វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ សម្រាប់ឆ្នាំ២០២២ ក្នុងឃុំទាំង៤ នៃស្រុកសាលាក្រៅ

ប៉ៃលិន៖ អង្គវេទិកាត្រូវបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តមជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយបានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តតំណាងអង្គការសង្គមស៊ីវិល អាជ្ញាធរស្រុក សមាជិកក្រុមប្រឹក្សាស្រុក ឃុំ និងប្រជាពលរដ្ឋសរុបប្រមាណជាង៥០០នាក់។

មានមតិបើកវេទិកា ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តបានជម្រាបជូនថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលរៀបចំឡើងនាពេលនេះ ដោយយោងតាមអនុក្រិត្យលេខ២១៦ អនក្រ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាគណៈអភិបាលខេត្ត គណៈអភិបាលក្រុងស្រុក ត្រង់មាត្រា៩បានចែងថា ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ដើម្បីឱ្យក្រុមប្រឹក្សាខេត្ត ជម្រាបជូនដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសកម្មភាពរបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំកន្លងមក។ វេទិកានេះ ជាវេទិការបស់ថ្នាក់ក្រោមជាតិ ដោយមានប្រជាពលរដ្ឋ គ្រប់និន្នាកានយោបាយទាំងអស់ចូលរួម មិនមែនជាវេទិការបស់គណបក្សនយោបាយណាមួយនោះទេ។

លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា វេទិកានេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីត្រួតពិនិត្យទៅលើការអនុវត្តតួនាទីភារៈកិច្ច ពិសេសផ្ដោតទៅលើគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលគ្រប់ភាគីគណបក្សនយោបាយទាំងអស់ បានសន្យា បានអនុវត្តន៍ បានប្ដេជ្ញាចិត្ត ជាមួយប្រជាពលរដ្ឋ ក្នុងពេលឃោសនាបោះឆ្នោត គឺគណបក្សណាឈ្នះឆ្នោត ត្រូវអនុវត្តតាមអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជាម្ចាស់ ឯថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាអ្នកបម្រើ ហើយការបម្រើរបស់យើង ពីមួយឆ្នាំទៅមួយឆ្នាំ វាបានឆ្លើយតបទៅប្រជាពលរដ្ឋតាមមូលដ្ឋាន គ្រប់ជ្រុងជ្រោយឬទេ? ហើយវានៅខ្វះខាតអ្វីទៀត ដែលយើងត្រូវបំពេញបន្ថែម ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋយើង។ លោកជំទាវ បានដាក់ចេញនូវកិច្ចចង្អុលការមួយចំនួន សម្រាប់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានអនុវត្តគឺ៖រាល់សំណួររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ពាក់ព័ន្ធនឹងអង្គភាពជំនាញ ត្រូវដោះស្រាយជាបន្ទាន់។ សំណូមពរមន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើឱ្យបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈអនាម័យបរិស្ថាន នៅគ្រប់ទីកន្លែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ សូមឱ្យមានការផ្សព្វផ្សាយវេទិកាសាធារណៈ ដែលជាដំណោះស្រាយ សំណួរចម្លើយនេះ ទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបគ្រប់ៗគ្នា។ ត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ការចោលសម្រាម ការដាក់ឆ័ត្រលក់ដូរឥវ៉ាន់នៅតាមមុខផ្ទះ និងជុំវិញផ្សារ សូមឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវមានការណែនាំឱ្យមានសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន និងសោភ័ណភាពស្អាតទាំងអស់គ្នា។ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទឱ្យខាងតែបាន។ ត្រួតពិនិត្យចរាចរណ៍ ក្មេងទំនើងបង្ហោះម៉ូតូលើដងផ្លូវ ត្រូវតាមចាប់ឱ្យបានដាច់ខាត យកមករអប់រំ ឬដាក់ទណ្ឌកម្ម។

CATEGORIES
Share This