ប្រមុខ​រាជ​រដ្ឋាភិបាល ៖ គោលនយោបាយ​នាំ​អង្ករ​ចេញ​១​លាន​តោន​ក្នុង​១​ឆ្នាំ​ នឹង​សម្រេច​ ​នៅ​ឆ្នាំ​២០២១ -២០២២

29

​តាកែវ ៖ ​សម្តេច​តេ​ជោ បាន​អះអាងថា ​ទោះបី​គោលនយោបាយ​នាំ​អង្ករ​ចេញ​១​លាន​តោន​ ក្នុង​១​ឆ្នាំ​មិនទាន់​សម្រេច​តាម​ផែនការ ​ប៉ុន្តែ​ដោយ​សន្ទុះ​នៃ​ការនាំចេញ​ថ្មីៗ ​សម្រេច​បាន​រហូតដល់​ជាង​៤​សែន​តោន​ហើយ​ សម្តេច​ថា​ នៅឆ្នាំ​២០២១ -២០២២ កម្ពុជា​នឹង​សម្រេចការ​នាំចេញ​បាន​១​លាន​តោន​ក្នុង​១​ឆ្នាំ​តាម​ផែនការ​កំណត់​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​មានប្រសាសន៍​បែបនេះ ​ខណៈ​អញ្ជើញ​ទៅ​ពិនិត្យមើល​ការបង្ហាញ​ទំនើបកម្ម ​ផលិតកម្ម​ដំណាំ​ស្រូវ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​នៅ​ភូមិ​សេដ្ឋី ​និង​ភូមិ​ពន្ធទង​ ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នា​ព្រឹក​២១​កក្កដា​នេះ​។

ជាមួយ​នឹង​ការសួរនាំ​ដល់​កសិករ​ពី​ផលវិបាក​ងាយស្រួល​រវាង​ពេល​កន្លងមក​ និង​បច្ចុប្បន្ន​ដូចជា​បញ្ហា​សត្វ​កណ្តុរ​ និង​សត្វល្អិត ជាពិសេស​ឆ្លើយតប​ការ​ស្នើសុំ​ បញ្ចុះតម្លៃ​អគ្គិសនី​លើ​ការប្រើប្រាស់​បូមទឹក​បញ្ចូល​ស្រែ​ក៏ដូចជា​ដំណោះស្រាយ​ផ្លូវ​ដឹកជញ្ជូន​កសិផល ​អោយ​ឈ្មួញ​ចូល​មក​ទិញស្រូវ​អង្ករ​ដោយ​ងាយស្រួល​ និង​បញ្ហា​ផ្សេងៗ​មួយចំនួន ​សម្ដេច បាន​បញ្ជាក់ថា ​ការអញ្ជើញ ​មកកាន់​ភូមិ​សេដ្ឋី​ និង​ភូមិ​ពន្ធទង ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស​នេះ​មិនមែន​មក​ច្រូតស្រូវ​នោះទេ ​គឺ​មក​ពិនិត្យ​ពី​វឌ្ឍនភាព​លើ​វិស័យ​កសិកម្ម ​ដែល​គោលនយោបាយ​នៃ​ការ​នាំ​អង្ករ​ចេញ​១​លាន​តោន​របស់​យើង​នៅតែ​ជា​គោលដៅ​អាទិភាព​។

សម្ដេច​តេ​ជោ ​បានបង្ហាញ​ពី​សារបាន​ជុំវិញ​នៃ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​តំបន់​នេះ​ដែល​ផ្តើម​ពី​វត្តមាន​របស់​សម្តេច ​កា​លពី​២០​ ឆ្នាំមុន​មកកាន់​ឃុំ​ពត់​ស​ ស្រុក​បាទី​ ​ដែល​នាំ​ទៅដល់​​ការ​ផ្តួចផ្តើម​បង្កើត​បាន​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ​ដើម្បី​ទទួលខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​ទឹក​ជូន​កសិករ​និង​បង្កើត​បាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​។

ជាមួយនេះ​ ស​ម្តេច ក៏​យក​ឱកាស​ថ្លែង​សរសើរ​ដល់ ម​ន្ក្រី នៃ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ ​លើ​វិស័យ​កសិកម្ម​ដែល​បាន​ខិតខំ​ធ្វើអោយ​មាន​ការផ្លាស់ប្តូរ​ឥរិយាបថ​កសិករ​មក​ចាប់​យក​វិស័យ​កសិកម្ម​បែប​ទំនើប​ដែល​ឥឡូវនេះ​ ខេត្តតាកែវ​ ក្លាយជា​ខេត្ត​ទី​៣ ​បន្ទាប់ពី​ខេត្តព្រៃវែង ​និង​បាត់ដំបង ​ក្នុង​ការផលិត​ស្រូវ​ដែល​ប្រជាពលរដ្ឋ​ព្រម​ទទួលយក​ពូជ​ល្អ​។

