ឯកឧត្តម ​ហ៊ុន ម៉ា​ណែ​ត​ ​​ណែនាំដល់​​​ថ្នាក់ដឹកនាំ​ថ្មី​ ក្នុង​ជួរ​កងទ័ព​ ត្រូវ​មានគំនិត​ផ្ដួចផ្ដើម ​និង​ការ​ច្នៃប្រឌិត​ថ្មីៗ

63

ពោធិ៍សាត់ ៖ ​ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន ម៉ា​ណែ​ត​ អគ្គ​មេបញ្ជាការរង ​នៃ​កងយោធពល​ខេមរភូមិន្ទ ​មេបញ្ជាការ​កងទ័ពជើងគោក ​បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​ថ្មី ក្នុង​ជួរ​កងទ័ព​ត្រូវ​ខិត​ទ្វេ​ឡើង​ដើម្បី​ប្រទេសជាតិ​។ ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង ជូន​នាយទាហាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់​ ស្ថិតនៅ​ខេត្តពោធិ៍សាត់ នា​ថ្ងៃទី​២២ ​ខែកក្កដា ម្សិលមិញ​នេះ​ ។

ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន ម៉ា​ណែ​ត​ ​បាន​បញ្ជាក់ទៀត​​ថា ថ្នាក់ដឹកនាំ​ដែល​ទទួល​បាន​ភារកិច្ច​ថ្មី​ភ្ជាប់​ជាមួយ​នឹង​សិទ្ធិ​អំណាច​ធំ​ជាង​មុន ​ត្រូវខិតខំ​ឱ្យបាន​ទ្វេរ​ឡើង ត្រូវ​មានគំនិត​ផ្តួចផ្តើម ​និង​ការច្នៃប្រឌិត​ថ្មីៗ រួមផ្សំ​ជាមួយ​នឹង​ការបើក​ចិត្ត​អោយ​ទូលាយ រៀន​សូត្រ​ពី​រៀមច្បង ​ដើម្បី​បំរើ​ផលប្រយោជន៍​ប្រទេសជាតិ​។​ លើសពីនេះ​ ថ្នាក់ដឹកនាំ គឺជា​មជ្ឈមណ្ឌល​នៃ​ការ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ និង​បំផុស​ចលនា​រួមគ្នា​។​ការ​កសាង​អង្គភាព ការងារ​សង្គម នឹង​មិន​អាច​សម្រេច​បាន​ទេ បើ​គ្មាន​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ល្អ សំខាន់​គឺ​ជួរ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​របស់​អង្គភាព​ រួមជាមួយ​នឹង​យោធិន​ទាំងអស់ ​ចាំបាច់​រួមគ្នា​ដើម្បី​សម្រេច​ភារកិច្ច និង​ពង្រឹង​អង្គភាព​។

ឯកឧត្តម ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន ដែល​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់ បាន​ខិតខំ​ប្រឹងប្រែង​សម្រេច​បាន​នៅក្នុង​ការបំពេញភារកិច្ច​ការ​ពារជាតិ​មាតុភូមិ​, ការពារ​បូរណភាព​ទឹកដី និង​សុខសន្តិភាព ​ព្រមទាំង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​លះបង់​របស់​យោធិន ក៏ដូចជា​មេបញ្ជាការ អង្គភាព​គ្រប់​ជំនាន់ ​ដែល​បាន​ខិតខំ​កសាង និង​ពង្រឹង​អង្គភាព​មកដល់​សព្វថ្ងៃ​នេះ​ ជា​ការ​ចូល​រួមចំណែក​មួយ​យ៉ាង​សំខាន់​នៅក្នុង​ការ​ពង្រឹង​វិស័យ​ការពារជាតិ​​៕

ចំណែក