កូនកញ្ច្រែងវេលុយពីថៃ ប្តឹងមេសាខារបស់ខ្លួន ទៅស្នងការខេត្តបន្ទាយមានជ័យ រឿងបោកលុយជិត ៣លានបាត

388

បន្ទាយមានជ័យ ៖ ផ្ទុះរឿងជំនួញវេលុយពីថៃក្រៅប្រព័ន្ធធនាគារជាតិ ដោយកូនកញ្ច្រែងទទួលបើកលុយវេពីថៃ៩កន្លែង នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បានប្តឹងមេសាខារបស់ខ្លួន ទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ សុំអន្តរាគមន៍ជួយរកដំណោះស្រាយ រឿងមេបោកលុយជិត ៣លានបាត ។

តាមការប្តឹងសុំអន្តរាគមន៍ ជួយរកដំណោះស្រាយនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កោះហៅភាគីទាំងអស់ ចូលប្រជុំជជែកវែកញែក នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។

ដើមបណ្តឹងក្នុងរឿងរ៉ាវខាងលើ រួមមាន ៖ ១-ឈ្មោះ ដន សារឿង ភេទស្រី ជាកូនកញ្ច្រែងនៅភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ទឹកប្រាក់ចំនួន ១៧៣៦០០បាត (មួយសែនប្រាំពីម៉ឺនបីពាន់ប្រាំមួយរយ បាត) ២-ឈ្មោះ សេង រដ្ឋ ភេទស្រី ជាកូនកញ្ច្រែងនៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ទឹកប្រាក់ចំនួន១៩៨៤៥០បាត (មួយសែនប្រាំបួនម៉ឺនប្រាំបីពាន់បួនរយហាសិបបាត បាត) ៣-ឈ្មោះ សេង សុង ភេទប្រុស ជាកូនកញ្ច្រែងនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ទឹកប្រាក់ចំនួន ៥៣៥០៩០បាត (ប្រាំសែនបីម៉ឺនប្រាំពាន់កៅសិប បាត) ៤-ឈ្មោះ គង់ គឹមអាន ភេទស្រី ជាកូនកញ្ច្រែងនៅឃុំធិបត្តី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទឹកប្រាក់ចំនួន ៣២០០០បាត (បីម៉ឺនពីរពាន់ បាត) ៥-ឈ្មោះ ហៀវ សំអៀត ភេទប្រុស ជាកូនកញ្ច្រែងនៅភូមិឡ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទឹកប្រាក់ចំនួន ៣៤២៣៧៤បាត (បីសែនបួនម៉ឺនពីរពាន់បីរយចិតសិបបួន បាត) ៦-ឈ្មោះ ទិច អឺម៉ី ភេទស្រី ជាកូនកញ្ច្រែងនៅភូមិកណ្តាល ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទឹកប្រាក់ចំនួន ៣១៣២៥០បាត (បីសែនមួយម៉ឺនបីពាន់ពីររយហាសិប បាត) ៧-ឈ្មោះ ឈុន សុខចិន ភេទស្រី ជាកូនកញ្ច្រែងនៅភូមិទម្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទឹកប្រាក់ចំនួន ៣១២៤៦០បាត (បីសែនមួយម៉ឺនពីរពាន់បួនរយហុកសិប បាត) ៨-ឈ្មោះ សាត ពៅ ភេទស្រី ជាកូនកញ្ច្រែងនៅភូមិភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទឹកប្រាក់ចំនួន ៣៦៨៩៤៩បាត (បីសែនប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំបួនរយសែសិបប្រាំបួន បាត) ៩-ឈ្មោះ ចែរ៉ា ជាកូនកញ្ច្រែងនៅប្រទេសថៃ ទឹកប្រាក់ចំនួន ៥៥៥០០បាត (ប្រាំម៉ឺនប្រាំពាន់ប្រាំរយ បាត) បានប្តឹងឈ្មោះ មិត សៅរី ម្ចាស់ទីតាំងផ្ទេរប្រាក់ បូរី ១០៨ ស្ថិតនៅតាមបណ្តោយផ្លូវភ្លោះចាស់ ក្បែរស្ទុបបេនឡានក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទាមទាឲ្យបើកលុយជូនពួកគាត់គ្រប់ចំនួន ។

