តផ្សេងៗ ធ្វើ ដូចអភិបាលខេត្តកំពត បញ្ហាទំនាស់ដីធ្លីនឹងស្ងប់ ព្រោះគ្មានច្រើននោះទេ ដែលកន្លែងខ្លះបញ្ហា ជម្លោះដីធ្លីរវាងម្ដាយ និងកូន ឬបងប្អូនឯង រហូតប្ដឹងដល់តុលាការ ពេលដល់តុលាការហើយ មិនអាចកាត់ឲ្យស្មើនោះទេ ដោយអ្នកឈ្នះ ថាតុលាការយុត្តិធម៌ រីឯអ្នកចាញ់ថាអយុត្តិធម៌ ។
សម្ដេចតេជោ បានបន្តថា ដូចនេះសូមលើកទឹកចិត្ត ឲ្យដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយខេត្តកំពត កំពុងដើរតួនាទីលើបញ្ហានឹង ដោយសម្ដេច បានជំរុញ ទៅឯកឧត្តម ម៉ៅ ធនិន ដាក់កម្មវិធីជួបដោះស្រាយ ទាំងឲ្យពួកគាត់មកជួបផ្ទាល់ ឬចុះទៅទីតាំងផ្ទាល់ ដើម្បីសម្របសម្រួល ។
ជាមួយនេះសម្ដេចតេជោ ហ៊ុន សែន ជំរុញបន្ថែមទៅអភិបាលខេត្តកំពត ត្រូវបន្តធ្វើ ការងារនេះ ហើយធ្វើជាគំរូ លើការគ្រប់គ្រងបញ្ហាអសន្តិសុខ ឲ្យបានល្អប្រសើរ ព្រោះខេត្តនេះ កំពុងមានភាពទាក់ទាញខ្លាំងលើវិស័យទេសចរណ៍ វិនិយោគ កសិកម្ម និងសេដ្ឋកិចជាដើម ៕