អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​កោះហៅ​ប្រធាន​​ស្ដីទី​​បរិស្ថាន​ខេត្តព្រះវិហារ​​ ឲ្យ​ចូល​បំភ្លឺ​​​រឿង​​ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ​​ឲ្យ​ឈ្មួញ​ចូល​កាប់​បំផ្លិច​បំផ្លាញ​ព្រៃឡង់​ដោយ​សេរី

31

ព្រះវិហារ ៖ លោក សុង ច័ន្ទសុជាតិ​ ប្រធានស្ដីទី នៃមន្ទីរបរិស្ថាន​ខេត្តព្រះវិហារ ​​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះ​ហៅ​​ឲ្យ​ចូល​បំភ្លឺ​​ភាព​មិន​​ប្រក្រតី​ ​ការ​លើក​ឡើង​ករណី​លោក ​សោម រដ្ឋា ​មន្ដ្រី នៃ​មន្ទីរបរិស្ថាន​ ខេត្តព្រះវិហារ ​និង​សហគមន៍​ព្រៃឈើ ​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ឈើ​ខុសច្បាប់ ​និង​អ្នក​ឈូស​ឆាយ ​ដីព្រៃដោយខុសច្បាប់ ។

បើ​យោង​តាម​​ពាក្យបណ្ដឹង​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​ទទួល​បាន​​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ ​​បាន​​ជម្រាប​ជូន​ លោក សុង ច័ន្ទសុជាតិ​ ប្រធាន​​ស្ដីទីថា ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ទទួល​ និង​ពិនិត្យ​ពាក្យ​ប្ដឹង​ ដែល​បាន​លើក​ឡើង​ថា ឈ្មោះ ​សោម​ រដ្ឋា ​មន្ដ្រី​បរិស្ថាន​ ខេត្តព្រះវិហារ ​និង​សហគមន៍​ព្រៃឈើ​ បាន​ទារ​ប្រាក់​ពី​ឈ្មួញ​ដឹក​ឈើ​ព្រៃឡង់ ក្នុងមួយគោយន្ដ​ចាប់ពី​៨០.០០០រៀល ដល់១០០.០០០​រៀល ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​បាន​ជម្រាប​ជូន​បន្ដថា​ មន្ដ្រី​បរិស្ថាន​​ មានការ​ត្រូវរ៉ូវគ្នា​ជា​ប្រព័ន្ធ​ជាមួយ​ឈ្មួញ​ធំ​ម្នាក់​នៅភូមិពើក ​ហើយ​ប្រសិន​បើ​គោយន្ដ​មិនមែន​ជាអ្នក​លក់​ឈើ​ឲ្យឈ្មោះ ​ឡេង ​នោះទេ ​គឺមិន​ឲ្យដឹក​ចេញ​ពីភូមិពើក ​ទោះបី​ជា​គោយន្ដ​នោះ ​បានបង់ប្រាក់​ចេញពីព្រៃមកក៏ដោយ ​ក៏មន្ដ្រី​បរិស្ថាន​នៅតែ​ចាប់​ឲ្យ​បង់​ប្រាក់ម្ដងទៀតចំនួន១.០០០.០០០រៀល។

បើតាមប្រភព​ដដែល​ទទួល​បាន ឈ្មោះ ឡេង និងឈ្មោះ ឌី ​កំពុង​តែត្រូវរ៉ូវគ្នា​បើកដៃ​ឲ្យក្រុម​គោយន្ដ​ ចូល​កាប់​ឈើ​ទន្ទ្រាន​បំផ្លិចបំផ្លាញ​ព្រៃឡង់​ដោយសេរី ​ហើយ​គោយន្ដរបស់ពួកគេចូល​ទៅ​អារឈើក្នុងមួយថ្ងៃ​៣ជើង​ទៅ៥ជើង ​ដោយមាន​ឈ្មោះ​មេក្លោង​ឈ្មោះ ​ ឌី ឈ្មោះ រឿន​ ឈ្មោះ​ ម៉េត ​និងឈ្មោះ​ យាយ​លែន ជា​អ្នកដើរ​ប្រមូលទិញ​ពីអ្នកស្រុកដែល​បាន​ចុះទៅអារឈើក្នុងព្រៃ ​នៅជុំវិញភូមិទ្រា ​និង​ភូមិពើក ​ដោយ​សហការ​ជាមួយ​មន្ដ្រីបរិស្ថាន​ សហគមន៍ព្រៃឈើ​ និងមន្ដ្រីប៉ុស្ដិ៍នគរបាល​រដ្ឋបាល​។

ប្រភពដដែល​ បញ្ជាក់ទៀតថា​ ឈ្មោះ ឆាយ គឹមហូវ មានប្ដី​មុខងារ​ជាមេព្រៃ ​(ផ្នែករដ្ឋបាលព្រៃឈើ) មាន​ឡាន​សាំយ៉ុង ០២គ្រឿង ​និងឡាន​ធំកង់១០ ​ចំនួន​០២គ្រឿង ​កំពុង​តែ​ជួញ​ឈើនៅតំបន់​ព្រៃឡង់​នោះផងដែរ។ ពាក់ព័ន្ធ​បញ្ហា​ខាង​លើនេះ​ លោក សុង ​ច័ន្ទសុជាតិ ​ប្រធានស្ដីទី ​នៃមន្ទីរបរិស្ថាន​ខេត្ត​ព្រះវិហារ បាន​ឲ្យដឹង​​តាម​រយៈទូរស័ព្ទ​នៅថ្ងៃទី​១១ ខែមិថុនា​នេះ ​ថា ​លោក​ក៏​ទទួល​បាន​លិខិត​កោះ​អញ្ជើញ​របស់​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះដែរ ​ហើយ​រូប​លោក ​កំពុង​​​បើក​ការ​ស្រាវជ្រាវ ​ដើម្បី​រៀប​ចំឯកសារ ឆ្លើយ​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​​នៅ​ថ្ងៃខាងមុខ។

សូម​បញ្ជាក់​ថា​ លោក ​សោម រដ្ឋា ​មន្ដ្រី​បរិស្ថាន​ ខេត្តព្រះវិហារ​ តួនាទី​គ្រប់​គ្រង​ស្នាក់​ការ​​ពើក​ ល្បី​យូរហើយ ​រឿង​កាង​បទល្មើស​ឲ្យ ​​ត្រូវរ៉ូវ​ជាមួយ​​ឈ្មួញ​ នៅភូមិពើក ​ប្រសិន​បើ​គោយន្ដ​មិនមែន​ជា​អ្នក​លក់​ឈើ​ឲ្យឈ្មោះ ​ឡេង ​នោះទេ ​គឺមិន​ឲ្យដឹក​ចេញ​ពីភូមិពើក ​ទោះបី​ជា​គោយន្ដ​នោះ ​បាន​បង់ប្រាក់​ចេញពីព្រៃមកក៏ដោយ ​ក៏​មន្ដ្រី​បរិស្ថាន​នៅតែ​ចាប់​ឲ្យ​បង់​ប្រាក់ម្ដងទៀត៕

ដោយ ៖ 068 59 4000 , 015 410 999

ចំណែក