ឯកឧត្តម គង់ សោ​ភ័ណ្ឌ ​ព្រមាន​បិទ​អាជីវកម្ម​ដឹក​ខ្សាច់ ដី ថ្ម គ្រួស ​ដែល​មិន​គោរព​តាម​សារាចរ​ណែនាំ​

37

កណ្ដាល ៖ ​ ឯកឧត្តម គង់ សោ​ភ័ណ្ឌ ព្រមាន​ដល់​ម្ចាស់​អាជីវកម្ម​រកស៊ី​ដឹកជញ្ជូន​ខ្សាច់ ដី ថ្ម គ្រួស​ណា​ដែល​មិន​គោរព​ទៅតាម​សារាចរ​ណែនាំ​របស់​ក្រសួង​ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ដែល​កន្លងទៅ​មន្ទីរ​ធ្លាប់​ចុះ​ណែនាំ​ជាច្រើនលើក​មក​ហើយ ​ជាពិសេស​ម្ចាស់​អាជីវកម្ម​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​ត្រឹមត្រូវ​ នឹង​ត្រូវ​បិទ​មិន​ឱ្យ​ធ្វើ​អាជីវកម្ម​បន្ត​នៅ​ដើម​សប្តាហ៍​ក្រោយនេះ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជីវករ​ធ្វើ​អាជីវកម្ម​ដេប៉ូ​ខ្សាច់​ ជីក​រណ្ដៅ​ដី ​ដឹកជញ្ជូន​ខ្សាច់​ ​ថ្ម​ក្រួស ​និង​អ្នក​លក់ដូរ​តាម​ចំណីផ្លូវ​ និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​តាខ្មៅ នៅ​រសៀល​ថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះ​ ឯកឧត្តម គង់ សោ​ភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល ថ្លែង​ថា ចំពោះ​ដេប៉ូ​ដែល​មិន​បាន​មក​ចូលរួម​ក្នុង​វេទិកាថ្ងៃនេះ​ ខេត្ត​នឹងធ្វើ​ការណែនាំ​ជា​វិធាន​រដ្ឋបាល​ ហើយ​ចំពោះ​ម្ចាស់​អាជីវកម្ម​ក៏ដូចជា​តំណាង​អាជីវកម្ម​ ដែល​បាន​មក​ចូលរួម​នាពេលនេះ​ ។ ឯកឧត្តម​ ក៏បាន​ក្រើនរំលឹក​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ ហើយ​បើ​មក​ជួបជុំ​នាពេលនេះ ​មិន​មាន​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទេ​ រាល់​ដេប៉ូ​ទាំងនោះ​ នឹង​បញ្ចប់​ ឈប់​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​បន្តទៀត​។

ជា​ការ​ឆ្លើយតប​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ដែល​តែងតែ​ត្អូញត្អែរ​អំពី​បញ្ហា​ឡាន​ដឹក​ខ្សាច់​ ដែល​បង្ក​ឲ្យ​មាន​ការ​រង​ផល​ប៉ះពាល់​ដល់​ពួកគាត់​ ក៏ដូចជា ​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​​ នឹង​ធ្វើអោយមាន​ការ​កកស្ទះ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ២១​នេះ​ផងដែរ​។ ពាក់ព័ន្ធ​ទៅនឹង​ការដឹកជញ្ជូន​ខ្សាច់ ដី ថ្ម គ្រួស​តាម​រថយន្ត​ម្ចាស់​យានយន្ត​ទាំងអស់​ត្រូវមាន​តង់​កៅស៊ូ​គ្រប់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ហើយ​ចំពោះ​រថយន្ត​ដឹក​ទាំងនោះ​មិនបាន​គោរព​ទៅតាម​ការណែនាំ​ទេ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ត្រូវ​សហការ​ដើម្បី​ចាប់​រថយន្ត​ទាំងនោះ​យកមក​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់​។

ពាក់ព័ន្ធ​ទៅ​នឹង​រថយន្ត​អាជីវកម្ម​ដឹក​ដី ដឹក​ខ្សាច់ ថ្ម គ្រួស​ផងដែរ​ ​ឯកឧត្តម គង់ សោ​ភ័ណ្ឌ ​​បាន​បញ្ជា​ឲ្យ​ពិនិត្យ​ទៅលើ​បច្ចេកទេស​ក៏ដូចជា ​រថយន្ត​ដែល​ខុស​លក្ខណៈ​បច្ចេកទេស​ត្រូវតែ​មាន​កា​រ​ចាប់​និង​មាន​វិធាន​ការណែនាំ​ចំពោះ​ជន​ទាំងនោះ ​ដែល​រថយន្ត​ទាំង​នោះ ​បាន​បំពាក់​ខុស​បច្ចេកទេស​ដែល​មាន​ដូចជា​បិទ​កញ្ចក់​ខ្មៅ ​កែ​ស៊ី​ផ្លេ​ខុស​បច្ចេកទេស​ ដែល​នាំ​ឲ្យ​មានការ​រំខាន​ដល់​ប្រជាពលរដ្ឋ រថយន្ត​គ្មាន​ស្លាក​លេខ​ និង​ស្លាក​លេខ​មិន​ត្រឹមត្រូវ​ និង​បំពាក់​ភ្លើង​ខុស​បច្ចេកទេស​៕

ចំណែក