ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​ស្តីទី​ស្រុក​គាស់ក្រឡ​ថ្មី ជំនួស​លោក​អភិបាលស្រុក​ចាស់​ដែល​ទើប​បញ្ចប់​មុខតំណែង

36

បាត់ដំបង ៖ ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​ស្តីទី​ស្រុក​គាស់ក្រឡ​ថ្មី ​ជំនួស​លោក​អភិបាលស្រុក​ចាស់​ដែល​ទើប​បញ្ចប់​មុខតំណែង​។

នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​នា​ថ្ងៃ​នេះដែរ ឯកឧត្តម ងួន រតនៈ ​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​លោក អភិបាលស្រុក​ថ្មី ​ធ្វើយ៉ាងណា​ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ​រវាង​ថ្នាក់លើ និង​ថ្នាក់ក្រោម ជាមួយ​បណ្តា​មន្ទីរ​ អង្គភាព ​ដៃគូរ​អភិវឌ្ឍ​ពាក់ព័ន្ធ​នានា និង​រដ្ឋបាល​ឃុំ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​។​ បន្ថែម​ពីនេះ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​កង្វល់ ​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ជាពិសេស​ករណី​ទំនាស់​ដីធ្លី ​ដោយ​ស្មារតី​យក​ចិត្តទុកដាក់​គិតគូរ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជាធំ​ដោយ​មិន​ត្រូវ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​បញ្ហា​ទំនាស់​ដីធ្លី​នោះទេ​។

គួរ​បញ្ជាក់ថា លោក ញឹក សា​រ៉ែ​ន អតីត​ប្រធាន​ផ្នែក​ច្បាប់ ​និង​ស៊ើបអង្កេត សាលាខេត្ត ត្រូវបាន​​តែងតាំង​ជា​អភិបាល​ស្តីទី ​នៃ​គណៈ​អភិបាលស្រុក​គាស់ក្រឡ ជំនួស​លោក ម៉ៅ សុ​ចាន់ ដែល​ទើប​បញ្ចប់​មុខតំណែង អោយ​ទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត​វិញ ​ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាស្រុក​គាស់ក្រឡ ​ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត ​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក ​អភិបាលរង​ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក ​មេឃុំ និង​ការិយាល័យ​នានា​ជុំវិញ​ស្រុក​ជាច្រើន​ផងដែរ​៕

ដោយ ៖ សាលី

ចំណែក