ព្រះចៅអធិការវត្ត​ ​(ភ្នំសង្កែ) ​​អំពាវនាវ​ដល់​ពុទ្ធ​បរិស័ទ ​និង​​ថ្នាក់​ដឹកនាំ​​ខេត្តព្រះវិហារ​​​ ​ជួយ​ធ្វើ​បុណ្យ ​​និង​កសាង​វត្ត​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត​ ​វត្ត​នៅ​​ជិត​ព្រំដែន​កម្ពុជា-ឡាវ​

135

ព្រះវិហារ ៖ ឯកឧត្តម ស៊ុយ ចាន់​យី​ពុន រួមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ក្នុង​ខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃទី​៥​ខែ កក្កដា ឆ្នាំ​២០២០ បាន​នាំ​យក​ទៀនវស្សា និង​ទេយ្យទាន​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​២វត្ត ​ដែល​គង់នៅ​ក្នុង​វត្ត ធម្ម​បារមី​គិរី​រាជ​សីមា (​ភ្នំ​សង្កែ​) ស្ថិតនៅ ភូមិ​កំពង់​សង្កែ ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ខេត្តព្រះវិហារ​ ។

យកឱកាសនោះ ​ព្រះចៅអធិការវត្ត​ធម្មបារមីគិរីរាជសីមា​ (ភ្នំសង្កែ)​ ព្រះនាម​លោក​ ធុង្គ ភ្នំ ​បាន​មាន​សង្ឃដីកា​ អំពាវនាវ​ដល់​ពុទ្ធ​បរិស័ទ​ជិតឆ្ងាយ ​ក៏​ដូច​ថ្នាក់​ដឹកនាំ​ និង​អាជ្ញាធរ​ខេត្តព្រះវិហារ​ ​ជួយ​ធ្វើ​បុណ្យ​ប្រគេន​ចង្ហាន់​ជូន​ព្រះសង្ឃ ​​និង​កសាង​វត្តនេះ ​ឲ្យ​បាន​ល្អ​បន្ថែមទៀត​ ដោយសារ​វត្តនេះ​​នៅ​​តំបន់​ដាច់​ស្រយាល​ជិត​ព្រំដែន​កម្ពុជា-ឡាវ​។

សូម​រំលឹកថា ក្នុង​ពិធីបុណ្យ​ចូល​ព្រះវស្សា គេ​សង្កេតឃើញ​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ ដែល​គោរព ប្រតិបត្តិ ព្រះពុទ្ធសាសនា តែងតែ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ចូល​ព្រះវស្សា ដោយ​ការ​ដង្ហែ ទៀនវស្សា និង​យក ទេយ្យវត្ថុ​ផ្សេងៗ ទៅ ប្រគេន​ព្រះសង្ឃ នៅ​វត្ត​អារាម​នានា ដើម្បី ទទួលយក​កុសល​បុណ្យ​រៀងៗ​ខ្លួន​។

​គួរ​បញ្ជាក់ដែរថា ក្នុង​វិស័យ ព្រះពុទ្ធសាសនា បាន​កំណត់ថា ពិធី​ចូល ព្រះវស្សា បានចាប់ផ្តើម​ពីថ្ងៃ ១​រោច​ខែ អាសាឍ​ដល់​ថ្ងៃ ១៥​កើត ខែអស្សុជ ដែលមាន រយៈពេល​៣​ខែ ។​ការធ្វើ​បុណ្យ​ប្រគេន​ទៀន​ព្រះវស្សា​នេះ គឺ​សំដៅលើ​ការ​បំពេញ​កិច្ច​ឧបត្ថម្ភ ចំពោះ​ព្រះសង្ឃ​ដែល​បាន​គង់​ចាំ​ព្រះវស្សា អាស្រ័យ​ដោយ​រដូវ​នេះ ជា​រដូវភ្លៀង​ធ្លាក់​យ៉ាង​ជោគជាំ ធ្វើ​ឲ្យ​ភិក្ខុ​ក្នុង​ពុទ្ធ​មណ្ឌល ទីវ​ត្ត​អារាម​មានការ​លំបាក​ក្នុងការ​និមន្ត​ចុះឡើង ហេតុនេះ ទើប​ព្រះពុទ្ធ​ទ្រង់​បញ្ញត្តិ ឲ្យ​ភិក្ខុ​ចូល​ព្រះវស្សា ចាប់តាំងពី​ពេលនោះ រៀង​មកដល់​សព្វថ្ងៃនេះ ។

ក្នុងអំឡុងពេល​ចូល​វស្សា​នេះ ក្នុងអំឡុង​រយៈ​៣​ខែ​នេះ ប្រជាពលរដ្ឋ​ដែល​គោរព​ពុទ្ធសាសនា និយម​ធ្វើ​ចង្ហាន់ នំចំណី និង​គ្រឿង​ប្រើប្រាស់​ផ្សេងៗ មក​ប្រគេន​ជា​បន្តបន្ទាប់​សម្រាប់​ផ្គត់ផ្គង់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នេះ​ក្នុងអំឡុងពេល​នេះដែរ​៕

ចំណែក