អាជ្ញាធរ​ឃុំ​-ស្រុក​ពារាំង​ ​ឲ្យ​​ឯកជន​ជីក​កាយ​​ដី​ព្រែក​របស់​រដ្ឋ​យក​ដី​លុប​កន្លែង​ពុះ​ដីឡូត៍​​​ ​ក្រោម​លេស​អភិវឌ្ឍន៍​ផ្លូវ

689

ព្រៃវែង ៖ ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​កំពុង​សម្រុក​ជីក​កាយ​យក​អាចម៍​ដី​ចំណី​ព្រែក​សាធារណៈ​របស់រដ្ឋ​លុប​ប្រឡាយ​រំដោះ​ទឹក​ និង​កន្លែង​ពុះ​ដីឡូត៍​លក់​ធ្វើជា​ប្រយោជន៍​បុគ្គល​ឯកជន ​សង្ស័យ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​ឃុំ-ស្រុក ​ក្រោមលេស​អភិវឌ្ឍ​ធ្វើ​ផ្លូវ​។ សកម្មភាព​នេះ ​ប្រព្រឹត្តទៅ​នៅ​ចំណុច​ព្រែក និង​កន្ទុយ​ប្រឡាយ​ស្នាយ​ពល ​ស្ថិត​ក្នុងភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង ​ខេត្តព្រៃវែង​។

សេចក្ដីរាយការណ៍ ​បាន​ឲ្យ​ដឹងថា គម្រោង​ពុះ​ដីឡូត៍​លក់​នេះ គឺជា​ក្រុមហ៊ុន​ឯកជន​របស់​លោក​ឧកញ៉ា ចាន់ធូ ចុះ​ហេតុអ្វី​បានជា​មក​ជីក​ដី​ព្រែក​សាធារណៈ​របស់រដ្ឋ​មក​ធ្វើជា​ប្រយោជន៍​បុគ្គល​ឯកជន​ទៅវិញ​។ ​មិនតែប៉ុណ្ណោះ ​ថែមទាំង​ចាក់​លុប​ប្រឡាយ​រំដោះ​ជំនន់​ទឹកទន្លេ​រដូវ​ដំឡើង​ ដែល​មាន​ស្ពាន​កាត់​ផ្លូវជាតិ​លេខ​៨​អា ​ប្រហែល​ជាង​១០​ម៉ែត្រ​ នៅ​ចង់​ស្ទះ​ទឹក​ហូរ ​ , ​ឥឡូវ​បែរជា​ខាង​ក្រុមហ៊ុន ​ចាក់​លុប​ហើយ​ យក​លូ​ស៊ីម៉ងត៍​មុខ​ប្រហែល​១​ម៉ែត្រ​មក​ដាក់​ ប្រាកដជា​រង​ការ​ប៉ះពាល់​ស្ទះ​ ​និង​ចាល​ទឹក​លិចលង់​ផ្ទះសម្បែង​ និង​ផលដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ជាក់​ជា​មិន​ខាន​ឡើយ​។

