ឈ្មួញ​​​​លួច​នាំ​ចូល​​មាន់​ខុសច្បាប់​ពី​ថៃ​ តាម​ច្រក​របៀង​ ខេត្តបន្ទាយមានជ័យ​រៀងរាល់ថ្ងៃ​ ,​​​មន្ត្រី​ជំនាញ​ឆ្លើយ​ថា «កិច្ច​ការ​ហ្នឹង​ដូច​វែកចក»​

37

ប៉ោយប៉ែត​​​​​ ៖ ​សេចក្ដីរាយការណ៍​ បាន​ឲ្យ​ដឹងថា ​​​ ជា​រៀងរាល់ថ្ងៃ​​ចាប់​ពី​ម៉ោង​៨​រហូត​ដល់​ម៉ោង​២​ទាប​ភ្លឺ​ ក្រុម​ឈ្មួញ​លួច​នាំចូល​មាន់ ​ខុសច្បាប់​ ពី​ប្រទេស​ថៃ ​​តាម​ច្រក​របៀង​ជាច្រើន​ ​​​ក្នុង​​ខេត្ត​​បន្ទាយ​មានជ័យ​ ​​មន្ត្រី​ជំនាញ​បសុ​ពេទ្យ ​​ឆ្លើយ​ថា «កិច្ច​ការ​ហ្នឹង​ដូច​វែកចក»​។

សេចក្ដីរាយការណ៍​ ​បានបន្ដថា ​​ឈ្មួញ​​​បាន​លួច​នាំ​ចូល​​​មាន់​​ខុស​ច្បាប់​ពីថៃ ​តាម​ច្រក​របៀង​ ដែល​នៅសងខាង នៃ​ច្រក​តំបន់​បឹងត្រកួន ​ច្រក​ម៉ាឡៃ​ និង​ច្រកអន្ដរជាតិ ​ប៉ោយប៉ែត​ ស្ថិត​តាម​បណ្ដោយ​ព្រំដែន​ ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត​ , អូរជ្រៅ និងថ្មពួក ​។ ប្រភព​ ដដែល​ បាន​បន្ដ​ទៀត​ថា ​​​​​​មន្ត្រី​ជំនាញ ​​និង​ស្ថាប័ន​​​​​សមត្ថកិច្ច​​ពាក់​ព័ន្ធ​​មួយ​ចំនួន​ គេ​មិន​​ដែល​​ឃើញ​មន្ត្រី​ទាំង​អស់​នោះ ​ចុះ​មក​ធ្វើការ​ទប់ស្កាត់​ ឫត្រួតពិនិត្យ​សុខភាព​​សត្វ​​ទាំងអស់​នេះ ​ម្តង​ណា​នោះ​ឡើយ​​ ​​ដោយ​សង្ស័យថា​ ត្រូវរ៉ូវ​​​គ្នា​ជាមួយ​​ឈ្មួញ​​​ជាប្រព័ន្ធ​​ ។

គួរ​បញ្ជាក់​ថា ​ពាក់ព័ន្ធការនាំចូលមាន់រស់ពីប្រទេសថៃ ​នេះដែរ​ កន្លងមក ​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ ​ធ្លាប់​ជូនដំណឹង​មិន​ឲ្យ​មានការ​នាំចូល​នោះទេ​ តែ​សកម្មភាព​នាំចូល​របស់​ក្រុម​ឈ្មួញ ​ឫ​មន្ត្រី​ជំនាញ​ មិន​បាន​អនុវត្ដ​តាម​នោះទេ ​​ដោយ​យើង​ឃើញ​ថា​ មាន់​រស់​ និង​សត្វពាហនៈផ្សេងទៀត ​​នាំ​ចូល​ពី​ប្រទេស​ថៃ​​ តាម​ច្រក​របៀង ​និង​តាម​ច្រក​​តំបន់​ហូរហែ ​​ជា​រៀងរាល់យប់-ថ្ងៃ ​ជា​ពិសេស​ត្រង់​ចំណុច​ភូមិ​​ជោគជ័យ ​រហូតដល់​​បឹង​ត្រកួនជាដើម។

ប្រភព​ព័ត៌មាន​ច្បាស់ការ​ ​បាន​បង្ហើប​មក​ថា  ​​​លោក ​ហ៊ុយ ​ទូច ​នាយការិយាបសុ​ពេទ្យ​ខេត្តបន្ទាយ​មានជ័យ​ មាន​ជំនាញ​គ្រប់គ្រង​ទៅ​លើ​ការ​នាំ​ចូល​សត្វបក្សី ​ឫ​ក៏​សត្វពាហនៈដ៏ទៃ​ទៀត​​ពី​ប្រទេសថៃ​ ក្នុង​ការ​ត្រួត​ពិនិត្យ​សុខភាព​ តែ​ការ​នាំ​ចូល​កន្លង​មក​នេះ​ ​ ពុំ​ដែល​មាន​ការ​ត្រួតពិនិត្យ​​នោះទេ ​​​​ធ្វើ​ឲ្យ​មតិ​មហា​ជន​ដាក់ការ​​សង្ស័យ​ថា ​ទទួល​​បាន​ផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ ​។ ប្រភព ​បាន​ឲ្យ​ដឹង​ទៀតថា ​ឈ្មួញ​នាំចូល​មាន់​រស់​ ​​តាម​ច្រក​តំបន់​ និង​ច្រក​របៀង​ ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ​ត្រូវ​​បង់លុយ ​​ក្នុង១ឡានតូច​ចាប់ពី​ ​​១០០ ០០០ រៀល ​ទៅ​២០០ ០០០ ​តាម​ប្រភេទ​នៃឡាន ​​គឺ​អាច​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​ ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។

