ពលរដ្ឋ​ក្រីក្រ​១​គ្រួសារ​ ស្នើ​សុំ​មេធាវី​សម្តេច​តេ​ជោ​ជួយ​រក​យុត្តិធម៌​ ខណៈ​លោក​នាយក​សាលា​ម្នាក់ ​រំលោភ​យក​ដី​គាត់​​ហើយ ​ប្តឹង​ឲ្យ​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន

70

ព្រៃវែង​ ៖ ប្រជា​ពលរដ្ឋ​ក្រីក្រ​មួយគ្រួសារ​ បាន​ដង្ហោយ​ស្នើ​សុំ​មេធាវី​របស់​សម្ដេច​តេ​ជោ ឲ្យ​ជួយ​រក​យុត្តិធម៌ ​ខណៈដែល​ដីស្រែ​គាត់​មួយ​កន្លែង​មាន​ប្លង់រឹង​ចេញ​ដោយ​មន្ត្រី​ជំនាញ​ ​ត្រូវ​លោកនាយក​សាលា​អនុវិទ្យាល័យ​ទួល​សំរោង​ម្នាក់ ​បាន​លួច​ឈួស​បង្គោល​ព្រុំដី​ចាស់​ចោល​បំបិទ​ភស្តុតាង ​រួច​បោះ​បង្គោល​ថ្ម​រំលោភបំពាន​យក​ដី​កម្ម​សិទ្ធ​របស់​គាត់​ប្រហែល​១០​ម៉ែត្រ ​ថែមទាំង​ប្តឹង​គ្រួសារ​គាត់​ទៅ​តុលាការ​ទៀត​ផង​​។

ពលរដ្ឋ​​រងគ្រោះ​មួយ​​​គ្រួសារ​ មាន​ប្តី​ឈ្មោះ រុន ធន់ អាយុ​៦២​ឆ្នាំ មុខរបរ​កសិករ ​ប្រពន្ធ​ឈ្មោះ ម៉ៅ ហ៊ន អាយុ​៦០​ឆ្នាំ ​មុខរបរ​កសិករ ​មានកូន​៦​នាក់​ រស់នៅ​ភូមិ​ពិ​លា ឃុំ​កំពង់​សឹង​ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ពួកគាត់ ​បាន​ប្រាប់​អ្នកសារព័ត៌មាន ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ម្សិលមិញ​ថា កាលពី​សម័យរដ្ឋ​កម្ពុជា​ឆ្នាំ​១៩៨២ រដ្ឋ​អំណាច​បាន​ចែក​ដី​អោយ​គ្រួសារ​គាត​ នៅ​ចំណុច​ភូមិ ​ឃុំ​ខាងលើ ​ដើម្បី​សម្រាប់​បង្កបង្កើន​ផលដំណាំ​ស្រូវ​ចិញ្ចឹមជីវិត​ដូច​គេ​ដូច​ឯង ​ប៉ុន្តែ​ពុំបាន​ដឹង​ទំហំ​ប្រវែង​ដី​នោះទេ​។​ លុះដល់​ឆ្នាំ​១៩៩៤ ​រដ្ឋ​បាន​ដកហូត​ដី​ពី​គ្រួសារ​គាត់​ខ្លះ​ បង្កើត​ធ្វើ​សាលារៀន​អនុវិទ្យាល័យ​ទួល​សំរោងនេះ ​។​បន្ទាប់ពី​បរិច្ចាគ​ដី​អោយ​រដ្ឋ​សាងសង់​ធ្វើ​របង​សាលា​រួចរាល់​ហើយ ​នៅសល់​ដី​ប៉ុន្មាន​គ្រួសារ​គាត់​ក៏​ចាប់​ផ្តើម​ធ្វើ​ ឬដាំ​ល្ង​ដូច​ធម្មតា​វិញ​។​រហូតដល់​ឆ្នាំ​២០១៦​ មន្ត្រី​ជំនាញ​សុរិយោដី ​ស្រុក​ ខេត្ត​បាន​ចុះ​មក​អង្កេត​សិក្សា​វាស់វែង​ដី ​ដើម្បី​ចេញ​ប្លង់ រឹង​កម្ម​សិទ្ធ​ជូន​ប្រជាជន​ទូទាំង​ឃុំ​។