ប្រភព ​បន្តថា ​ប្រឡាយ​និង​ព្រែក​ស្នាយ​ពល​នេះ​ កើតមានឡើង​តាំងពី​សម័យ​ដើម​មក​ម្ល៉េះ ​និង​ជា​ប្រភព​ទឹក​ដ៏​មាន​សារៈសំខាន់​ណាស់ សម្រាប់​បងប្អូន​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ស្រោចស្រព​ដំណាំ​ផ្សេងៗ ​ឫ​ មុជ​ដាំ​ស្ល ​ពិសេស​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​ចិញ្ចឹមជីវិត​ទៀត​ផង​។​ តាមរយៈ​អាជ្ញាធរ ​ឫ​មេខ្យល់​ដើរ​បំផុស​ពលរដ្ឋ​ក្រោម​រូបភាព​ថា គេ​ធ្វើ​ផ្លូវ​ និង​ដាក់​អំពូល​ភ្លើង​តាម​ផ្លូវ​អោយ ​តាមពិត​ផ្លូវ អំពូល​ភ្លើង​គេ​ត្រូវតែ​ធ្វើ​ហើយ​ ព្រោះ​គម្រោង​ពុះ​ដីឡូត៍​លក់​មាន​ចម្ងាយ​ចុះ​ពី​ថ្នល់ជាតិ​លេខ​៨​អា​ទៅ​ប្រហែល​៣០០​ម៉ែត្រ ​បើ​ពិបាក​ផ្លូវ ​ចូល​ហើយ​គ្មាន​ភ្លើង​បំភ្លឺ​តាម​ដង​ផ្លូវ​នោះទេ​ ក៏​ក្រុមហ៊ុន​ពុះ​ដីឡូត៍​លក់​របស់​លោក​ឧកញ៉ា ចាន់ធូ ​មិន​មាន​អតិថិជន​ទៅ​ទិញ​ដែរ​។​នេះ​បាន​ន័យថា ​ជីកដី​ចំណី​ព្រែក​សាធារណៈ​ដឹកជញ្ជូន​យក​មក​ចាក់​លុប​ប្រឡាយ​ប្រព័ន្ធ​រំដោះ​ទឹក​សាធារណៈ​ពុះ​ដីឡូត៍​លក់​ធ្វើ​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​ឯកជន​ ក្រោម​លេស​អភិវឌ្ឍន៍​​ជួសជុល​ផ្លូវ​។​ចំពោះ​​រឿងនេះ ​វា​ទាល់តែ​មានការ​ឃុបឃិត​ត្រូវរ៉ូវ​ជាមួយ​អាជ្ញាធរ​មន្ត្រី​ជំនាញ​ជា​ប្រព័ន្ធ​ទើប​ដំណើរ​ការ​បាន​រលូន​បែបនេះ​ បើ​មិន​ដូច្នេះ​ទេ​គម្រោង​ពុះ​ដីឡូត៍​លក់​មិន​អាច​ធ្វើ​បាន​ឡើយ​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង ​ភ្នាក់ងារ​​យើង​​​ទូរស័ព្ទ​សុំ​​ការបំភ្លឺផងដែរ​ ​តែ​មិន​លើក​ទូរ​ស័ព្ទ​។ ចំណែក​លោក មេឃុំ​រាប ​បាន​ឲ្យ​ដឹង​ដែរ​ថា ​នេះ​គឺជា​ការដោះដូរ​ធ្វើ​ផ្លូវ​ចាក់​បេតុង​ប្រវែង​១២០០​ម៉ែត្រ​ពី​ថ្នល់ជាតិ​លេខ ​៨​អា ចូល​ទៅ​ភូមិ​ពារាំង ​អញ្ចឹង​ខាង​ក្រុមហ៊ុន​​យក​អាចម៍​ដី​បាត​ព្រែក​មក​ចាក់​ធ្វើ​ផ្លូវ​ផង​ និង​ចាក់​លុប​ដីឡូត៍​របស់​ឧកញ៉ា​ផង ​ហើយ​ការ​អនុញ្ញាត​មិនមែន​ត្រឹមតែ​ឃុំ​ទេ ​គឺ​មាន​ស្រុក ​ក្រុមប្រឹក្សា​ ​បាន​អនុម័ត​​ឲ្យ​​ក្រុមហ៊ុន​អភិវឌ្ឍន៍​​នៅ​តំបន់​នេះ​។ ​ចំពោះ​ប្រព័ន្ធ​រំដោះ​ទឹក​វិញ ​ខាង​ក្រុមហ៊ុន​ បាន​សន្យា​ជា​មួយ​អាជ្ញាធរ​ថា​ នឹង​កាយ​ដាក់​លូ​អោយ​ប៉ុន​ប្រឡាយ​ចាស់​វិញ​។លោក​មេឃុំ​រាប​ បាន​បន្ថែម​ថា ​ចាប់ពី​ថ្ងៃនេះ​ទៅ ​បើ​សារ​ព័ត៌មាន​ ចុះ​ខុស​រូបលោក​ នឹង​ប្ដឹង​អ្នក​សារព័ត៌​មាន​ហើយ​…។

សម្រាប់​​មេការ​គម្រោង​ពុះ​ដីឡូត៍​លក់​របស់​លោក​ឧកញ៉ា​ ចាន់ធូ ​ម្នាក់​បាន​ជិះ​ឡាន​ទំនើប​១​គ្រឿង​មក ​ពេល​អ្នក​សារព័ត៌មាន​សួរនាំ​រក​ច្បាប់​ទន្លាប់ ​គាត់​ឆ្លើយ​យ៉ាង​ខ្លី​ថា ​គេ​មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ ស្រុក​ ទើប​គេ​ហ៊ាន​ធ្វើ​ រួច​ក៏​ឡើង​ជិះ​ឡាន​ចេញទៅ​បាត់​៕សហការី

ដោយ ៖ 096 49 39 998

ចំណែក