ឆ្លើយតប នឹងការប្តឹងទាមទាររបស់កូនកញ្ច្រែងខាងលើអ្នកស្រី មិត សៅរី ម្ចាស់ទីតាំងផ្ទេរប្រាក់ បូរី ១០៨ និងជាម្ចាស់សាខាទទួលវេលុយពីថៃមកខ្មែរ បានឲ្យដឹងថា អ្នកស្រីនឹងមិនគេចវេសពីការទទួលខុសត្រូវនេះទេ តែអ្នកស្រីសុំឲ្យកូនកញ្ច្រែងរបស់អ្នកស្រីទុកពេលវេលាឲ្យអ្នកស្រីដើម្បីរកប្រាក់មកសង ព្រោះអ្នកស្រីក៏កំពុងជួបទុក្ខដូចគ្នា ដោយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ អ្នកស្រីបានចូលទៅដកប្រាក់ ពីធនាគារថៃ ចំនួនជាង៣លានបាត ហើយក៏ត្រូវបានចោរប្លន់តាមផ្លូវយកអស់ទាំងប្រាក់ និងឯកសារលុយរបស់កូនកញ្ច្រែងទាំងអស់ ហើយអ្នកស្រីក៏មិនចាំថា កូនកញ្ច្រែងម្នាក់ៗ នឹងត្រូវបើកប្រាក់ប៉ុន្មានពីអ្នកស្រីនោះដែរ ដូច្នេះអ្នកស្រីសំណូមពរឲ្យកូនកញ្ច្រែង យកឯកសារវេរលុយច្បាប់ដើមមកទូទាត់ជាមួយអ្នកស្រី ។ មួយវិញទៀតពេលនេះ កុងធនាគាររបស់អ្នកស្រី កំពុងត្រូវបានធនាគារថៃបិត ដូចគ្នា ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចំពោះករណីខាងលើ នៅមានចំណុចសង្ស័យជាច្រើន ដូច្នេះជាបឋមលោកបានអនុញ្ញាតឲ្យគូរ ទំនាស់ទាំងសងខាងវិលត្រឡប់ទៅលំនៅដ្ឋានរៀងខ្លួនសិន ដើម្បីទុកពេលឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវរកការពិត ។ ក្នុងនោះលោកនឹងស្នើរទៅខាងភាគីថៃ ឲ្យជួយឆែកមើលថា តើនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ អ្នកស្រី មិត សៅរី បានទៅបើកលុយពីធនាគារថៃ មែន ឬអត់ ហើយធនាគារថៃពិតជាបានបិតគណនេយ្យរបស់អ្នកស្រី មិត សៅរី មែនដែរឬយ៉ាងណា ។ ហើយបើរឿងគ្រប់យ៉ាង មិនមែនជាការពិតនោះអ្នកស្រី មិត សៅរី ម្ចាស់ទីតាំងផ្ទេប្រាក់ បូរី ១០៨ នឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា ជំនួញវេលុយពីថៃកន្លងមក គឺធ្វើទៅតាមប្រព័ន្ធអាយកូមដែលអ្នកវេរលុយនៅខ្មែរនិងថៃ បានតម្លើងអង់តែនខ្ពស់ដើម្បីទាក់ទងគ្នា ក្នុងការទទួលវេលុយពីថៃមកខ្មែរ ជាពីសេស ការវេលុយរបស់កម្មករខ្មែរនៅថៃ មកឲ្យគ្រួសារនៅខ្មែរដែលក្រោយមក ក៏ត្រូវបានសមត្ថកិច្ចបានហាមឃាត់ មិនឲ្យមានការលើកប្រព័ន្ធវិទ្យុទាក់ទងពីក្រៅប្រទេស ។ ក្រុមអ្នករកស៊ីវេលុយពីថៃ បានដូរមកឲ្យអ្នកចង់វេលុយមកខ្មែរ ទៅដាក់លុយនៅធនាគារថៃណាមួយដែលអ្នកទទួលវេលុយរួមហៅថា មេសាខា មានគណនេយ្យធនាគារនៅទីនោះ ដើម្បីយូរៗម្តងមកបើកលុយពីធនាគារយកទៅចែក ឲ្យកូនកញ្ច្រែងនៅស្រុកក្រុងដែលជាអ្នកបើកលុយ ផ្ទាល់ឲ្យអ្នកទទួលពីការដាក់លុយពីថៃ ៕

ដោយ ៖ សេលី

ចំណែក