មាន​​អ្នក​​​អន្តរាគមន៍​​ចង់​ឲ្យ​ស្ត្រី​ម្នាក់​​ ដែល​តដៃ​ជាមួយ​សមត្ថកិច្ច​​​រួចខ្លួន​ ពី​សំណាញ់​ច្បាប់

431

ភ្នំពេញ ៖ ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ បាន​តដៃ និង​ក្របួច​កអាវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ​ ​​ពេល​​ចុះ​អនុវត្ត​​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ ពី​ព្រះរាជអាជ្ញា ​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ​លោក កែវ សុធា ពី​បទ​គំរាមកំហែង ​ជេរប្រមាថ​សាធារណៈ​តាម​ហ្វេ​ស​បុក ​នាពេល​កន្លង​ទៅ ត្រូវ​បាន​គេ​រាយការណ៍​មក​​ថា មាន​គេ​រត់ការ​ឲ្យ​ រួចខ្លួន ​ប៉ុន្តែ​ត្រូវបាន​នគរបាល​បដិសេធ​។

យោង​តាម​មន្ត្រីនគរបាល ​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ដែល​ជា​ស្ត្រី​នោះ​មានឈ្មោះ ​យឹម អេង ភេទ ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​ប្រតាយប្រតប់​ជាមួយ​នគរ​បាល ​ខណៈដែល​នគរបាល​ចុះ​ឃាត់ខ្លួន ​នៅ​ព្រឹក​ថ្ងៃទី​១៣​ ខែមិថុនា ឆ្នាំ​២០២០​ នេះ នៅ​ចំណុច​ផ្សារ​បាត់ដឹង​ឃុំ​ក្សេមក្សាន្ត ​ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​។

មិនទាន់​ទាំង​ចូលខ្លួន​តាម​ដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ​ឲ្យ​ចូលខ្លួន​ផង​នោះ​ ស្រាប់​តែ​ មាន​អ្នក​រត់​ការ​ទៅ​តុលាការ​ឲ្យ​​អន្តរាគមន៍ ទៅ​ក្រសួងមហាផ្ទៃ ​ដើម្បី​ស្នើសុំ​ឲ្យ​ស្ត្រី​រូប​ នេះ​រួច​ផុត​ពី​ទោស ​ដែល​ស្ត្រី​រូបនេះ​ បាន​ប្រព្រឹត្ត​នាពេល​កន្លងទៅ ​​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ​កន្លងទៅ​ថ្មីៗ​នេះ​ មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​របស់​ក្រសួង​មហាផ្ទៃ​ បាន​ចុះ​នាំខ្លួន​ស្ត្រី​ដែល​មាន​ឈ្មោះ​ខាងលើនេះ​ គឺ​បន្ទាប់ពី​មាន​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា ​នា​ថ្ងៃទី​១២​ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រោយពី​មាន ​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​ ឈ្មោះ​ ឡេង ម៉ូ​វ អាយុ​៦៥​ឆ្នាំ ​ជនជាតិខ្មែរ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​បាត់ដឹង​ឃុំ​ក្សេមក្សាន្ត ​ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ​។

យោង​តាម​ពាក្យបណ្តឹង​ បាន​បញ្ជាក់ថា ស្ត្រី​ដែល​ជា​ជនសង្ស័យ​រូបនេះ​បាន​ជេរប្រមាថ និង​គំរាម​កំហែង​ជា​សាធារណៈ​ដល់​ជនរងគ្រោះ​ដែល​ជា​មនុស្ស​ចាស់ ដោយសារតែ​ខ្លួន​អាង​មាន​លុយ​ ហើយ​ស្ត្រី​ម្នាក់នេះ​ ក៏​ជា​អ្នកមាន​រឿងអាស្រូវ​ជាច្រើន​ទាក់ទង​ នឹង​ករណី​ដីធ្លី​ផងដែរ​។

តាម​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ បាន​ប្តឹង​ដល់​ស្ត្រី​រូបនេះ ​ឲ្យ​មានការ​សូមទោស​ជា​សាធារណៈ ​ និង​ទាមទារ​សេវាកម្ម​ផ្លូវច្បាប់ ​ថ្លៃ​ទាមទារ​ខាតបង់​ពេលវេលា​ សំណង​ជំងឺ​ចិត្ត ​ការ​ប៉ះពាល់​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ​ សេចក្តី​ថ្លៃថ្នូរ និង​ការខូចខាត​ប្រយោជន៍​ផ្សេងៗ​ចំនួន​១លាន​ដុល្លារ​អាមេរិក​។

យ៉ាងណាក៏ដោយ​ការ​ចុះ​ឃាត់ខ្លួន​នេះ​ពុំបាន​សម្រេច​នោះទេ ​ដោយសារតែ​ស្ត្រី​រូបនេះ​អាងខ្នង ហើយ​មាន​បក្សពួក​ព័ទ្ធ​សមត្ថកិច្ច និង​ដក​សោ​ឡាន​របស់​សមត្ថកិច្ច ​ពេលដែល​សមត្ថកិច្ច​ចុះទៅ​ឃាត់​ខ្លួន​តាម​ដីកា​ របស់​តុលាការ​ ហើយ​មិនទាន់​ទាំង​បាន​ចូលខ្លួន​ផង​បែ​រ​ជា​ស្ត្រី​រូបនេះ ​​មាន​អ្នក​រត់ការ​ដើម្បី​ឲ្យ​រួចខ្លួន ​តែ​ទោះជា​យ៉ាង​នេះ​ក្តី ជនរងគ្រោះ ​និង​មន្ត្រីនគរបាល​មិន​អាច​យល់ព្រម​បាន​នោះទេ​ ខណៈដែល​ស្ត្រី​រូបនេះ​ មិនទាន់បាន​ចូលខ្លួន​ ទៅតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​ជន​រ​ង​គ្រោះ​ផង​នោះ​៕

ដោយ ៖ 068 59 4000

ចំណែក