រដ្ឋបាលខេត្តបាត់ដំបងបានប្រារឰទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ឆ្នាំ ២០២២ ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង”

ខេត្តបាត់ដំបង! នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន និងតំណាងមន្ទីរជុំវិញខេត្ត ឯកឧត្តម លោកជំទាវ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនអាជីវករ បងប្អូនប្រជាពលរដ្ឋ ប្អូនៗស.ស.យ.ក. យុវជនកាយរិទ្ធ កាកបាទក្រហម បានប្រារឰទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ឆ្នាំ ២០២២ ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង” ដែលជាប្រធានបទដ៏មានសារៈសំខាន់ក្នុងការប្រារព្ធទិវាអនាម័យបរិស្ថានលើកទី២៦នាពេលនេះ។

ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២. ខែមិថុនា ឆ្នាំ១៩៩៥ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងដើម្បីបំផុសចលនាដល់សាធារណជន ស្ថាប័នៈ មន្ទីរ អង្គភាព វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ចូលរួមធ្វើអនាម័យបរិស្ថានសំអាតនៅតាមទីសាធារណៈ លំនៅឋានៈ កន្លែងធ្វើការ និងអាជីវកម្ម ដើម្បីរួមចំណែកកែលំអសោភ័ណភាពមូលដ្ធានរបស់ខ្លួនឱ្យស្អាត និងបៃតង សំដៅកែប្រែផ្នត់គំនិតរបស់សាធារណជន អ្នកពាក់ព័ន្ធទាំងអស់ គ្រប់ស្រទាប់វណ្ណៈ ឱ្យចេះគ្រប់គ្រងកាកសំណល់ សំរាម និងចូលរួមប្រតិបត្តិមេត្រីភាពបស្ថានកាន់តែច្រើនឡើង ម្យ៉ាងវិញទៀតរាល់សកម្មភាពទិវាអនាម័យបរិស្ថានជាតិនេះ បានជំរុញដល់ការចូលរួមអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹង ឬទីប្រជុំជនរបស់ក្រុង ស្រុកទូទាំងខេត្តបាត់ដំបងយើង ដែលក្រសួងបរិស្ថានបានប្រតិភូកម្មមកឱ្យថ្នាក់ក្រោមជាតិ ជាពិសេសការអនុវត្តក្រោមនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក្នុងលក្ខណៈសម្បត្តិទី៦ បានចែងថា “មានអនាម័យ មានសោភ័ណភាព និងបរិស្ថានល្អ” ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សុខ លូ បានដាស់តឿនក្រើនរំលឹក ក៏ដូចជាជំរុញដល់ – បណ្តាមន្ទីរ អង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយអនុវត្តការធ្វើអនាម័យសម្អាតជាប់ជាប្រចាំនៅតាមមូលដ្ឋានរៀងៗខ្លួនដោយមានការទទួលខុសត្រូវខ្ពស់ ជាពិសេសស្នើសុំឲ្យឃុំ សង្កាត់ ក្រុង ស្រុក បន្តធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋានខ្លួនអំពីការចូលរួមគ្រប់គ្រងការប្រមូល និងទុកដាក់សំរាមសំណល់រឹងតាមទីប្រជុំជន ដោយការចូលរួម ប្រើប្រាស់សេវា និងការបង់ថ្លៃអនាម័យបរិស្ថានឱ្យបានត្រឹមត្រូវផងដែរ។

CATEGORIES
Share This