ពាក់ព័ន្ធ​ព័ត៌​មាន​ ខាងលើនេះ ​លោក ​ហ៊ុយ ​ទូច ​នាយ​ការិយាល័យ​​បសុ​ពេទ្យ​ខេត្តបន្ទាយ​មានជ័យ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៨ ខែមិថុនា កន្លងមកថា ​​មន្ដ្រី​របស់​លោក ​កំពុង​តែ​ធ្វើ​ការ​ងារ​ហ្នឹង​ហើយ​ ​​​ ​បណ្ដាញយើង​​ទើប​​ចាប់​បាន​​ការ​នាំ​ចូល​មាន់​តាម​ច្រក​ម៉ាឡៃ ​​អញ្ចឹង​ទើប​ឈ្មួញ​រត់​មក​ច្រក​ខាង​បឹង​ត្រកួតវិញ «ដូចក្ដាមចាប់ដាក់​ចង្អេរ» ​ ហើយ​ត្រូវ​យល់​​មន្ដ្រី​ពេទ្យសត្វមានប៉ុន្មាននាក់ ? ​ចំណែក​ព្រំដែន​មាន​ប្រវែង ​១៥៣.៦ គីឡូម៉ែត្រ ​​ចំណែក​កិច្ចការ​លាភសក្ការៈ​​ពី​ឈ្មួញ​ មន្ត្រី​របស់​លោក ​គ្មាន​ជាប់​ពាក់ព័ន្ធ​ដូច​ការ​លើកឡើង​ដក ​បន្ទុក​សម្រាប់​រួចខ្លួន​នោះ​​ឡើយ​ ។ ​លោក ​ហ៊ុយ ​ទូច បាន​អះអាង​ទៀតថា ​តាម​បណ្ដោយ​ព្រំដែន​ពិតជា​ មាន​ការ​នាំ​ចូល​មាន់​ខុសច្បាប់ ​​​ហើយ​មាន​ក្រុម​ហ៊ុនខ្លះ «កន្ទេលធំ​បន្លំដេក​» ​​ឯកឧត្តម ​អភិបាលខេត្ត​បន្ទាយមានជ័យ ​ក៏​បាន​ជូន​ដំណឹង​ដល់​ច្រក​ ក៏​ដូច​អ្នក​ពាក់​ព័ន្ធ​ទាំង​ឲ្យ​មានការ​​ទប់ស្កាត់ ​​រឿង​ហ្នឹង ​​​តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ។

លោក​ បន្ដថា ​កិច្ច​ការ​ទាំង​អស់ហ្នឹង «ដូច​វែកចក​អញ្ចឹង» ពីព្រោះ​ច្រក​របៀង​ ខេត្តបន្ទាយមានជ័យ ​​មាន​ច្រើន​ណាស់​ បេសកម្ម​របស់​មន្ត្រី​ពេទ្យ​សត្វ​ ត្រូវ​ធ្វើ ​មាន​អ្វីខ្លះ​ បើ​សិន​អត់​មាន​ការ​ចូលរួម​ទាំង​អស់​គ្នា ​ធ្វើការ​ទប់ស្កាត់​ចាប់​យ៉ាង​មិច ​ក៏វា​មិន​អស់ដែរ​ ។

ប្រជា​ពលរដ្ឋក្នុង​ក្រុងប៉ោយប៉ែត​​​ មានការ​ព្រួយ​បារម្ភ​​​​យ៉ាងខ្លាំង​​​ចំពោះ​បញ្ហា​​សុខ​ភាព​របស់​ពួកគាត់ ​​ហើយ​ចុង​បញ្ចប់​ពួកគាត់​​​ បាន​ទទូច​​សុំ​ដល់​ថ្នាក់​ដឹកនាំ​​ និង​ក្រសួង​​ស្ថាប័ន​មន្ត្រី​ជំនាញ​​មេត្តា​ជួយ​ចាត់​វិធាន​ការ​​ទប់ស្កាត់​​​នូវ​បទល្មើស​​ទាំង​អស់​​នេះផង​ ​​ដើម្បី​ជួយសង្គ្រោះ​​ដល់​អាយុ​ជីវិត​​របស់​ពួកគាត់​​​​សម្រាប់​ទៅ​ថ្ងៃ​អនាគត​​ ៕

ដោយ ៖ 096 49 39 998

ចំណែក