សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​បាន​ចំនួន​៤,៥១០​ករណី ​ឃាត់ខ្លួន​ជន​សង្ស័យ ៨,៩២៧​នាក់ ក្នុងរយៈពេល​៥​ខែ​ឆ្នាំ​២០២០ ​​

34

ភ្នំពេញ ៖ ​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ បាន​ចំនួន​៤,៥១០​ករណី ​ឃាត់ខ្លួន​ជន​សង្ស័យ ៨,៩២៧​នាក់​ រឹបអូស​គ្រឿងញៀន​ បាន​ជាង​២០៩​គីឡូ​ក្រោម ​ក្នុង​​កា​រអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់ ​លើក​ទី​៥​ ​។

នេះ​បើ​តាម​​ឯកឧត្តម ​នាយ​ឧ​ត្ត​ម​សេនីយ៍​មាស វី​រិ​ទ្ធ ​អគ្គលេខាធិការ​នៃ​អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រ​យុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ក្នុង​ទិវា​អន្តរជាតិ​ប្រ​យុទ្ធប្រឆាំង​គ្រឿងញៀន ​ នៅ​ថ្ងៃទី​២៦ ខែមិថុនា​។

ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រ​យុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​ន​បាន​កំណត់ឡើង​ដោយ​មហាសន្និបាត​អង្គការ​សហ​ប្រជា​ជាតិ កាលពី​ឆ្នាំ​១៩៨៧ ​ត្រូវបាន​រៀបចំ​ឡើងជា​រៀង​រាល់ឆ្នាំ ​ក្រោម​ប្រធានបទ​ផ្សេងៗ​ដើម្បី​បន្ត​ពញ្ញាក់​ស្មារតី ​និង​ដាស់តឿន​ក្រើនរំលឹក​ដល់​ជន​គ្រប់រូប​អោយ​យកចិត្ត​ទុកជា​ប្រចាំ ​និង​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​ក្នុង​ការ​បង្ការ ​ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​គ្រឿងញៀន​។

សម្រាប់​ឆ្នាំ​២០២០​នេះ ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​ធ្វើឡើង​ក្រោម​ប្រធានបទ ការ​យល់ដឹង​ច្បាស់លាស់ នាំឱ្យ​ការថែទាំ​មាន​ប្រ​សិទ្ធភាព ក្នុង​បំណង​ក្រើនរំលឹក​បំផុស​ដាស់តឿន ឱ្យ​ជន​គ្រប់រូប​យល់ដឹង​ពី​ផល​ប៉ះពាល់ ​និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ខុសច្បាប់​។

​ក្នុង​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​ ស្ថិតនៅ​កោះពេជ្យ ​នៅ​ថ្ងៃទី​២៦ ខែមិថុនា​នេះ ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ កែ គឹមយ៉ាន​ ឧ​ប​នាយ​រដ្ឋមន្ត្រី ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រ​យុទ្ធប្រឆាំង​គ្រឿងញៀន​ ​មានប្រសាសន៍ថា ​ការបង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​ នៅ​ពេលនេះ គឺ​មាន​ថយចុះ ​ប៉ុន្តែ​ការ​ឃាត់​ជនល្មើស​មានការ​កើន​ឡើង​។​ការ​កើនឡើង​នេះ ​គឺ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ​បិទ​ព្រំដែន ​មិន​អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ ​និង​ការ​ផ្អាក​ក្លឹប​កំសាន្ត​ជាដើម​។

ដើម្បី​បង្កើន​ប្រ​សិទ្ធភាព​ការងារ​ប្រ​យុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ​ប្រ​យុទ្ធ​ប្រឆាំង​គ្រឿងញៀន រួមជាមួយ​ក្រសួង​ស្ថាប័ន ពាក់​ព័ន្ធ​បាន​ដាក់ចេញ​វិធាន​មួយចំនួន​ដូចជា ​៖

-​ការអប់រំ​ផ្សព្វផ្សាយ​ បង្ការ ទប់​ស្តា​ត់ ​និង​បដិសេធ​គ្រឿង​ញៀន​

-​ការព្យាបាល ​ស្តារនីតិសម្បទា ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បំណិន​ជីវិត​ ការធ្វើ​សមាហរណកម្ម ​និង​ចាក​ចេញពី​គ្រឿងញៀន​

-​ការ​ពង្រឹង​ប្រ​សិទ្ធភាព​ស្ថាប័ន​អនុវត្ត​ច្បាប់​

-​ការ​ត្រួតពិនិត្យ​សារធាតុ​ផ្សំ​គីមី​ផ្សំ​

-​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​

-​និង​ការ​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​ថ្នាក់ជាតិ ​និង​ថ្នាក់ក្រោម​ជាតិ​ជាដើម​៕

ចំណែក