អ្នកផ្ទុកមេរោគអេដស៍ចំនួន ១០០គ្រួសារនៅស្រុកសង្កែបន្តទទួលបានអំណោយមនុស្សធម៌ពីក្រុមការងារសាខាកាកបាទក្រហម
ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខានិងជាប្រធាន ក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ១០០គ្រួសារ រស់នៅឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានវិសមភាព»។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាបានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ បើទោះបីជា សម្តេច មិនបានអញ្ជើញមកដោយផ្ទាល់តែ សម្តេច តែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តមប្រធានបានលើកឡើងពីគំរូវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាស្ត្រីទី១នៃកម្ពុជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍នៅកម្ពុជា ជាពិសេសការអប់រំផ្សព្វផ្សាយសកម្មភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបង្ហាញពីភាពមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ការចូលរួមទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ល។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមក្នុងចរន្តជាតិតែមួយ ដើម្បីបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ហើយចំពោះក្មួយៗចៅៗជាយុវជនត្រូវខិតខំសិក្សារៀនសូត្រ កុំប្រព្រឹត្តផ្តេសផ្តាស់ក្នុងវ័យសិក្សា ជាពិសេសត្រូវធ្វើជាមិត្តអប់រំមិត្ត ជាគំរូល្អដល់អ្នកដទៃ និងសូមចូលរួមអនុវត្តទាំងអស់គ្នានូវផែនទីយុទ្ធសាស្ត្ររាជរដ្ឋាភិបាលទាំង០៦ចំណុចដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ និង «ការធ្វើឱ្យមានសមភាព»។
សូមបញ្ជាក់ថា អ្នកផ្ទុកមេរោគអេដស៍ទាំង ១០០គ្រួសារ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង រួមមាន ៖ -អង្ករ ២៥គីឡូក្រាម, មី០១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ឃីត (ភួយ សារុង ក្រមា)០១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