សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រកាស​មិន​លើកលែង​លើ​មន្ត្រី​មូលដ្ឋាន​បើ​រក​ឃើញ​ភាព​មិនប្រក្រតី​រឿង​ប្រាក់​ឧបត្ថម្ភ ដល់ពលរដ្ឋក្រីក្រ​

30

ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ​បាន​ព្រមាន​ចាត់​វិធានការណ៍​ក្តៅ ​និង​មិន​លើកលែង​ឡើយ ​ប្រសិនបើ​រក​ឃើញ​ថា ​នៅ​ក្នុង​ភូមិ ​និង​ឃុំ​ សង្កាត់​មួយ​ណា​ មាន​​ភាព​មិន​ប្រក្រតី​​ កិបកេង​​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល ​ដល់​ជន​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ ១៩ ។

ការព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ ​ធ្វើឡើង​បន្ទាប់ពី​មាន​ព័ត៌មាន ​នៃ​អាជ្ញាធរ​ឃុំ ​សង្កាត់ ខ្លះ ​ឆ្លៀត​កេងប្រវ័ញ្ច​ថវិកា​នៃ​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩​ ដែល​រាជរដ្ឋាភិបាល​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃទី ២៤ ​ខែ មិថុ​នា កន្លងទៅ​។

​យោងតាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី ៣០ ខែមិថុនា នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ​ការងារ​នេះ គឺ​ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​អាជ្ញាធរ​មូលដ្ឋាន​ គឺ​មេភូមិ និង​ក្រុម​ប្រឹក្សាឃុំ សង្កាត់​ដែល​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ច្បាស់លាស់​និង​ហ្មត់ចត់​បំផុត​។ ​

សម្តេច​តេ​ជោ ​បាន​សង្កត់ធ្ងន់​បែបនេះ​ថា ​៖« ដូច្នេះ ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​តម្លាភាព ​និង​សុច្ចរិត​ភាព​ក្នុង​ការ​ផ្តល់សេវា​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ ខ្ញុំ​សូម​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ពិសេស​ចំពោះ​អ្នក​អនុវត្ត​ផ្ទាល់​នៅ​តាម​ឃុំ​សង្កាត់​ទាំងអស់​គឺ​ត្រូវផ្តោត​ការយក​ចិត្ត​ទុក​ដាក់​បំពេញការ​ងារ​នេះ​ ឲ្យ​បាន​ត្រឹមត្រូវ ​និង​ខ្ជាប់ខ្ជួន​បំផុត​ គឺ​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការ​ឃុបឃិត​គ្នា​ដាក់បញ្ចូល​សាច់ញាតិ​បងប្អូន​កូនក្មួយ​ខ្លួនឯង​ ដែល​មិន​មែន​ជា​គ្រួសារ​ក្រីក្រ​ នឹង​ងាយ​រងគ្រោះ​ពិតប្រាកដ​ដើម្បី​ទទួល​បាន​នូវ​ប្រាក់ឧបត្ថម្ភ​នេះ​»។

សូម​បញ្ជាក់ថា ​បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​ជា​ផ្លូវការ​នូវ​«​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩» ​ចាប់​តាំងពី​ថ្ងៃទី​២៤ ខែ មិថុនា ឆ្នាំ​២០២០​មកនេះ គឺ​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ជិត​៣០​ម៉ឺន​គ្រួសារ​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​ ពី​រាជរដ្ឋាភិបាល ​ហើយ​រាជរដ្ឋាភិបាល​នឹង​បន្ត​ផ្តល់​ជូន​ពួកគាត់​ជា​បន្តបន្ទាប់​ដោយ​តម្លាភាព និង​សុ​ក្រឹត្យ​បំផុត​៕

ចំណែក