បញ្ជូនជនសង្ស័យ១០នាក់ និងសារធាតុញៀនជាង១តោន ទៅសាលាដំបូងខេត្តព្រះសីហនុ
ព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យ ១០នាក់ និងសារធាតុញៀនជាង ១តោន ទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី។
ប្រភពព័ត៌មាន បានឱ្យដឹងថា ប្រតិបត្ដិការតាមចាប់ជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងសម្អាតប្រាក់ដែលជាផលបានមកពីបទល្មើស នៅឃ្លាំងជួលមួយកន្លែង នៅក្រុម៩ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង–ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ រហូតឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ២នាក់ និងជនជាតិចិនចំនួន ៨នាក់ និងសារធាតុញៀនសរុបចំនួន ១.១៣៣គីឡូ ៧៨៩,១១ក្រាម ព្រមទាំងសម្ភារមួយចំនួនផងដែរ។
សូមរម្លឹកផងដែរថា ករណីនេះ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានាជាច្រើនក្នុងស្រុកបវេល ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានថ្លែងពីប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះផងដែរ ដោយសមត្ថកិច្ចកម្ពុជាបានប្រទះឃើញកប៉ាល់មួយគ្រឿងនៅដែនសមុទ្រកម្ពុជា ពេលនោះ សមត្ថកិច្ចបានសាកសួរ តែគេបានប្រាប់ថា ជាកប៉ាល់ដឹកបារី ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ឆែកឆេរ រហូតមានការស្រាវជ្រាវ និងឃាត់កប៉ាល់នោះ ទើបគ្រឿងញៀនទាំងនេះនៅជាប់គាំង និងឃាត់មនុស្សជាបន្តបន្ទាប់។ បច្ចុប្បន្នកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបានបញ្ជូនជនសង្ស័យទាំង១០នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុហើយ៕