គាត់ បានបន្ថែមទៀត​ថា ​នៅ​ឆ្នាំ​២០១៨​ ទើប​មន្ត្រី​ជំនាញ​ប្រគល់​ប្លង់ រឹង​អោយ​ប្រជាជន ​ដោយ​ដី​គ្រួសារ​គាត់​មាន​ទំហំ​ទទឹង​ក្បាលដី​ប្រវែង​២៦.៩៦ ម៉ែត្រ បណ្តោយ​ប្រវែង​១៤៧​ម៉ែត្រ ​សរុប​ផ្ទៃដី​៣ ៧០៥​ ម៉ែត្រការ៉េ​។ ​ប្រភពដដែល បន្ដថា បច្ចុប្បន្ន​ចំណុច​ដី​គាត់​នេះ​ គេ​បាន​កាត់​ម​កភូមិ​ស្នាយ​បាង​វិញ ​តែដោយសារ​គ្រួសារ​គាត់​ក្រីក្រ​ជំពាក់​លុយ​គេ​ច្រើន​ ក៏​សម្រេច​លក់​ដី​នេះ​អោយទៅ​ឈ្មោះ ​គឹម ណា​រ៉ាត់ ​ដើម្បី​យក​ប្រាក់​សងបំណុល​ធនាគារ​ឯកជន ​បែរ​លោកនាយក​សាលា​អនុវិទ្យាល័យ​ទួល​សំរោង​ម្នាក់​ឈ្មោះ ​ជា សា​មិ​ត ​បាន​បំពាន​លើ​ប្លង់រឹង​កម្មសិទ្ធិ​របស់​មន្ត្រី​ជំនាញ ​លួច​ឈូស​បង្គោល​ថ្ម​ព្រំដី​ចាស់​ចោល​បំបិទ​ភស្ភុតាង ​ហើយ​បោះ​បង្គោល​ថ្ម​រំលោភ​យក​ដី​គាត់​អស់​ប្រហែល​១០​ម៉ែត្រ​ធ្វើ​តូប​ដាក់​ជួល​អោយ​អ្នកលក់​នំចំណី​អាហារ​១​ឆ្នាំ ​៣០-៤០​ម៉ឺនរៀល ​ដោយ​អះអាងថា​ ជា​ដី​សាលា មិនបាន​ប្រាប់​គាត់​ជា​ម្ចាស់​ដី​មួយ​ម៉ាត់​សោះឡើយ​។​ពេល​ឃើញ​ដូច្នេះ​ គ្រួសារ​គាត់​បាន​ទៅ​ជំរាប​អាជ្ញាធរ​ឃុំ​កំពង់​សឹង ​តែ​គេ​មិន​ដោះស្រាយ​ឲ្យ​ ក៏រ​ត់ទៅ​ស្រុក ស្រុក​ក៏​បាន​បញ្ជា​អោយ​លោក នាយក​សាលា​នោះ​ ដក​បង្គោល​ចេញ​វិញ​អោយ​អស់ ​តែ​លោក ​ជា សា​មិ​ត ​​មិន​ព្រម​ដក​នោះទេ ​ធ្វើអោយ​គ្រួសារ​គាត់​ជួប​ការលំបាក ​ចង់​បង្កបង្កើន​ធ្វើ​ស្រូវ​ក៏​មិនកើត រីឯ​ចំណូល​ក៏​គ្មាន​ចូល ការប្រាក់​ជំពាក់​គេ​ចេះតែ​កើន​ឡើង​ច្រើន​ទៅៗ​ រយៈពេល​ប្រហែល​ជិត​២​ឆ្នាំ​ ក៏​សុំ​សួរ​យោបល់​ទៅ​ស្រុក ​និង​ឯកឧត្តម ចាន់ រ៉ា​ន់ អភិបាលរង​ខេត្ត ​បាន​ប្រាប់​ថា ​ដី​យើង​មាន​ប្លង់​កម្មសិទ្ធិ​ហើយ ​យើង​ដក​ក៏​បានដែរ ហេតុដូច្នេះ​ ទើប​គ្រួសារ​គាត់​ដក​បង្គោល​និង​សែង​តូប​ចេញពីដី​របស់​ខ្លួន​ដាក់​ទៅ​លើដី​សាលា​វិញ ចំណែក​បង្គោល​ថ្ម​ដឹក​យក​ទៅដាក់​សាលាឃុំ​តាម​សម្រួល​ មិន​មានការ​បាក់បែក​ខូចខាត​សូម្បីតែ​បន្តិច​។​ស្រាប់តែ​លោក ​ជា សា​មិ​ត ​ប្តឹង​គ្រួសារ​គាត់​ទៅ​តុលាការ​កោះហៅ​គាត់​លើក​ទី​១ ​ដោយ​តុលាការ​ ប្រាប់ថា ​គ្រួសារ​គាត់​បាន​ដុត​រោង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ត្រូវ​បង់លុយ​ចំនួន​៤​ពាន់​ដុល្លារ ​ហើយ​ជាប់គុក​ទៀត​។​ឥឡូវ​តុលាការ​បាន​កោះហៅ​ជា​លើក​ទី​២ ​បង្គាប់​អោយ​ចូល​ខ្លួន ថ្ងៃទី​៣០​ ខែកក្កដា ឆ្នាំ​២០២​០ ពី​ប​ទ​ធ្វើអោយ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ​ចេញ​ដោយ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលាដំបូង​ខេត្តព្រៃវែង ​លោក អ៊​ន ប៊ុនលី​។

