អាជ្ញាធរ​បាត់ដំបង​ ដុតបំផ្លាញ​ប្រហិត​ខូចគុណភាព​ចំនួន​ជាង ២​ពាន់​គីឡូក្រាម​

25

បាត់ដំបង ៖ ​ទំនិញ​ខូចគុណភាព​ (​ប្រហិត​)​ ចំនួន២៤៥០​គីឡូក្រាម ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ធ្វើ​ពិធី​ដុត​បំផ្លាញ​ចោល ​ក្រោយពី​មន្ត្រី​ជំនាញ​ ចុះ​ចាប់​យក​បាន​ពី​ឈ្មួញ​ទុច្ចរិត​លួច​នាំចូល​ពី​ទឹកដី​ប្រទេស​ថៃ​។

លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ចេង ឡេង ស្នងការរង​ទទួល​ផែន​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ​បានឲ្យ​ដឹងថា ​ដោយមាន​ការ​យកចិត្ត​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​គិតគូរ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ របស់​ឯកឧត្តម​ ងួន រតនៈ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ និង​តាម​ការ ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ​២០២០ នេះ​ កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ​បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ខេត្ត ចុះ​បង្ក្រាប ​និង​ដកហូត​បាន​ប្រហិត​ខូចគុណភាព​គ្រប់​ប្រភេទ​ចំនួន ​២,៤៥០​គីឡូក្រាម​ពី​ក្រុម​ឈ្មួញ​ដែល​បាន​លួច​នាំចូល​ពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។

លោក​ បន្តថា ក្រោយពី​បង្ក្រាប​ដកហូត​បាន​វត្ថុ​តាង​ប្រហិត​ខូចគុណភាព​ទាំង​អស់នោះ​ត្រូវបាន​អាជ្ញាធរ​ធ្វើ​ពិធី​ដុត​កំទេច​ចោល​នៅ​ទីលាន​ចាក់​សម្រាម​ ស្ថិតនៅ​ក្នុងភូមិ​ស្លា​កែ​ត ​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ក្រោម​ការចូលរួម​ពី​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារង​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចេង ឡេង ស្នងការរង លោក គឹម រំដោះ មន្ត្រី​កាំកុងត្រូល​ខេត្ត និង​សហការី ​លោក ផេង សិទ្ធី អភិបាលក្រុង រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​បាន​ចូលរួម​ផងដែរ​។

ជាមួយគ្នានេះ ​អាជ្ញាធរ​រដ្ឋបាល​សង្កាត់ ក៏ដូចជា​អាជ្ញាធរ​រដ្ឋបាល​ក្រុង ​ក៏បាន​ចូលរួម​សូម​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​សូម​មេត្តា​កុំ​ពិសារ​ អាហារ​ណា​ដែល​ខូចគុណភាព ​ព្រោះ​វា​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព​រ​បស់​បងប្អូន ​និង​ត្រូវ​រាយការណ៍​បន្ទាន់​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​អ្នក ​នៅ​ពេលណា​ដែល​ប្រទះឃើញ​មានការ​សង្ស័យ​ទៅលើ​មុខទំនិញ​ណាមួយ​ដែល​មាន​ការសង្ស័យថា​ ខូចគុណភាព និង​ហួស​សុពលភាព​ប្រើប្រាស់​៕

ចំណែក