Breaking News អគ្គីភ័យឆាបឆេះអគារកាស៊ីណូហ្គ្រេនដាយអឹមិនស៊ី ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ អគ្គីភ័យឆាបឆេះអគារកាស៊ីណូហ្គ្រេនដាយអឹមិនស៊ី ក្រុងប៉ោយប៉ែត មានមនុស្សជាប់គាំងនៅលើអគារ និងឡូតទំលាក់ពីលើអគារ អាជ្ញាធរសមត្ថកិច្ចខ្មែរ.ថៃកំពុងអន្តរាគមន៍ជួយសង្គ្រោះ កើតហេតុនៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍អគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅអគារ១៧ជាន់ ជាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត របស់ក្រុមហ៊ុនកាស៊ីណូហ្គ្រែនដាយអឹមិនស៊ីធី គេសង្កេតឃើញមានមនុស្សជាច្រើននាក់ កំពុងឈ្លក់ផ្សែង ជាប់គាំងនៅជាន់លើខ្ពស់ៗ និងមានមនុស្សឡូតចុះដែលកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ កំពុងអន្តរាគមន៍ជួយសង្គ្រោះ។ ពេលកើតហេតុ គេឃើញមានវត្តមាន លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្នងការរងជាច្រើននាក់ លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត កងកម្លាំងចម្រុះ និងខាងភាគីថៃរាប់រយនាក់ ចុះមកអន្តរាគមន៍។
តាមប្រភពព័ត៌មានពីបុគ្គលិកបានឲ្យដឹងថា អគ្គីភ័យនេះ ឆាបឆេះពីជាន់ក្រោមឡើងទៅលើ តែមិនទាន់ដឹងមូលហេតុនៃការឆាបឆេះនៅឡើយ។ ដោយឡែកមូលហេតុដែលបណ្តាលឲ្យមានជាប់គាំងភ្ញៀវជាតិនិងអន្តរជាតិរួមទាំងបុគ្គលិកនៅលើអគារនេះ ដោយសារភ្ញៀវមួយចំនួនកំពុងដេកលង់លក់ និងមួយចំនួនចុះមិនទាន់ដោយសារតែអគ្គីភ័យបានឆេះកាត់ មុខជណ្តើរជើង និងជណ្តើរយោងត្រូវបានដាច់ចរន្តអគ្គីសនី។
តាមប្រភពព័ត៌មានពីសន្តិសុខបានឲ្យដឹងថា មនុស្សដែលជាប់គាំងនៅលើអគារនេះ ប្រហែលមានរាប់រយនាក់ និងត្រូវបានអាជ្ញាធរ សមត្ថកិច្ចយករថយន្តស្ទូច ដាក់ជណ្តើរសង្គ្រោះជាបណ្តើរៗហើយ ដោយឡែកព័ត៌មានរបួសឬក៏មានអ្នកស្លាប់យ៉ាងណានោះ នៅមិនទាន់អាចដឹកនៅឡើយទេ។
អគ្គីភ័យនេះ ឆាបឆេះរហូតដល់ជាង៤ម៉ោងហើយនៅមិនទាន់អាចពន្លត់បាន ដោយសារស្ថានភាពអគារខ្ពស់ និងឆេះពីផ្នែកខាងក្នុងអគារ ដែលមានមនុស្សបក់ដៃ ស៊ីញូភ្លើងទូរសព្ទ តាមបង្អួច ស្រែករកជំនួយពីជាន់ទី១៣ .១៤,១៥ និងអគារលើដំបូល ដើម្បីឲ្យជួយសង្គ្រោះ។ ទោះបីជាយ៉ាងណាក៏ដោយគេសង្កេតឃើញថា សមត្ថកិច្ចអាជ្ញាធរ ទាំងភាគីកម្ពុជា និងក្រុមការងារជំនាញថៃ ប្រឹងប្រែងបំពាក់ឧបករណ៍ ដើម្បីជួយសង្គ្រោះផងដែរ៕

CATEGORIES
Share This