ពួកគាត់ ​បញ្ជាក់​បន្ថែមថា បច្ចុប្បន្ន​ចំណុច​ដី​គាត់​នេះ​ គេ​បំបែក​ភូមិ ​ស្ថិត​​នៅក្នុង​ភូមិ​ស្នាយ​បាង ឃុំ​កំពង់​សឹង ​បញ្ហា​នេះ​ ដោះដូរ​នាយក​សាលា​៣​នាក់​ហើយ​ មិនដែល​មាន​ទំនាស់​រឿង​ព្រំដី​ទេ ​ទើបតែ​លោក ជា សា​មិ​ត ​មក​ឡើង​កាន់​ជា​នាយក​ថ្មី​នេះ​ទេ​ មាន​គំនិត​ខូច​។​ដូច្នេះ ​គ្រួសារ​គាត់​ក្រីក្រ​ណាស់​ល្ងឹតល្ងង់ ​មិន​ចេះ​អក្សរ និង​គ្មាន​អ្វី​ទៅ​តតាំង​ក្តី​ជាមួយ​គេ​ទេ ​ណាមួយ​ព្រួយបារម្ភ​ខ្លាច​តុលាការ​ឃាត់ខ្លួន​ សូម​សំណូមពរ​អោយ​អាជ្ញាធរ​ស្រុក ​ខេត្ត ​សម្តេច​ក្រឡាហោម​ ស ខេង​ ជាពិសេស ​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន មេត្តា​ជួយ​ផ្តល់​មេធាវី​របស់​សម្តេច ​រក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង​…។

លោក មេភូមិ និង​អនុ​ភូមិ​ពិ​លា ក្នុងនាម​អាជ្ញាធរ​ភូមិ ​ក៏​​ទទួលស្គាល់ថា​ ដី​នេះ ​គឺ​ពិតជា​ដីស្រែ​ដែល​រដ្ឋ​អំណាច​ចែក​អោយ​គ្រួសារ​លោកតា​ រុន ធន់ ​តាំងពី​ឆ្នាំ​១៩៨២​ ប្រាកដ​មែន​។​ហើយ​រឿង​នេះ ​លោក​​នាយក​សាលា​ប្តឹង​ពលរដ្ឋ​គាត់​នេះ​ វា​អយុត្តិធម៌​ណាស់ ​សម្រាប់​គ្រួសារ​គាត់​ក្រីក្រ​ជំពាក់​បំណុល​គេ​ក៏​ច្រើន សូម​អោយ​ថ្នាក់ដឹកនាំ​ខាងលើ​ ឬ​ប្រព័ន្ធ​អ្នកច្បាប់ ​ជួយ​រក​យុត្តិធម៌ ​អោយ​គ្រួសារ​គាត់​ផង​​។​ ពាក់ព័ន្ធ​បញ្ហា​នេះ ​ភ្នាក់ងារ​យើង​មិន​អាច​ទំនាក់ទំនង​សូម​ការ​បំភ្លឺ​ពី​ខាង​តុលាការ​ខេត្តព្រៃវែង​បាននៅឡើយ​ទេ​៕

ចំណែក