បើតាម​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​បាន​អះអាងថា មុន​ពេល​មានការ​រាតត្បាត​ នៃ​ជំងឺ​កូ​វីដ​១៩ បើទោះបី​វិស័យ​សេវា​និង​ឧស្សាហ​កម្ម​បាន​ដើរតួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ច ​តែ​វិស័យ​កសិកម្ម ​ក៏​នៅតែមាន​តួនាទី​សំខាន់​ផង​ដែរ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​នៅ​ឆ្នាំ​២០១៩ វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ប្រមាណ ២០,៨%​នៃ​ផលិតផល​ក្នុងស្រុក​សរុប ក្នុងនោះ​ផ្នែក​ដំណាំ​បាន​រួម​ចំណែក​៥៧,៦៧% ផលិតកម្ម​សត្វ​១១,១១% ផ្នែក​ជល ផល​២៤,៣០%​និង​ផ្នែក​ព្រៃឈើ​៦,៩១%​។​រីឯ​ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​បាន​កើន​ឡើង ពី ៤,១៦​លាន​តោន នៅ​ឆ្នាំ​២០១៥​ដល់​៤,៨៨​លាន​តោន​នៅ​ឆ្នាំ​២០១៩​ស្មើនឹង​១៧,៣%​។​ បរិមាណ​អង្ករ​នាំចេញ​ផ្លូវការ​បាន​កើន​ពី​៥៣៨​ពាន់​តោន ដល់​ជាង​៦២០​ពាន់​តោន ក្នុង​ឆ្នាំ​២០១៩ គិត​ជា​មធ្យម​ក្នុង​រយៈពេល ៥ ឆ្នាំ​ កន្លង​មកនេះ គឺមាន​កំណើន​ប្រមាណ​១៥,២៤%​។

សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ បរិមាណ​នាំចេញ​អង្ករ​បាន​ជាង ៤​សែន​តោន ស្មើនឹង​៨៦,៥៦% និង​នាំចេញ​ទៅកាន់​ទិសដៅ​ចំនួន​៥៦ ប្រទេស ​នៅតាម​បណ្ដា​ប្រទេស​ជា សមាជិក​អាស៊ាន សមាជិក​សហភាព​អឺរ៉ុប​ ចិន និង​ប្រទេស​មួយ​ចំនួនទៀត​ដោយ​ក្រុមហ៊ុន​ឯកជន​ចំនួន ៦៦ ។​សមិទ្ធផល​ខាងលើនេះ ​គឺ​បាន​បង្ហាញ​ឱ្យឃើញ​អំពី​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​ស្ដីពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការនាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​ដោយ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ ទោះបី​នៅ​មិនទាន់​សម្រេច​គោលដៅ​នាំចេញ​អង្ករ​ផ្លូវការ​បាន​ចំនួន​១​លាន​តោន​ក៏ដោយ​។​

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ បានលើកឡើង​ផងដែរ​ថា ទោះបី​កម្ពុជា​កំពុង​ទទួលរង​នូវ​ហានិភ័យ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក្តី តែ​ការងារ​បង្កបង្កើនផល​នៅ​តែមាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់ ដោយ​អនុវត្តបាន ជាង​២​លាន​ហិកតា ស្មើ​ជាង ៨០%​នៃ​ផែនការ​២​លាន ៥​សែន​៨​ម៉ឺន​ហិកតា គឺ លើស​ជាង​២៤​ម៉ឺន​ហិកតា​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។​រីឯ​ការងារ​ភ្ជួរ​រាស់​រៀបចំ​ដី​ដោយ​គ្រឿងយន្ត​កសិកម្ម​ស្មើនឹង​៩៩,៣៨%​និង​ដោយ​គោ​ស្មើនឹង​០,៦២%​។

ឯកឧត្តម​រដ្ឋមន្ត្រី​ បានបញ្ជាក់​ផងដែរ​ថា ខេត្តតាកែវ ក៏​ជា​ខេត្ត​មួយ​ដែលមាន​ប្រជាជន​សរុប​ជាង​១​លាន​នាក់​ក្នុង​នោះ​ប្រជាជន​ប្រមាណ ៧៩% ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​កសិកម្ម ​ធ្វើស្រែ​ចំការ នេសាទ ចិញ្ចឹម​សត្វ ​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់ខ្លួន​ហើយក៏​ជា​ខេត្ត​ដែល​ជា​ប់​ចំណាត់ថ្នាក់​ទី​៣ បន្ទាប់ពី​ខេត្តព្រៃវែង​ និង​ខេត្ត​បាត់ដំបង លើ​ផ្ទៃដី​បង្កបង្កើនផល​ស្រូវ​និង​បរិមាណ​ផល​ស្រូវ ៕

ចំណែក