ខេត្តព្រះវិហារ​ មាន​សក្ដានុពល​ក្នុង​ការ​ពង្រីក​ផលិតភាព​ផលិតកម្ម​ ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និង​ការនាំចេញ

23

ព្រះវិហារ ៖ អភិបាលខេត្ត​ព្រះវិហារ ​បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​មក​សិក្សា​ពី​លទ្ធភាព​ធ្វើការ​វិនិយោគ​លើ​វិស័យ​កសិកម្ម ក្នុង​ខេត្តព្រះវិហារ ​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ពង្រីក​ផលិតភាព​ផលិតកម្ម​ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និង​ការ នាំចេញ​។

ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ក្នុង​«​ទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង នឹង​ការធ្លាក់ចុះ​គុណភាព​ដី និង​គ្រោះរាំងស្ងួត ឆ្នាំ​២០២០» ប្រារព្ធ​ទៅ​នៅ​ភូមិ​កំពត ឃុំ​រហ័ស ស្រុក​រវៀង ខេត្តព្រះវិហារ ក្រោម​អធិបតីភាព​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។

​ឯកឧត្តម ប្រាក់ សុវណ្ណ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​លើកឡើង​ទៀត​ថា ក្រៅពី​ផលិតកម្ម​ស្បៀង ​ដែល​ខេត្ត​សម្រេច​បាន ​ខេត្តព្រះវិហារ ក៏​នៅ​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ និង​បេ​តិកភ័​ណ្ឌ​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ និង​ជា​ដួង​ព្រលឹង​ជាតិខ្មែរ ជាច្រើន​សម្រាប់​បម្រើ​ឲ្យ​អ្នក​ទេសចរណ៍​ជាតិ ​និង​អន្តរជាតិ ធ្វើដំណើរ​មក​ទស្សនា​កំសាន្ត ​ដែលជា​ប្រភព​ចំណូល​មិន​ចេះ​រីងស្ងួត ​ទាំង​សម្រាប់​គ្រួសារ​នៅ​មូលដ្ឋាន​ផ្ទាល់ និង​សេដ្ឋកិច្ចជាតិ​។

ឆ្លៀតឱកាស​នោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានធ្វើ​ចំណាប់អារម្មណ៍​អំពី​ការចូលរួម​យ៉ាងសកម្ម​ក្នុង​ការផលិត​ស្បៀង បង្កើន​បរិមាណ និង​គុណភាព ធានា​ឲ្យ​បាន​នូវ​ការផ្គត់ផ្គង់​ក្នុង​មូលដ្ឋាន​របស់​ខេត្ត តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ការ​បង្កើន​ផលិតភាព​ផលិតកម្ម​លើ​ផ្ទៃដី ដែល​មាន​ស្រាប់ ដោយ​គិតគូ​យកចិត្តទុកដាក់​ការពារ ថែរក្សា និង​បង្កើន​គុណភាព​ដី ឲ្យ​បាន​សមស្រប​តាម​ប្រភេទ​ដំណាំ និង​រដូវ​ដាំ​ដុះ ធ្វើយ៉ាងណា​សម្រប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​ការកើនឡើង​ជា​លំដាប់ ។

ក្នុងឱកាស​នោះដែរ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រំឭក​ជូន​ថា ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​រហោស្ថាន​ក​ម្ម ឬ​ការធ្លាក់ចុះ​គុណភាព​ដី ​តែងតែ​ប្រារព្ធ​ធ្វើជា​សាកល​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៩៥ ​រៀង​រហូតមក ​ក្នុង​គោលបំណង​បង្កើន​ចំណាប់អារម្មណ៍​របស់​មនុស្ស​ជាតិ​អំពី​មូលហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ធ្លាក់​ចុះ​គុណភាព​ដី និង​គ្រោះរាំងស្ងួត ​ព្រមទាំង​ផលវិបាក​ផ្សេងៗ ដែល​ជះឥទ្ធិពល​មក​លើ​ជីវិត​សត្វលោក​នៅលើ​ភពផែនដី ​និង​ជីវភាព​របស់​កសិករ​នៅ​តំបន់​ជនបទ ដែល​ពឹង​អាស្រ័យ​លើ​ការងារ​កសិកម្ម​។ ព្រឹត្តិការណ៍​នេះ ​បានផ្តល់​ឱកាស​ឱ្យ​យើង​រួមគ្នា​គិត និង​ដំណោះស្រាយ​បញ្ហា​នៃ​ការធ្លាក់ចុះ​គុណភាព​ដី ​ដើម្បី​ឈានឆ្ពោះ​ ទៅ​សម្រេចបាន​នូវ​សុខុមាលភាព និង​សុខភាព​របស់​ដី ដែល​ជា​ធនធាន​ដ៏​ចាំបាច់​មិនអាច​ខ្វះ​បាន​ក្នុង​វិស័យ​កសិកម្ម​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមទៀត​ថា​ ដី​គឺជា​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ មាន​ដី​ប្រកប ដោយ​គុណភាព ​ទើប​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​មាន​ចីរភាព ​និង​និរន្តរភាព ​ធានា​បាន​សន្តិសុខ​ស្បៀង ការ​កាត់បន្ថយ​ភាពក្រីក្រ ​ការកាត់បន្ថយ និង​ការ​បន្ស៊ាំ​ទៅនឹង​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ ការ​រក្សា​ធនធានទឹក និង​ថាមពល ការជំរុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​។

ក្នុង​ការចូលរួម​ពញ្ញាក់​ស្មារតី​ឲ្យ​ជនរួមជាតិ​ងាក​មក​ចាប់អារម្មណ៍​ និង​យកចិត្តទុកដាក់​ខ្ពស់​ទ្វេ​ឡើង​ថែមទៀត​លើ​ប្រធានបទ​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍ថា ៖ -​ការប្រើប្រាស់​ដី​កសិកម្ម និង​ទឹក​ក្នុង​ភាព​ទទួលខុសត្រូវ​ខ្ពស់ វៃឆ្លាត បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ -​វិធានការ​នានា ដើម្បី​កាត់បន្ថយ​ការបំផ្លាញ​គុណភាព​ដី ការប្រើប្រាស់​ដី​គ្មាន​និរន្តរភាព និង​ការបំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី – ចូលរួម​ទប់ស្កាត់​ការ​រិច​រិល ការធ្លាក់ចុះ​គុណភាព​ដី ការធ្វើ​កសិកម្ម​តាមបែប​ប្រពលវប្បកម្ម​ចម្រុះ ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​ដី​ឲ្យ​មាន​និរន្តរភាព ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ – ចូលរួម​ដាំ​ដើមឈើ​ ដាំ​ដំណាំ​ ​ដើម្បី​លើកកម្ពស់ និង​ថែរក្សា​គុណភាព​ដី​។​ល​៕

ចំណែក