ទើប​ឡើង​​​តួនាទី​ជា​មេឃុំ​រាប ​បាន​ជាង​២ខែសោះ​ ​លក់​ដី​ព្រែក​សាធារណៈ​ខ្ទេចខ្ទី​​​ ទៅ​ឲ្យ​​ឈ្មួញ​ជីក​យក​អាចម៍​លក់​ ​គ្មាន​ការ​ប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​ប្រឹក្សាឃុំ

693

ព្រៃវែង ៖ ​លោក ផន សុផល មេឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង រង​ការចោទប្រកាន់​ពី​ប្រជា​ពលរដ្ឋ និង​មន្ត្រី​ក្រុម​ប្រឹក្សាឃុំ​ថា ​បាន​លក់​ដី​ព្រែក​សាធារណៈ​ សម្បត្តិ​រដ្ឋ​ជាច្រើន​កន្លែង ​ទៅឲ្យ​​ឈ្មួញ​អ្នកមាន​លុយ​ ​ដាក់​គ្រឿងចក្រ​ទៅ​ជីក​កាយ​យក​អាចម៍​ដី​​លក់​ ​ដើម្បី​​ប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​។

ប្រភព​ដដែល​ បាន​លួច​បង្ហើប​ទៀត​ថា​ ព្រែក​ស្នាយ​ពល ​ស្ថិតនៅ​ក្នុងភូមិ​ពារាំង​ ឃុំ​រាប ​និង​ព្រែក​រំលេច​តូច ព្រែក​រំលេច​ធំ ​ចំណុច​ធ្លា​ដូង ស្ថិតក្នុង​ភូមិ​ពាម​អំពិល ​និង​ភូមិ​វៃ​វ៉េ​ត ឃុំ​រាប ​គឺ​សុទ្ធ​តែជា​ព្រែក​សាធារណៈសម្បត្តិ​រដ្ឋ ​សម្រាប់​រំដោះ​ទឹកជំនន់​នា​រដូវវស្សា ​ដែល​កើតមានឡើង​តាំងពី​ដូនតា​មក​ម្ល៉េះ​។​ប៉ុន្តែ​បន្ទាប់ពី​លោក ផន សុផល មេឃុំ​រាប​នេះ ទើប​មក​ឡើង​កាន់តំណែង​ បាន​ប្រហែល​តែ​ជាង​២​ខែ​សោះ ​ហ៊ាន​សម្រេច​អនុម័ត​ខ្លួនឯង​ស៊ីញ៉េ​លក់​ដី​ព្រែក​សម្បត្តិ​សាធារណៈរបស់រដ្ឋ​ទៅអោយ​ឈ្មួញ​ឯកជន​ជីក​កាយ​ដឹកជញ្ជូន​អាចម៍​ដី​លក់​ យក​លុយ​ដាក់​ហោប៉ៅ​ ដើម្បី​​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ត្រជាក់​ល្ហឹម​ ដោយ​មិន​មាន​ការ​បើក​កិច្ច ប្រជុំពិភាក្សា​គ្នា​ជាមួយ​ក្រុមប្រឹក្សាឃុំ ​និង​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​អោយបាន​ដឹងឮ​នោះ​ឡើយ​។

ប្រភព​ បន្តថា ​កាលពីមុន លោក ផន សុផល មេឃុំ​រាប​ ដក​តុងពី​ឈ្មួញ​ ក្នុង​១​ឡាន​១​ដុល្លារ ​តែ​ឥឡូវ​ខែ​មេឃ​ធ្លាក់​ភ្លៀង​ ប្តូរ​យក​ជា​ថ្ងៃវិញ ​ដោយ​ក្នុង​១​ថ្ងៃ​១០០​ដុល្លារ​ ។​តើ​លុយ​ទាំងនេះ​ លោក ផន សុផល មេឃុំ​យក​ទៅ​ខាង​ណា​ បើ​មិន​ឃើញ​មាន​កសាង​អភិវឌ្ឍន៍​មូលដ្ឋាន​សូម្បីតែ​បន្តិច​។

