រដ្ឋបាលខេត្តបាត់ដំបងបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០២២

ខេត្តបាត់ដំបង! នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបាត់ដំបងបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់នៅបរិវេណផ្សារបុរីរោងចក្រ ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

គោលបំណងនៃវេទិកានេះដែរ គឺអនុវត្តតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឱ្យមានការកែលម្អប្រព័ន្ធអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្នុងការធានាការរួមចំណែកនៃការកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស និងដើម្បីឱ្យក្រុមប្រឹក្សាខេត្តជម្រាបជូនក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា អំពីសកម្មភាពរបស់ក្រុមប្រឹក្សាខេត្តក្នុងរយៈពេលមួយឆ្នាំ ចំពោះការឆ្លើយយតបនូវសំណើ សំណូមពរនានា របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ពិភាក្សា បកស្រាយអំពីបញ្ហានានាដល់អ្នកចូលរួម និងស្វែងរកដំណោះស្រាយ និងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ ។

ក្នុងឱកាសនោះដែរ អង្គវេទិកាទាំងមូលក៏បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់អនុញ្ញាតធ្វើការលើកជាសំណួរ សំណូមពរ និងធ្វើការបង្ហាញអំពីតម្រូវការ ក៏ដូចជាបញ្ហានានាដែលមាននៅក្នុងសហគមន៍របស់ខ្លួន ជូនដល់គណៈអធិបតីដើម្បីធ្វើការបកស្រាយ ក៏ដូចជាដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាផ្សេងៗដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ជាកិច្ចបញ្ចប់ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ ក្នុងដំណើរការវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តរយពេលមួយព្រឹកពេញនេះគឺមានបងប្អូនចំនួន១០រូបបានឡើងលើកជាសំណួរ និងសំណូមពរ សរុបចំនួន ១៤ ក្នុងនោះសំណូមពរចំនួន ១១បានដោះស្រាយនៅក្នុងវេទិកា និងសំំណូមពរ ៣ទៀតនៅមិនទាន់ស្រាយ គឺខាងឯកឧត្ដមអភិបាលខេត្តលោកបានណែនាំអោយក្រុមបច្ចេកទេសចុះពិនិត្យដោះស្រាយនៅពេលក្រោយ។

CATEGORIES
Share This