ផ្លូវ១ខ្សែរ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង ត្រូវបានបើកការដ្ឋានសាងសង់

36

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ចើញបើកការដ្ឋានសាងសង់ ផ្លូវ១ខ្សែរ ប្រវែង២២គីឡូម៉ែត្រ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បច្ចឹមស្ទៀល ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង ឯកឧត្តមឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន តំណាងក្រុមហ៊ុន បច្ចឹមស្ទៀល និងមានចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋសរុប១២០០នាក់ ។

លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន តំណាងក្រុមហ៊ុន បច្ចឹមស្ទៀល បានមានប្រសាសន៍ថា ផ្លូវ១ខ្សែរដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះ មានប្រវែង២២គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ តភ្ជាប់ពីភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទៅចំណុចបន្ទាយសាម ភូមិត្រាវជូ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណាយអស់ថវិកាជាង ៣លានដុល្លារអាមេរិក ។ ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម បានមានប្រសាសន៍ សូមអភ័យទោស ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុន តែការអភិវឌ្ឍនេះ គឺ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានផ្លូវប្រើប្រាស់ងាយស្រួល ហើយក្រៅពីផ្លូវទំហំ៣០ម៉ែត្រខាងលើ នៅមានប្រភេទផ្លូវ២០ម៉ែត្រជាច្រើនទៀត ដែលក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍបម្រាប់បងប្អូនប្រើប្រាស់ ជាបន្តបន្ទាប់ទៀត ។

ក្នុងពិធីនេះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នេះជាមោទនភាពមួយ របស់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង យើងដែលទទួលបាន ការអភិវឌ្ឍផ្លូវថ្មីមួយខ្សែរនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ធ្វើដំណើរតាមតម្រូវការរៀងៗខ្លួន និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន បច្ចឹមស្ទៀល ដែលបានរួមចំណែកក្នុងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រទេសជាតិកម្ពុជា ។ ជាមួយគ្នា ឯកឧត្តមក៏បាន ផ្តាំផ្ញើដល់អាជ្ញាធរ និងក្រុមការងារ បន្តជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងរងគ្រោះដោយឥទ្ធិពលនៃជំងឺកូវីត-១៩ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីត-១៩នេះ និង សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាអនាម័យជាប្រចាំ ដោយសម្អាងដៃជាមួយទឹកអាល់កុល ជែលអាល់កុល ឬសាប៊ូ និងត្រូវពាក់ម៉ាស់រាល់ពេលចេញក្រៅផ្ទះ ជាពិសេសរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ ជំងឺកូវីត-១៩ ។

ឆ្លើយតបនឹងការបើកការដ្ឋានសាងសង់ផ្លូវខាងលើប្រជាពលរដ្ឋ បានសាទរ និងសម្តែងក្តីសោមនស្សរីករាយក្រៃលែង ដែលក្រុមហ៊ុនបានគិតគូរ ដល់ប្រជាពលរដ្ឋ ហើយផ្លូវមួយខ្សែរនេះពិតជា បានបម្រើផលប្រយោជន៍ដល់ពួកគាត់ច្រើនណាស់ ទាំងការធ្វើដំណើរ និងដឹកកសិផលរបស់ពួកគាត់ ។

ចុងបញ្ចប់នៃកម្មវិធី ក៏មានការចែកអំណោយអនុស្សាវរីយ៍ ដល់ប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធី ចំនួន១២០០នាក់ផងដែរ ៕

ដោយ ៖ សេង លី

ចំណែក