ប្រភព ​បានបញ្ជាក់​បន្ថែម​ថា​ ក្រោយ​លោក​មេឃុំ​ចាស់​មុន​គាត់​មាន​វ័យ​ចំណាស់​សុំលាលែង​ឈប់​ពី​តំណែង​ទៅ ​គឺ​លោក ផន សុផល ​បាន​មក​កាន់តំណែង​ជា​មេឃុំ​រាប ​ស្តីទី ភ្លាម ​ប្រជា​ពលរដ្ឋ​ជាច្រើន​បាននាំគ្នា​តវ៉ា​ នៅខាងមុខ​សាលាឃុំ​រាប ​និង​នាំគ្នា​ផ្តិត​មេដៃ​ដាក់​សំណើរ​សុំ​ដូរ​លោក​មេឃុំ​រូប​នេះ​ទៅ​ដល់​សាលាខេត្ត​ព្រៃវែង​ ដកចេញ​ពី​ការងារ​បក្ស​ឃុំ ​ម្តង​រួច​មកហើយ ​ដោយសារ​ ទី​១.​មេឃុំ​នេះ​មិន​ទទួល​ហត្ថលេខា​លើ​លិខិត​ទិញ​-​លក់​ដី​របស់​មេឃុំ​ចាស់​អាណត្តិ​មុន​។ ទី​២.​ហាមឃាត់​មិន​អោយ​ពលរដ្ឋ​ទៅ​អាស្រ័យ​ផល​លើ​ដី​ដែល​ពលរដ្ឋ​បង្កបង្កើន​ផលដំណាំ​ជាច្រើន​ឆ្នាំ​មក​ហើយ​។​ទី​៣.​លោក ផន សុផល ​មាន​លេស​ចង់​រឹបអូស​ដី​ពី​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផលដំណាំ​ស្រូវ​ពី​មុនមក ​ទុក​លក់​បន្ត​អោយ​ទៅ​ឈ្មួញ ​ក្រោម​លេស​ថា​ ជា​ដី​របស់រដ្ឋ​ ហើយ​បើ​ប្រជា​ពលរដ្ឋ​​ម្ចាស់​ដី​ណា​ចង់​ គាត់​ចុះហត្ថលេខា​ទទួលស្គាល់​លើ​ដី​របស់ខ្លួន ​លោក ផន សុផល ​បាន​កំណត់​អោយ​ពលរដ្ឋ​បង់លុយ​ចាប់ពី​១០០០ ​ដុល្លារ រហូតដល់​ទៅ​៥០០០​ដុល្លារ ​តាម​ទំហំដី​តិច ​ឬ​ច្រើន​។ ទី​៤.​រឿង​ដក​លោក​មេភូមិ​វៃ​ វ៉េ​ត​ ចេញពី​តំណែង​ដោយ​គ្រាន់តែ​ខឹង​លោក​មេភូមិ​មិន​ស៊ី​ញ៉េ​លក់​ដី​ព្រែក​រំលេច​ធំ ​អោយ​ទៅ​ឈ្មួញ​តាម​ខ្លួន​បញ្ជា​។​ស្រាប់តែ​បាន​ប្រហែល​១០​ថ្ងៃ​ ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​មានការ​ជ្រួលច្របល់ ព្រោះ​ពួកគាត់​ត្រូវការ​ធ្វើ​អ្វី​ផ្សេងៗ​វា​គ្មាន​មេភូមិ​ស៊ីញ៉េ​ឲ្យ​ ទើប​អាជ្ញាធរ​ស្រុក​អន្តរាគមន៍​សម្រួល​អោយ​លោក​មេភូមិ​ចាស់​ធ្វើ​ការងារ​បម្រើ​ពលរដ្ឋ​ដដែល​។ ទី​៥.​រឿង​ឈ្មួញ​កាយ​ជីក​ដី​ព្រែក​មាន​ជម្រៅ​ជ្រៅ បាក់​ច្រាំង​ប៉ះពាល់​ដល់​ដីស្រែ​ពលរដ្ឋ ​មេឃុំ​ផ្អឹប​សំណុំរឿង​ចោល​មិន​ដោះស្រាយ​។

ប្រភព ​បញ្ជាក់​បន្ថែមថា ​ចាប់តាំងពី​លោក ផន សុផល ​ឡើងជា​មេឃុំ​រាប​មក​ដី​បឹង ​ដី​ព្រែក​សាធារណៈរបស់រដ្ឋ​​​ត្រូវ​លោក​មេឃុំ​ថ្មី​នេះ ​ស៊ីញ៉េ​លក់​ខ្ទេចខ្ទី​អស់​គ្មាន​សល់​ឡើយ​។​ ជាក់ស្តែង​ដូចជា ព្រែក​ស្នាយ​ពល ព្រែក​រំលេច​តូច ព្រែក​រំលេច​ធំ ​ជាដើម​។​ បច្ចុប្បន្ន​កន្លែង​ជីក​កាយ​នៅ​ចំណុច​ព្រែក​រំលេច​តូច ​និង​ព្រែក​រំលេច​ធំ ​នា​រដូវវស្សា​នេះ​ ប្រជា​ពលរដ្ឋ​កំពុងតែ​មានការ​ព្រួយ​បារម្ភ​នូវ​បញ្ហា​ប្រឈម​គ្រោះ​បាក់​ដី​ខូចខាត​ដំណាំ​ស្រូវ​បន្ត​ទៀត​ផងដែរ​។

ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើ​ លោក ផន សុផល មេឃុំ​រាប ​បាន​ប្រាប់ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា ​រឿងនេះ​ មិន​ពិត​ទេ​ គឺជា​ការ​មួលបង្កាច់​បង្ខូច​ រូបលោក​សូម​ច្រានចោល​ទាំងស្រុង​៕

ការិយាល័យនិពន្ធ ៖ 096 49 39 998

ចំណែក